Saturday, June 7, 2025
Homeព័ត៌មានជាតិសម្ដេចហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក

សម្ដេចហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចហ៊ុន សែន  ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះ បាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ  នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)» នៅបរិវេណពហុកីឡដ្ឋានជាតិ មរតកតេជោ រាជធានីភ្នំពេញ។

ការរៀបចំទិវាបរិស្ថាននេះ មានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងសា ធារណជនទាំងអស់ ឱ្យចូលរួមយ៉ាងផុសផុលក្នុងកិច្ចគាំពារបរិស្ថាន ដែលរួមបញ្ចូលទាំងគុណភាពខ្យល់ ទឹក សំឡេង និងការគ្រប់គ្រងសំរាម ប្លាស្ទិក ដើម្បីរួមគ្នាការពារភពផែនដី ឱ្យមានភាពស្អាត បៃតង និងចីរភាព ដែលជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់សង្គម និងមនុស្សជាតិគ្រប់ជំនាន់។

បើតាមលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ការប្រារព្ធព្រះរាជពិធី «ទិវាបរិ ស្ថានជាតិ និងបរិស្ថានពិភពលោក» ៥ មិថុនា ឆ្នាំ២០២៥ ជាការបង្ហាញពីស្មារតីសាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការដ៏រឹងមាំ ក្នុងការអនុវត្តសកម្មភាពការពារបរិស្ថាន ឱ្យកាន់តែមានសុក្រឹតភាព ស៊ីសង្វាក់ សំដៅសម្រេចឱ្យបាននូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាមួយនឹងការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី។

ទិវាបរិស្ថានពិភពលោក ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៧២ ក្នុងឱកាសសន្និសីទស្តីពីបរិស្ថានមនុស្ស នៅទីក្រុងស្តុកខូម ប្រទេសស៊ុយអែត ដោយបានកំណត់យកថ្ងៃទី៥ ខែមិថុនា ជាថ្ងៃប្រារព្ធពិធី។ ប្រទេសកម្ពុជា បានចូលរួមប្រារព្ធទិវាបរិស្ថានពិភពលោក តាំងពីឆ្នាំ១៩៩៣ និងប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក បញ្ចូលគ្នា ជារៀងរាល់ឆ្នាំ។ ទិវាបរិស្ថានជាតិ ត្រូវបានចារឹកក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សព្វថ្ងៃនេះ ប្លាស្ទិក បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង។ បច្ចុប្បន្ន ផលិតផលប្លាស្ទិក ជាង ៤០០ លានតោន ត្រូវបានផលិត ក្នុងមួយឆ្នាំៗ ប៉ុន្តែមានប្រមាណ ១២% ត្រូវបានដុតបំផ្លាញ ហើយប្រមាណ ៩% ប៉ុណ្ណោះ ត្រូវបានធ្វើការកែច្នៃឡើងវិញ។ ចំណែកដែលនៅសល់ គឺត្រូវបានបោះចោលនៅទីលានចាក់សំរាម ឬបញ្ចេញទៅក្នុងបរិស្ថាន រួមទាំងមហាសមុទ្រផងដែរ។

ប្រសិនបើគ្មានវិធានការប្រកបដោយនិរន្តរភាពនោះទេ មានការព្រួយបារម្ភថា បរិមាណសំណល់ប្លាស្ទិក ដែលហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងទឹក នឹងកើនឡើងជិតបីដងប្រមាណពី ១១លានតោន ក្នុងឆ្នាំ២០១៦ ដល់ប្រមាណ ២៩លានតោន ក្នុងឆ្នាំ២០៤០។ មិនតែប៉ុណ្ណោះ អ្វីដែលគួរឱ្យបារម្ភបំផុតនោះ គឺប្លាស្ទិក បានបំបែកខ្លួន ក្លាយជាបំណែកតូចៗ ហៅថា មីក្រូប្លាស្ទិក និងណាណូប្លាស្ទិក កំពុងបំពុលខ្សែចង្វាក់អាហារ និងបង្កគ្រោះថ្នាក់ដល់ភាវៈមានជីវិត ទាំងនៅក្នុងទឹក និងលើគោក។ មីក្រូប្លាស្ទិក ត្រូវបានរកឃើញនៅក្នុងសរសៃឈាមអាកទែរសួត និងខួរក្បាលរបស់មនុស្ស និងសូម្បីតែនៅក្នុងទឹកដោះម្ដាយ៕ ខៀវទុំ

RELATED ARTICLES