តារាសម្ដែងនិងជាពីធីការិនីល្បីឈ្មោះ របស់បាយ័ន អ្នកនាងស៊ឹម សូលិកា ដែលបានផ្អាកថតសម្ដែងភាពយន្ដ និង MV ខារ៉ាអូខេ ជាច្រើនឆ្នាំមកហើយនោះ បានសម្រេចចិត្តវិលត្រឡប់មករកអាជីពចាស់វិញ តាមរយៈភាពយន្ដខ្នាតធំរបស់ផលិតកម្មថោន រឿង ”ទឹកចិត្តម្ដាយសម័យថ្មី” ដែលជាស្នាដៃនិពន្ធនិងដឹកនាំដោយអ្នកស្រីពាន់ ភួងបុប្ផា ហើយបានធ្វើពិធីសម្ពោធកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ នៅផ្សារទំនើប AEON Mall។
ស៊ឹម សូលិកា បានសម្ដែងធ្វើជាតួជំទាវក្នុងភាពយន្ដនេះ ដោយប៉ះជាមួយអតីតតារាសម្ដែងល្បីឈ្មោះ អ្នកនាងអម្ពរ ទេវី អ្នកស្រីឌី សាវ៉េត និងស្វែងសុជាតា ផងដែរ ហើយក្នុងភាពយន្ដនេះ សូលិកា សម្ដែងបានល្អជាម្ដាយរបស់តារាសម្ដែងប្រុស Edwin។
តាមប្រភពថា ក្រោយពីសូលិកា បានថតរឿងថ្មីនេះមក ក៏មានបណ្ដាផលិតករមួយចំនួនបានទាក់ទងហៅអ្នកនាងថតភាពយន្ដជាថ្មីឡើងវិញ ដែលក្នុងនោះក៏មានផលិតកម្មរស្មីហង្សមាស ផងដែរ ដែលកន្លងមកធ្លាប់ផ្ដល់បទចម្រៀងល្បីៗឲ្យនាងថត រហូតមានឈ្មោះនោះ ពេលនេះហង្សមាស ត្រៀមធ្វើភាពយន្ដថ្មីក៏បានព្យាយាមហៅសូលិកា ឲ្យថតជាថ្មីវិញដែរ។ តែតាមប្រភពថា សូលិកា ហាក់មិនចង់ថតរឿងថ្មីទៀតទេ គឺនាងចង់តែផ្ដោតលើអាជីពជាពិធីការិនីនៅបាយ័ន តែមួយប៉ុណ្ណោះ ទើបធ្វើឲ្យហង្សមាស ខកចិត្ត។
ក្នុងជំនួបផ្ទាល់ជាមួយស៊ឹម សូលិកា ពិធីការិនីបាយ័នរូបនេះថា ពិតជាមានផលិតកម្មមួយចំនួនបានទាក់ទងមែន តាំងពីនាងថតរឿង ”ទឹកចិត្តម្ដាយសម័យថ្មីនេះ” មក តែនាងប្រហែលជាមិនអាចថតរឿងថ្មីទៀតបានទេ។
សូលិកា បានប្រាប់ថា ”ផលិតកម្មមួយចំនួនគាត់បានទាក់ទងខ្ញុំហៅឲ្យថតរឿងថ្មី ក្នុងនោះ មានទាំងផលិតកម្មហង្សមាស ផងដែរ តែខ្ញុំមិនទាន់ទទួលទេ ព្រោះតែខ្លាចគ្មានពេលវេលាឲ្យគេ។ ហើយរឿង ”ទឹកចិត្តម្ដាយសម័យថ្មី” នេះ មិនមែនជារឿងចុងក្រោយរបស់ខ្ញុំទេ តែខ្ញុំក៏មិនទាន់ទទួលថតរឿងថ្មីទៀតដែរ ដោយសារខ្ញុំជាប់រវល់ការងារពិធីការិនីច្រើននៅបាយ័ន អីចឹង បានជាខ្ញុំមិនហ៊ានទទួលថតរឿងថ្មីហ្នឹង បើទោះជាបាយ័ន មិនបានហាមឃាត់ខ្ញុំក្ដី។ និយាយទៅដូចផលិកម្មហង្សមាស អីចឹង ខ្ញុំមិនដែលភ្លេចគុណគាត់ទេ ព្រោះខ្ញុំល្បីដែល ពេលនេះក៏ដោយសារតែគាត់ធ្លាប់ឲ្យថតបទល្បីៗ និងរឿង ”នេសាទក្រពើ” ជាដើម តែដល់ពេលឥឡូវពេលគាត់ធ្វើភាពយន្ដ បែរជាខ្ញុំមិនអាចថតបាន គឺដោយសារតែរវល់ខាងពិធីការិនីហ្នឹងតែម្ដង តែខ្ញុំមិនមែនថា បញ្ចប់អាជីពសម្ដែងត្រឹមហ្នឹងទេ គឺនៅមើលលើពេលវេលាសិន”៕