ពិធីការិនីដ៏មានឥទ្ធិពលរបស់បណ្ដាញទូរទស្សន៏ CTN អ្នកនាងយុគ ចិន្ដា បានក្លាយទៅជាអ្នកគ្រប់គ្រងទូទៅ (CEO) របស់ក្រុមហ៊ុនថ្មី TMS ដែលផ្ដោតលើការបង្ហាត់សិល្បៈមានគ្រប់ទម្រង់ ដូចជាតារាសម្ដែង ចម្រៀង បង្ហាញម៉ូដ ពិធីករ ជាដើម ដែលស្ថិតនៅក្រោមការត្រួតត្រារបស់ CBS ដែលមានទូរទស្សន៍ CTN CNC និងMyTV ។
នេះជាការងារថ្មីមួយទៀតសម្រាប់អ្នកនាងយុគ ចិន្ដា ព្រោះកន្លងមក គេឃើញអ្នកនាងបើកអាជីវកម្មហាងផ្ទាល់ខ្លួន ទាំងនៅក្នុងនិងក្រៅប្រទេស ដល់ទៅ៥ទៅ៦ឯណោះ ដែលកំពុងដំណើរការដោយជោគជ័យ។
ក្នុងជំនួបផ្ទាល់ជាមួយអ្នកនាងយុគ ចិន្ដា កាលពីល្ងាចថ្ងៃទី០១ ខែមីនា ពិធីការិនីដ៏ល្បីល្បាញរូបនេះបានឲ្យដឹងថា TMS គឺជាបណ្ដុំនៃសិល្បៈ ក្រោមការគ្រប់គ្រងរបស់ CBS ហើយរូបអ្នកនាងផ្ទាល់ជាអ្នកគ្រប់គ្រងទូទៅរបស់ TMS ដែលផ្ដោតលើការបណ្ដុះបណ្ដាលយុវវ័យកម្ពុជា ដែលមានបំណងចាប់អាជីពសិល្បៈដ៏ពិតប្រាកដ ព្រោះ TMS ជាអ្នកបង្ហាត់ពួកគេ ហើយផ្ដល់ការងារដល់សមាជិករបស់ខ្លួន។
យុគ ចិន្ដា បានប្រាប់ថា ”TMS ចាប់ផ្ដើមជ្រើសរើសប្អូនៗដែលស្រលាញ់វិស័យសិល្បៈចាប់ពីពេលនេះតទៅ ហើយយើងមានអ្នកជំនាញទាំងខ្មែរ និងបរទេស ដែលជាអ្នកបង្ហាត់ដល់ពួកគាត់ ព្រមទាំងមានកន្លែងស្នាក់នៅ និងកន្លែងបង្រៀនត្រឹមត្រូវផងដែរ។
ប៉ុន្តែយើងមិនមែនចេះតែថាអ្នកណាឲ្យតែស្រលាញ់សិល្បៈ គឺចេះតែទទួល គឺអត់ទេ យើងមើលលើសមត្ថភាពគាត់ដែរ ដូចជាអ្នកសម្ដែង តើគាត់មានរូបសម្បត្តិសមរម្យ និងមានទេពកោសល្យអត់ គឺយើងធ្វើតេស្ដពួកគាត់។ ចំណែកតារាចម្រៀងវិញ គាត់មានជំនាញចេះធ្វើ Original Songs និពន្ធទំនុកបទភ្លេងដោយខ្លួននោះ គាត់នឹងអាចក្លាយជាសមាជិករបស់ TMS ។ យើងរកអ្នកដែលមានសមត្ថភាពពិតប្រាកដ ព្រោះអីអ្នកដែលមានការចុះកុងត្រាជាមួយ TMS គឺពួកគាត់ទទួលបានប្រាក់ខែពីយើង ហើយគាត់ត្រូវ TMS ជាអ្នករកការងារឲ្យពួកគាត់ធ្វើ។ និយាយទៅ ខ្ញុំសិក្សារ២ឆ្នាំហើយ មុននឹងសម្រេចបើក TMS នេះ ព្រោះខ្ញុំឃើញថា កន្លងមក តារាខ្លះគាត់អត់សូវស្គាល់គេ ហាក់ដូចជាឯកា តែពេលនេះលែងអីចឹងទៀតហើយ គឺ TMS នឹងផ្ដល់ការងារឲ្យពួកគាត់”។
មហាជនរង់ចាំមើលថា ការដែលពិធីការិនីយុគ ចិន្ដា ធ្លាប់ជោគជ័យលើអាជីពសិល្បៈជាពិធីការិនីដ៏ល្បីល្បាញ ជាង១ទសវត្សន៍មកហើយ នឹងបានសម្រេចដូចបំណងជាមួយ TMS ដែរឬអត់? ខណៈដែលអ្នកនាងចិន្ដា ផ្ទាល់មានជំនឿចិត្តថា TMS នឹងក្លាយទៅជាទំនុកចិត្តដល់សិល្បករគ្រប់គ្នាជាមិនខាន៕