
ភ្នំពេញ ៖ បណ្ឌិត សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជា ជ្រើសយកយុទ្ធវិធីឈ្នះសង្រ្គាម ដោយមិនចាំបាច់ធ្វើសង្រ្គាម ពាក់ព័ន្ធបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ នៅតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ដោយនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការគាំទ្រពីថ្នាក់ដឹកនាំនិងប្រជាជាតិខ្មែរទាំងមូល បានសម្រេចិត្តប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីដោះស្រាយដោយសន្តិវិធី តាមផ្លូវច្បាប់អន្តរជាតិ ។ ជាមួយគ្នានេះ ប្រធានវេទិកាសន្តិភាពកម្ពុជា លោកបណ្ឌិត សួន សេរីរដ្ឋា បានស្នើរដ្ឋាភិបាលថៃ មានភាពក្លាហានគ្រប់គ្រាន់ ដើម្បីទៅដោះស្រាយគ្នានៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ចៀសសង្រ្គាមរវាងប្រទេសទាំងពីរ។
លោកបណ្ឌិត សាម អ៊ីន បានលើកឡើងតាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “នៅពេលអ្នកនយោបាយសៀម ចង់បង្កើតវិបត្តិនយោបាយផ្ទៃក្នុងប្រទេសថៃ គេចូលចិត្តយកបញ្ហាជម្លោះព្រំដែនជាមួយខ្មែរ ធ្វើជាចំណាប់ខ្មាំង ហើយពួកជាតិនិយមជ្រុលសៀម យកសាំងចាក់បន្ថែម ក្នុងគោលបំណងឈ្លានពានយកទឹកដីខ្មែរ ជាពិសេស នៅតំបន់ប្រាសាទព្រះវិហារ ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ ប្រាសាទតាន់តូច និងតំបន់មុំបី ចុងបូក»។
លោកបណ្ឌិតសាម អ៊ីន បានបន្តថា «សម្តេចហ៊ុន សែន និងសម្តេចហ៊ុន ម៉ាណែត រួមទាំងកងកម្លាំងប្រដាប់អាវុធ និងប្រជាជាតិខ្មែរទាំងមូល ប្តេជ្ញាមោះមុត មិនឱ្យបាត់បង់បូរណភាពទឹកដីខ្មែរ សូម្បី១មិល្លីម៉ែត្រ នៅជំនាន់នេះ ។ សម្តេច ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេច ដោយមានការគាំទ្រពីថ្នាក់ដឹកនាំនិងប្រជាជាតិខ្មែរទាំងមូល ជ្រើសយកដំណោះស្រាយដោយប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice – ICJ) ដើម្បីដោះស្រាយបញ្ចប់ជម្លោះព្រំដែនជាមួយសៀម ដោយសន្តិវិធី បញ្ចៀសសង្រ្គាមបង្ហូរឈាមតាមព្រំដែន តែក៏បានត្រៀមទប់ទល់ប្រកបដោយភាពអង់អាច ក្នុងករណីមានការឈ្លានពានពីកងយោធាសៀម មកលើដីខ្មែរ។ ព្រមជាមួយនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏នៅបើកទ្វារចំហសម្រាប់ការចរចាទ្វេភាគី រវាងខ្មែរនិងសៀម ដើម្បីរក្សាភាពជាអ្នកជិតខាងល្អ ចេះគោរពគ្នាទៅវិញទៅមក និងដោះដូរផលប្រយោជន៍សេដ្ឋកិច្ច ទៅវិញទៅមក។ សម្តេចហ៊ុន ម៉ាណែត ជ្រើសយកយុទ្ធវិធីឈ្នះសង្រ្គាម ដោយមិនចាំបាច់ធ្វើសង្រ្គាម» ។

