Saturday, October 19, 2024
Homeតារាខ្មែរថោន សង្ឃឹមកើបលុយរឿង "ទឹកចិត្តម្តាយសម័យថ្មី"

ថោន សង្ឃឹមកើបលុយរឿង “ទឹកចិត្តម្តាយសម័យថ្មី”

តារាល្បីៗជាច្រើននាក់របស់ផលិតកម្មថោន បានជួបជុំគ្នានៅផ្សារទំនើបAEON កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ ក្នុងពិធីសម្ពោធភាពយន្ដខ្នាតធំរបស់ផលិតកម្មថោន រឿង ”ទឹកចិត្តម្ដាយសម័យថ្មី” ដែលជាស្នាដៃអ្នកនិពន្ធនិងដឹកនាំល្បីឈ្មោះ អ្នកស្រីពាន់ ភួងបុប្ផា នោះ បង្កឲ្យអ្នកដើរកម្សាន្ដមានការភ្ញាក់ផ្អើលនិងចោមរោមមើលតារារបស់ថោន នោះ ឡើងពេញរោងកុន Major Cineplex តែម្តង។

ឯកឧត្តមខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញចូលរួមពិធីសម្ពោធរឿង “ទឹកចិត្តម្តាយសម័យថ្មី” របស់ផលិតកម្មថោន

ភាពយន្ដដែលឆ្លុះបញ្ចាំងពីទឹកចិត្តម្ដាយចំពោះកូនៗ ប្រាកដជានឹងធ្វើឲ្យទស្សនិកជនមិនអាចទប់ទឹកភ្នែកបានឡើយ ហើយរឹតតែពិសសេសនោះ គឺមានតារា៤ជំនាន់ បានចាប់ដៃគ្នាសម្ដែងភាពយន្ដដែលថោន មានក្ដីរំពឹងថា នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជននេះ នឹងចាប់ដាក់បញ្ចាំងចាប់ពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ នេះតទៅ នៅតាមរោងកុនទំនើបៗទាំងអស់ នៅរាជធានីភ្នំពេញ។

នៅក្នុងកម្មវិធីសម្ពោធរឿង ”ទឹកចិត្តម្ដាយសម័យថ្មី” នេះដែរ ក៏មានការអញ្ជើញចូលរួមពីរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តមខៀវ កាញារីទ្ធ និងលោកជំទាវផងដែរ។

អ្នកស្រីពាន់ ភួងបុប្ផា មានជំនឿចិត្តខ្ពស់ថា រឿងភាពយន្ដខ្នាតធំ រឿង ”ទឹកចិត្តម្ដាយសម័យថ្មី” នេះ នឹងមានការគាំទ្រច្រើនពីមហាជន ដោយសារតែសាច់រឿងទាំងមូលឆ្លុះបញ្ចាំងឲ្យឃើញពីសង្គមបច្ចុប្បន្ន ដែលយុវ័យឈ្លក់វង្វេងពីបច្ចេកវិទ្យា លែងសូវមានភាពស្និទ្ធស្នាលជាមួយក្រុមគ្រួសារ ហើយអ្នកខ្លះគាត់នឹងចាប់ផ្ដើមកែប្រែ ក្រោយពីទស្សនារឿងនេះរួច។

អ្នកស្រីបុប្ផា បញ្ជាក់ថា ”រឿង ”ទឹកចិត្តម្ដាយសម័យថ្មី” មានតារា៤ជំនាន់ប៉ះគ្នា ដូចជាសិល្បករល្បីជំនាន់ទី៦០ អ្នកស្រីឌី សាវ៉េត តារាសម្ដែងទសវត្សរ៏ទី៩០ អ្នកនាងអម្ពរ ទេវី និង លោកទេព រិនដារ៉ូ តារាសម្ដែងល្បីឈ្មោះក្នុងឆ្នាំ២០០០ អ្នកនាងស៊ឹម សូលិកា និងអ្នកនាងស្វែងសុជាតា និងតារាសម្ដែងល្បីនាពេលបច្ចុប្បន្ន អ្នកនាងសុខ សោម៉ាវត្តី កញ្ញាឌុច លីដា លោកយឹត មាសឧស្សាហ៍ និងតារាសម្ដែងជាច្រើនដួងទៀត ដែលបានចូលរួមសម្ដែងរឿងនេះ ព្រមទាំងមានអមដោយបទចម្រៀងតារាល្បី២ដួងរបស់ថោន គឺមាស សុខសោភា និងលោកខេម ផងដែរ។ អ្វីដែលពិសេសនោះដែរ គឺ ថោន បានបណ្ដាក់ទុនយ៉ាងច្រើន ជាមួយនិងឧបករណ៍បច្ចេកទេសមានគុណភាពខ្ពស់ ដែលខ្ញុំមានជំនឿចិត្តថា វានឹងក្លាយទៅជាភាពយន្ដស្ដង់ដារមួយ ហើយនឹងមានការគាំទ្រ និងចាប់អារម្មណ៍ច្រើនពីមហាជនខ្មែរ ជាមិនខាន”។

គេសង្កេតឃើញថា មានតារាល្បីរបស់ថោន បានលេចមុខនៅក្នុងកម្មវិធីសម្ពោធរឿង ”ទឹកចិត្តម្ដាយសម័យថ្មី” នោះដូចជា មាស សុខសោភា, អេនី ហ្សាម, ស៊ីរីកា, នីរ័ត្ន,  លី អ៊ីវ៉ាធីណា, ជេន សាយចៃ, ករុណា ពេជ្រ, សុគន្ធ ថេរ៉ាយុ, កែវ វាសនា, ណារិន ពេជ្រថាណា ស្រីស្អាតរ៉ាប៊ី និងតារាចំណូលថ្មីរបស់ថោន គឺយក់ ថិតរដ្ឋា​ និងឈិត​ សុវណ្ណបញ្ញា ជាដើម។ ប៉ុន្ដែកម្មវិធីនេះមិនមានការចូលរួមពីអតីតតារាសម្ដែងអ្នកនាងអម្ពរ ទេវី ដែលផ្អាកសិល្បៈជាង១០ឆ្នាំហើយ ទើបតែវិលត្រឡប់មកសម្ដែងវិញក្នុងរឿងនេះ មកចូលរួមឡើយ។

អ្នកស្រីពាន់ ភួងបុប្ផា ប្រាប់ថា ”ខ្ញុំទើបតែមកពីអាមេរិក ថ្មីៗហ្នឹងដែរ ហើយបានជួបគាត់ (អម្ពរ ទេវី) ដែរ តែគាត់ថា មិនបានមកចូលរួមទេ ព្រោះគាត់រវល់ការងារច្រើនពេកនៅអាមេរិក ហ្នុង”៕

 

 

RELATED ARTICLES