ភ្នំពេញ ៖ រថយន្ត ១គ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតឡើងសួនផ្លូវ ជ្រុលទៅបុកបង្គោលស្លាកប៉ាណូផ្សាយពាណិជ្ជកម្ម បណ្តាលឱ្យបាក់ ចំណែករថយន្តក្រឡាប់ជាច្រើនត្រឡប់ រងការខូចខាតធ្ងន់ សំណាងល្អមិនបង្កឱ្យគ្រោះថ្នាក់ធ្ងន់ដល់មនុស្ស។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៥៥នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្ត ១គ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BZ-8079 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦អា ទិស ដៅពីជើង ទៅត្បូង ក្នុងល្បឿនលឿន លុះមកចំណុចផ្លូវកោង បានជ្រុលឡើងខឿនសួនច្បារពុះចែកផ្លូវ រួចបន្តទៅបុកបង្គោលស្លាកប៉ាណូផ្សាយពាណិជ្ជកម្ម ចំនួន ១ដើម បាក់រាបដល់ដី។ ចំណែករថយន្តក្រឡាប់មួយជុំ រងការខូចខាត ហើយភ្លាមនោះតៃកុងរថយន្ត បានលូនចេញពីក្នុងកាប៊ីន មកក្រៅ ដោយសុវត្ថិភាព មិនគ្រោះថ្នាក់នោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង រួចស្ទូចយកថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្ត ចូលខ្លួនធ្វើការដោះស្រាយ នៅពេលក្រោយ៕



