ខេត្តព្រះសីហនុ ៖ មនុស្ស ២ក្រុម បានកើតមានជម្លោះហិង្សា ទាញកាំបិតប៉័ងតោ កាប់គ្នា នៅមុខហាងខារ៉ាអូខេ មួយកន្លែង ទីបំផុតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំនួន ៥នាក់ ។

តាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កម្លាំងការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅត្រួតពិនិត្យនិងស្រាវជ្រាវករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើងនៅមុខខារ៉ាអូខេ “៣៣៣ចាស់” ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ក្នុងហេតុការណ៍នេះ មានជនជាតិខ្មែរ ចំនួន ០២ក្រុម បានប្រព្រឹត្តសកម្មភាពវាយនិងកាប់គ្នាទៅវិញទៅមក ដោយប្រើកាំបិតបុ័ងតោ បណ្តាលឱ្យមានបុរសម្នាក់ រងរបួសធ្ងន់ត្រង់ក្បាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ដេរចំនួន ៣ថ្នេរ ជម្រៅ ០.៥សម, ប្រវែង ៣.៥សម) ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនគរបាល បានធ្វើស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយនៅវេលាម៉ោង ១៧និង៤០នាទី ថ្ងៃដដែល បានឃាត់ខ្លួនជនសង្ស័យ ភេទប្រុស ចំនួន ០៥នាក់ ជាជនជាតិខ្មែរ យកមកសាកសួរ។

ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន រួមមាន ៖ ភាគីទី១ មានចំនួន ២នាក់ : ១-ឈ្មោះសាយ និល ភេទប្រុស កើតឆ្នាំ១៩៨៨ មុខរបរដឹកគ្រឿសង្ហារិម និង ២-ឈ្មោះនិល សន្យា ភេទប្រុស កើតឆ្នាំ២០០៨) មុខរបរនៅផ្ទះ ។ ភាគីទី២ មានចំនួន ៣នាក់ រួមមាន : ១-ឈ្មោះសុខ ចាន់រះ ភេទប្រុស កើតឆ្នាំ២០០៤ មុខរបរដឹកអីវ៉ាន់។ ២-ឈ្មោះអឿន គីមហេង ភេទប្រុស កើតឆ្នាំ ១៩៩៩ មុខរបររត់ម៉ូតូកង់បី។ ៣-ឈ្មោះស៊ុន សុខលី ភេទប្រុស កើតឆ្នាំ២០០៥ មុខរបររត់ម៉ូតូកង់បី ។
ចំពោះសម្ភារៈបានចាប់យក រួមមាន ៖ ១- ម៉ូតូកង់បី ម៉ាក BAJAJ RE ពណ៌ស គ្មានស្លាកលេខ ០១គ្រឿង ២- ម៉ូតូ CB150R ពណ៌ខ្មៅ ស្លាកលេខ កំពត 1Q-4922 ០១គ្រឿង ៣-ទូរស័ព្ទ iPhone X, VIVO, OPPO (ចំនួន ៣គ្រឿង) ៤-ច្រវាក់ម៉ូតូ ១ខ្សែ ៥-សោម៉ាឡេតដែក ១ដើម ៦-កាំបិតបុ័ងតោ ១ដើម ។

ជនសង្ស័យទាំង ៥នាក់ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាល កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធី៕