ជុំវិញការលើកឡើងរបស់លោកបណ្ឌិត សាម អ៊ីន ខាងលើនេះ លោកបណ្ឌិត សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានវេទិកាសន្តិភាពកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ថា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) មិនប្រាកដថាមានឥទ្ធិពលឬអំណាចអីមកបញ្ចប់សង្រ្គាមទេ សំខាន់នៅលើឆន្ទៈរបស់អ្នកដឹកនាំនៃប្រទេសទាំងពីរ ជាពិសេសអ្វីដែលយើងអាចទាមទារបានថានឹងគ្មានសង្រ្គាមនោះ គឺរដ្ឋាភិបាលថៃ ត្រូវតែចូលរួមក្នុងការប្រើយន្តការច្បាប់អន្តរជាតិនេះ ពីព្រោះកងទ័ពថៃ នៅក្រោមការបញ្ជាការដឹកនាំរបស់រដ្ឋាភិបាលថៃ មិនមែននៅក្រោមការបញ្ជារបស់រដ្ឋាភិបាលកម្ពុជា ទេ ។ យ៉ាងណាក៏ដោយ យើងសង្ឃឹមថា រដ្ឋាភិបាលថៃ នឹងមានភាពក្លាហានគ្រប់គ្រាន់ ដើម្បីទៅដោះស្រាយគ្នានៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ចៀសសង្រ្គាមរវាងប្រទេសទាំងពីរ ហើយដើម្បីកុំឲ្យមានការឈឺចាប់ របួស ឬក៏ទុក្ខវេទនាដល់ប្រជាជនស៊ីវិល ដែលរស់នៅតាមបណ្ដោយព្រំដែន ។
លោកបណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍ថា “បាទ! សុំជម្រាបថា បច្ចុប្បន្ន កម្ពុជា ក៏ជាប្រទេសសមាជិករបស់តុលាការយុត្តិធម៌អន្តរជាតិ ថៃ ក៏ជាប្រទេសសមាជិកនៃតុលាការយុត្តិធម៌អន្តរជាតិ ។ ហេតុដូច្នេះ គឺយន្តការអន្តរជាតិនេះ ទាំងកម្ពុជា ទាំងថៃ ក្នុងឋានៈជាសមាជិកនៃតុលាការយុត្តិធម៌អន្តរជាតិនេះ គឺយើងមានកាតព្វកិច្ចគោរពច្បាប់អន្តរជាតិដូចគ្នា ។ ដូច្នេះហើយ ជម្រើសរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីកោះហៅភាគីថៃ ឡើងមកដោះស្រាយគ្នា ដោយយកច្បាប់អន្តរជាតិ ជាមូលដ្ឋាននៃការបញ្ចប់ជម្លោះព្រំដែនកម្ពុជា និងថៃ គឺឆ្លើយតបទៅនឹងអ្វីដែលសម្ដេចធិបតី លោកបានលើកឡើងថា វាអស់ពេលហើយ ដែលយើងនាំគ្នាអង្គុយបក់ផ្សែងពន្លត់ភ្លើង ។ ដូច្នេះហើយ អាចនិយាយបានថា វាគឺជាជម្រើសល្អ ហើយគឺជាជម្រើសដែលមិនធ្វើឲ្យមានការឈឺចាប់ដល់ប្រជាជន និងកងទ័ពទាំងសងខាងទេ ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា គឺថាក្នុងរណសិរ្សបី គឺប្រើព្រមជាមួយគ្នា ។ ទី១ គឺយោធា ត្រៀមលក្ខណៈជានិច្ចនៅក្នុងការការពារទឹកដីអធិបតេយ្យប្រទេសជាតិរបស់យើង ហើយទី២ គឺការចរចានៅតែចរចា ក្នុងឋានៈជាប្រទេសភូមិផងរបងជាមួយ គឺគណៈកម្មការ JBC GBC និង RBC គឺនៅតែរក្សាយន្តការនៃការចរចា ប៉ុន្តែចរចានៅកន្លែងផ្សេង