Sunday, June 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដោះលែងអ្នកកាសែត ផលិតវីដេអូធ្វើឱ្យខូចទឹកចិត្តកងទ័ព

ដោះលែងអ្នកកាសែត ផលិតវីដេអូធ្វើឱ្យខូចទឹកចិត្តកងទ័ព

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២៥ បានសម្រេចអនុ ញ្ញាតឱ្យអ្នកកាសែត ហង្ស សំណាង និងបក្ខពួក២នាក់ នៅក្រៅឃុំ ក្រោយពីជាប់ពន្ធនាគារ បាន២ថ្ងៃ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ចៅក្រមស៊ើបសួរ បានចេញដីកាឃុំខ្លួនជនត្រូវចោទ ១-ឈ្មោះ ហង្ស សំណាង ភេទប្រុស អាយុ៤២ ឆ្នាំ ២-ឈ្មោះកុញ វាសនា ហៅស្នា ភេទប្រុស អាយុ៣៥ឆ្នាំ និង៣-ឈ្មោះរស់ អែវ ភេទប្រុស អាយុ៦៣ឆ្នាំ ពីបទ ១-ញុះញង់ឱ្យមានការរើសអើង។ ២-ធ្វើឱ្យខូចទឹកចិត្ត កងទ័ព និង៣-ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនឹងយោធា។ តាមមាត្រា៤៩៤ មាត្រា៤៩៦ មាត្រា ៤៧២ និងមាត្រា ៦១៦ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានបញ្ជូនលោកហង្ស សំណាង ដែលគេស្គាល់ថា ជាអ្នកសារព័ត៌មានអនឡាញ នៅខេត្តស្វាយរៀង និងបក្ខពួក ២នាក់ ទៅតុលាការ ពាក់ពន្ធករណីផលិតវីដេអូក្លែងឯកសណ្ឋានកងទ័ព ដែលសំណុំរឿងនេះតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរ។

ជនសង្ស័យទាំង៣នាក់ រួមមាន ទី១-ឈ្មោះហង្ស សំណាង អ្នកសារព័ត៌មាន (ជាអ្នកផ្តើមគំនិត)។ ទី២-ឈ្មោះរស់ អៀវ ភេទប្រុស អាយុប្រហែល៦០ឆ្នាំ នៅភូមិកណ្តាល ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង និងទី៣-ឈ្មោះកុញ វាស្នា ភេទប្រុស អាយុប្រហែល៣០ឆ្នាំ រស់នៅ ភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ អ្នកទាំងពីរនេះ មិនមែនជាកងទ័ព ឬជាអតីតយុទ្ធជនទេ ប៉ុន្តែត្រូវបានចូលរួមផលិតវីដេអូ ជាមួយ ហង្ស សំណាង។

គួរបញ្ជាក់ថា ក្រោយមានព្រឹត្តិការណ៍ផ្ទុះអាវុធនៅព្រំដែនតំបន់មុំបី ខេត្តព្រះវិហារ ដោយកងទ័ពថៃ ចូលមកឈ្លានពាន បាញ់កងទ័ពកម្ពុជា បណ្តាលឱ្យបាត់បង់អាយុជីវិតយុទ្ធជនម្នាក់ កាលពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រួចមក ស្រាប់តែនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោកហង្ស សំណាង និងបក្ខពួក ២នាក់ បានផលិតវីដេអូ ដោយមានមនុស្ស ២នាក់ ម្នាក់ចាស់ និងម្នាក់ក្មេង ស្លៀកពាក់ឯកសណ្ឋានក្លែងក្លាយជាកងទ័ព បានទៅធ្វើបទសម្ភាសន៍នៅព្រៃឫស្សី មួយកន្លែង ក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ទាក់ ទិននឹងសភាពការណ៍ជម្លោះព្រំដែន ដែលប្រាសចាកពីការពិតជាក់ស្តែង ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម។

ក្រោយពេលបង្ហោះវីដេអូខាងលើភ្លាម មានមហាជនជាច្រើន បានផ្ទុះការរិះគន់យ៉ាងខ្លាំង និងធ្វើឱ្យលោកហង្ស សំណាង បានចេញឃ្លីបវីដេអូមួយ ធ្វើការសុំទោសជាសាធារណៈ និងទទូចសុំការសន្តោសប្រណីពីប្រមុខរាជ រដ្ឋាភិបាល ចំពោះកំហុសឆ្គងរបស់ខ្លួន ដោយអះអាងថា ខ្លួនជាមនុស្សខ្វះចំណេះដឹងជ្រៅជ្រះ។

ក្រោយលោកហង្ស សំណាង បានបង្ហោះឃ្លីបវីដេអូសុំទោសជាសាធារណៈ រួចមក នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ សមត្តកិច្ចស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនលោកហង្ស សំណាង និងបក្ខពួក ២នាក់ខាងលើ ពីបទផលិតវីដេអូក្លែងឯកសណ្ឋានកងទ័ព ដែលធ្វើឱ្យកងទ័ពបាក់ទឹកចិត្ត រួចបញ្ជូនមកសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី និងឈានដល់ការឃុំខ្លួនដាក់ពន្ធនាគារ។ លុះក្រោយពីឃុំខ្លួនបាន ២ថ្ងៃ តុលាការ បានសម្រេចដោះលែងអ្នកទាំង៣ ឱ្យនៅក្រៅឃុំវិញ៕

RELATED ARTICLES