Monday, November 25, 2024
Homeតារាខ្មែរយក់ ថិតរដ្ឋា សង្ឃឹមល្បីបទចាប់ដៃឈិត សុវណ្ណបញ្ញា

យក់ ថិតរដ្ឋា សង្ឃឹមល្បីបទចាប់ដៃឈិត សុវណ្ណបញ្ញា

តារាចំណូលថ្មីរបស់ផលិតកម្មថោន អ្នកនាងយក់ ថិតរដ្ឋា​ នៅមិនទាន់ហ៊ានសន្និដ្ឋានបានទេថា តើនាងអាចបំបែកទីផ្សារចម្រៀងសាជាថ្មី នៅពេលដែលនាងឈរនៅផលិតកម្មថោន នេះដែរឬយ៉ាងណា បន្ទាប់ពីខកចិត្តជិត៥ឆ្នាំ ពេលដែលផ្ញើខ្លួន ជាមួយហង្សមាស នោះ។ តែអតីតតារាហង្សមាស រូបនេះ បានឲ្យដឹងថា នាងមានសង្ឃឹមថាអ្វីៗនឹងល្អប្រសើរជាងមុន បើសិនជាបទចម្រៀងវ៉ុលចូលឆ្នាំរបស់ផលិតកម្មថោន របស់នាងដែលចេញឆាប់ៗនេះ មានបងប្អូនគាំទ្ររនោះ។

ក្នុងជំនួបផ្ទាល់ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ នៅពេលដែលយក់ ថិតរដ្ឋា ទៅចូលរួមកម្មវិធីសម្ពោធភាពយន្ដថ្មីរបស់ផលិតកម្មថោន រឿង ”ទឹកចិត្តម្ដាយសម័យថ្មី” នោះ រដ្ឋា បានវាចាថា ”រឿងថា សង្ឃឹមកម្រិតណានោះ ខ្ញុំមិនទាន់ហ៊ានថាមុនទេ។ តែបទចម្រៀងចូលឆ្នាំនេះ ថោន​ធ្វើបទឲ្យខ្ញុំច្រៀងល្អៗតើ! ពិសេសបទដែលខ្ញុំចាប់ដៃគូច្រៀងជាមួយឈិត សុវណ្ណបញ្ញា នោះ នឹងធ្វើឲ្យបងប្អូនប្លែកជាមិនខាន ព្រោះអីខុសលើកមុនៗ ហើយខ្ញុំពេញចិត្តបទនោះ…(សើច)។ ប៉ុន្ដែរឿងថាជោគជ័យបានប៉ុនណានោះ គឺអ្វីៗទាំងអស់នៅលើបងប្អូនទេ បើបងប្អូនមានការគាំទ្រនោះ ពួកយើងនឹងកាន់តែខិតខំប្រឹងប្រែងទៀតទាំងអស់គ្នា ហើយខ្ញុំនឹងមិនឲ្យបងប្អូនខកចិត្តទេ”។

 

យក់ ថិតរដ្ឋា ជាអ្នកចម្រៀងដែលមានសមត្ថភាពពិតប្រាកដ ហើយទស្សនិកជននឹងនៅតែបន្ដរគាំទ្រមិនខាន ប្រសិនបើថោន ផ្ដល់បទចម្រៀងឲ្យនាងត្រូវនឹងអ្នកស្ដាប់នោះ បើទោះជាពេលនេះ អ្នកនាងមានស្វាមីនិងកូន២នាក់ទៅហើយក្ដី។

ប្រភពបានឲ្យដឹងថា លោកឃុំ ប៉ុណ្ណាដែត ស្វាមីរដ្ឋា មានការសប្បាយចិត្តណាស់ ដែលភរិយាលោកមានការយកចិត្តទុកដាក់យ៉ាងពេញទំហឹងតែម្ដង ពីក្រុមការងាររបស់ផលិតកម្មថោន គឺផ្ទុយស្រឡះពីផលិតកម្មហង្សមាស ដែលមិនអើពើតារារូបនេះ និងមិនបានប្រើប្រាស់សមត្ថភាពនាងអស់ឡើយ ព្រោះតែហង្សមាស មានតួឯកឱក សុគន្ធកញ្ញា ទៅហើយ។

 

យក់ ថិតរដ្ឋា​ ថ្លែងក្នុងពេលថត MV ឲ្យថោន ថា ”តាមពិត ថៅកែហង្សមាស គាត់រវល់ គាត់មិនដឹងថាខ្ញុំមានបញ្ហាអីទេ ព្រោះកំហុសកូនចៅគាត់មិនរាយការណ៍ឲ្យ ហើយដោយសារតែគ្មានដំណោះស្រាយល្អ ទើបខ្ញុំចេញពីហង្សមាស ហ្នឹង។ ការមកដល់ថោន នេះ ខ្ញុំសប្បាយចិត្តដែលខាងក្រុមហ៊ុនទទួលបទចម្រៀងដែលអ្នកស្រលាញ់ គាំទ្រខ្ញុំ (Fan) គាត់សរសេរបទឲ្យ ហើយបើខ្ញុំពេញចិត្តច្រៀងដែរ គឺគាត់ធ្វើឲ្យយើង ដែលខុសកាលពីខ្ញុំនៅហង្សមាស ខាងក្រុមហ៊ុនមិនដែលធ្វើបទដែល Fan ខ្ញុំសំណូមពរនោះទេ”៕

RELATED ARTICLES