ប៉ុន្តែ៤ចំណុច មុំបី តាមាន់ធំ តាមាន់តូច ហើយប្រាសាទតាក្របី ទេ។ ហើយទី៣ គឺយន្តការអន្តរជាតិ គឺទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នេះហើយ ។ តុលាការនេះ មិនប្រាកដថាមានឥទ្ធិពល ឬអំណាចអីមកបញ្ចប់សង្រ្គាមទេ ក៏ប៉ុន្តែសំខាន់ទៅលើឆន្ទៈរបស់អ្នកដឹកនាំនៃប្រទេសទាំងពីរ ហើយកម្ពុជា គឺសម្ដេចមហាបវរធិបតី លោកបានបញ្ជាក់ច្បាស់ហើយ គឺយើងការពារសន្តិភាព ហើយក៏ការពារបូរណភាពទឹកដីដែរ ប៉ុន្តែសម្រាប់អ្វីដែលយើងអាចទាមទារបានថា នឹងគ្មានសង្រ្គាមនោះ គឺត្រូវតែរដ្ឋាភិបាលថៃ ភាគីថៃ ត្រូវតែចូលរួម ពីព្រោះកងទ័ពថៃ នៅក្រោមការបញ្ជាការដឹកនាំរបស់រដ្ឋាភិបាលថៃ មិនមែននៅក្រោមការបញ្ជារបស់រដ្ឋាភិបាលកម្ពុជា ទេ“ ។

លោកបណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍បន្តថា “តែយ៉ាងណាក៏ដោយ យើងសង្ឃឹមថា ភាគីថៃ រដ្ឋាភិបាលថៃ នឹងមានភាពក្លាហានគ្រប់គ្រាន់ ដើម្បីទៅដោះស្រាយគ្នានៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ចៀសសង្រ្គាម រវាងប្រទេសទាំងពីរ ហើយដើម្បីកុំឲ្យមានការឈឺចាប់ របួស ឬក៏ទុក្ខវេទនាដល់ប្រជាជនស៊ីវិល ជាស្រ្តី កុមារ ចាស់ជរាដែលរស់នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ ។ ក្នុងន័យនេះដែរ នៅក្នុងសង្រ្គាមភូមិសាស្រ្ត ពាក់ព័ន្ធទៅនឹងរណសិរ្សដែលយើងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ កម្ពុជា មានជំនឿជាក់ ហើយភាពមុតមាំច្បាស់លាស់ថា ទឹកដីនោះ គឺជាទឹកដីរបស់ខ្មែរ ប្រាសាទ គឺជាប្រាសាទរបស់ខ្មែរ នៅក្នុងបូរណភាពប្រទេសរបស់ខ្មែរ ។ អ៊ីចឹងយើងមានជំនឿជាក់ ពីព្រោះអ្វីដែលយើងបានយល់ព្រមគ្នា នៅក្នុង MOU ឆ្នាំ២០០០ ក្ដី នៅក្នុងការចរចាជាបន្តបន្ទាប់ក្ដី គឺយើងយកផែនទីខ្នាត ១/២០០ ០០០ គឺជាមូលដ្ឋាន ។ អ៊ីចឹងទៅលើការប្រើប្រាស់ផែនទីខ្នាត ១/២០០ ០០០ ជាមូលដ្ឋាននេះ គឺកម្ពុជា ធានាចំពោះប្រជាជនកម្ពុជា ទាំងអស់ នៅក្នុងប្រទេសកម្ពុជា ថា ទឹកដីយើង មិនបាត់បង់ទេ ប្រាសាទដូនតាយើង មិនបាត់បង់ទេ ហើយយើងបដិសេធដាច់អហង្ការចំពោះការយកផែនទីជាឯកតោភាគី ដែលគូសវាសតែឯង ភាគីប្រទេសថៃ ដែលសម្ដេចតេជោ លោកហៅថា ជាផែនទីចោរ គូសម្នាក់ឯង ដើម្បីលួចដី ។ អាហ្នឹងគឺតុលាការយុត្តិធម៌អន្តរជាតិក៏គេមិនទទួលយកដែរ នូវផែនទីឬឯកសារទាំងឡាយណាដែលវាខ្វះភាពទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ។ អ៊ីចឹងផែនទីដែលយើងបានយកទៅដាក់ ហើយឯកសារដែលយើងរៀបប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ គឺយើងមានជំនឿជាក់មុតមាំថា យើងនឹងឈ្នះក្ដី ហើយយុត្តាធិការអន្តរជាតិ នឹងបញ្ចប់សង្រ្គាមឈ្លានពាននេះ នឹងនាំមកនូវសុខសន្តិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ“ ។
លោកបណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍បន្តទៀតថា “ ជាសំណូមពរ ទី១ គឺប្រជាជនកម្ពុជា ទាំងអស់ រួមទាំងមន្រ្តីរាជការទាំងអស់ គឺយើងរួបរួមគ្នាក្រោមឆន្ទៈតែមួយ ខ្មែរតែមួយ មនសិការតែមួយ និងការប្ដេជ្ញាចិត្តតែមួយ គឺជាអ្នកជួយជ្រោមជ្រែងយុទ្ធជនយើងដែលឈរជើងនៅជួរមុខការពារទឹកដី ហើយស្ដាប់នូវរាល់ការណែនាំ និងបទបញ្ជារបស់សម្ដេចមហាបវរធិបតី ដែលជាប្រមុខរាជរដ្ឋាភិបាលរបស់យើង ក្នុងពេលនេះ គឺយើងអត់មានការបែកបាក់សាមគ្គីភាព ហើយយើងអត់មានការបែងចែកនិន្នាការនយោបាយទេ ដូចជារូបភាពព្រឹកមិញនេះ នៅក្នុងដំណើរមហាសាមគ្គីដ៏ធំ ដែលដឹកនាំដោយឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី គឺយើងបានឃើញហើយ ប្រជាជនជិត ២០ម៉ឺននាក់ ដែលបាននាំគ្នាលើកទង់ជាតិខ្មែរ តែមួយ ហើយក្នុងឆន្ទៈតែមួយ ដើម្បីបង្ហាញនូវស្មារតីជាតិ លើកទឹកចិត្តដល់កងទ័ពជួរមុខរបស់យើង ក្នុងការការពារទឹកដី អធិបតេយ្យប្រទេសជាតិរបស់យើង ហើយក្នុងពេលនេះផងដែរ ក៏យើងសូមលើកទឹកចិត្តឲ្យភាគីរដ្ឋាភិបាលថៃ នាយករដ្ឋមន្រ្តីថៃ ក្រសួងការបរទេសថៃ ក្រសួងការពារជាតិថៃ ក្នុងសមាជិករដ្ឋាភិបាលថៃ ទាំងអស់ ត្រូវតែបញ្ឈប់ឲ្យបាននូវគំនិតជ្រុលនិយមរបស់ក្រុមមួយក្ដាប់តូចរបស់ជនជាតិថៃ ក្នុងប្រទេសថៃ ដែលកំពុងតែបញ្ឆេះកំហឹងជាតិសាសន៍ ដែលកំពុងតែបញ្ឆេះឲ្យមានសង្រ្គាមរវាងប្រទេសទាំងពីរ ហើយជាពិសេសដែលកំពុងតែវង្វេងប្រវត្តិសាស្រ្តខ្លួនឯងនោះ សូមឲ្យវិលមករកការគិតត្រឹមត្រូវវិញ ហើយទាំងអស់គ្នា គឺទទួលស្គាល់ការពិតនៃប្រវត្តិសាស្រ្ត ដឹកដៃគ្នាទៅដោះស្រាយបញ្ហាប្រទេសទាំងពីរនៅតុលាការយុត្តិធម៌អន្តរជាតិ ។ កម្ពុជា សម្ដេចមហាបវរធិបតី លោកបានប្រកាសជាសាធារណៈហើយថា កម្ពុជា ទទួលយកសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ទោះសេចក្ដីសម្រេចនោះចេញមកមិនគាប់បំណង មិនពេញចិត្តរបស់កម្ពុជា ក៏ដោយ គឺកម្ពុជា ទទួលយក ។ នេះគឺជាស្មារតីទទួលយក នៅក្នុងការគោរពច្បាប់អន្តរជាតិ ជាយន្តការមួយដែលប្រទេសទាំងអស់លើពិភពលោក រួមគ្នាទទួលស្គាល់ភាពជាម្ចាស់ការនៃប្រទេស ហើយនិងធ្វើឲ្យលំដាប់ពិភពលោកបានល្អប្រសើរឡើងវិញ“ ៕ កុលបុត្រ