Tuesday, June 24, 2025
Homeព័ត៌មានជាតិអ្នកវិភាគថា កម្ពុជា ត្រូវត្រៀមការពារផលជះនៃវិបត្តិនយោបាយនៅថៃ

អ្នកវិភាគថា កម្ពុជា ត្រូវត្រៀមការពារផលជះនៃវិបត្តិនយោបាយនៅថៃ

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា កម្ពុជា ត្រូវត្រៀមការពារផលជះនៃវិបត្តិនយោបាយនៅប្រទេសថៃ ប្រសិនបើក្រុមយោធាថៃ ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយនាយករដ្ឋមន្រ្តីស្រ្តីវ័យក្មេង លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក្នុងពេលដែលប្រទេសនេះ កំពុងមានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា និងប្រទេសជិតខាងនានា ។

លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវសង្គមដើម្បីការអភិវឌ្ឍ បានសរសេរក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា «វិបត្តិនយោបាយនៅថៃ ដូចជាកាន់តែស្មុគស្មាញ ពាក្យរដ្ឋប្រហារ បានត្រូវគេប្រើដើម្បីជាការព្រមាន ។ អ្វីដែលកម្ពុជា ត្រូវគិត គឺតាមដានការវិវត្តនយោបាយនេះ ឲ្យបានជិតដិត ហើយត្រៀមការពារនូវផលជះនានា ដែលនឹងអាចកើតមានមកដល់កម្ពុជា ។ សូមបួងសួងកុំឲ្យមានអ្វីអាក្រក់កើតឡើងដល់យើង»។

លោក វ៉ន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ថា ថៃ ជាប្រទេសមួយមានការនិយមនៅក្នុងការធ្វើរដ្ឋប្រហារ ដោយកម្លាំងយោធា ។ ដូច្នេះបើសិនជាថៃ ប្រើប្រាស់នូវកម្មវត្ថុបញ្ហាព្រំដែនជាមួយកម្ពុជា ដើម្បីជាលេសនៅក្នុងការធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាល ពីអំណាច កម្ពុជា និងថៃ នឹងត្រូវប្រឈមមុខគ្នាដោយផ្ទាល់ ហើយបើក្នុងករណីដែលជម្លោះនៅអូសបន្លាយយូរ វាអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្ម ក្នុងរយៈពេលខ្លី ឬរយៈពេលវែង ។

លោក វ៉ន ចាន់ឡូត បានមានប្រសាសន៍ថា “ខ្ញុំពិនិត្យមើលទៅ បើករណីនេះវាកើតត្រឹមតែជាបញ្ហាផ្ទៃក្នុងនយោបាយរបស់ថៃ ទំនងជាកម្ពុជា នឹងមិនមានរងផលប៉ះពាល់អ្វីជាដុំកំភួនទេ ក៏ប៉ុន្តែយើងឃើញថា បញ្ហានយោបាយផ្ទៃក្នុងរបស់ថៃ នេះ វាហាក់ដូចជាខ្វះទម្ងន់ ដែលនាំឲ្យនូវកម្មវត្ថុនៅក្នុងការបង្កើតនូវជម្លោះ ជាពិសេសគឺពាក់ព័ន្ធទៅនឹងផែនការនៃការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល ដែលប្រទេសថៃ ជាប្រទេសមួយមានការនិយមនៅក្នុងការធ្វើរដ្ឋប្រហារ ដោយកម្លាំងយោធា ។ អ៊ីចឹងបើសិនជាថៃ ប្រើប្រាស់នូវកម្មវត្ថុបញ្ហាព្រំដែនជាមួយកម្ពុជា ដើម្បីជាលេសនៅក្នុងការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលពីអំណាច ដូច្នេះបញ្ហានេះគឺកម្ពុជា និងថៃ នឹងត្រូវប្រឈមមុខគ្នាដោយផ្ទាល់ ។ ដោយផ្ទាល់នេះ គឺពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន ជាប្រវត្តិសាស្រ្ត ដែលវានឹងអាចរាលដាលទាំងព្រំដែនគោក ហើយនិងព្រំដែនទឹក ។ អ៊ីចឹងក្នុងករណីដែលជម្លោះវានៅអូសបន្លាយយូរ ហើយជម្លោះវាអាចមានសភាពមិនទៀងទាត់ វាអាចរីកកាន់តែធំទៅៗ ពិតហើយ គឺប្រទេសទាំងពីរ នឹងប្រឈមទៅនឹងបញ្ហាដូចៗគ្នា វាអាចធ្វើឲ្យទំនាក់ទំនងការទូត កាន់តែល្អក់កករ វាធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មប៉ះពាល់ ហើយជាពិសេស គឺពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងនៃកម្លាំងពលកម្ម ដែលកម្ពុជា បញ្ជូនពលរដ្ឋខ្លួន ទៅធ្វើការនៅប្រទេសថៃ អីជាដើមហ្នឹង វាសុទ្ធតែជារឿងដែលអាចនឹងប៉ះពាល់ ហើយនៅពេលដែលប៉ះពាល់ ខ្ញុំជឿថា កម្ពុជា ដែលជាប្រទេសមានភាពទន់ខ្សោយនៅឡើយ ក្នុងវិស័យពាណិជ្ជកម្ម គឺអាចងាយនឹងប៉ះពាល់ក្នុងរយៈពេលខ្លី ឬក៏រយៈពេលវែងណាមួយ ។ ដូច្នេះអ្វីដែលខ្ញុំមើលឃើញ គឺមានតែកម្ពុជា ព្យាយាមនៅក្នុងការទប់ស្កាត់តាមដែលអាចធ្វើទៅបាន ហើយកុំឲ្យបញ្ហាព្រំដែននេះ ក្លាយទៅជាកម្មវត្ថុនៃជម្លោះរ៉ាំរ៉ៃជាមួយប្រទេសថៃ ហើយយន្តការដ៏ល្អបំផុត ដែលអាចបញ្ចៀសបានជម្លោះ ដែលឈានទៅដល់ជម្លោះប្រដាប់អាវុធនោះ គឺមានការតែការប្រើប្រាស់តាមរយៈយន្តការច្បាប់អន្តរជាតិ ហើយនិងកិច្ចព្រមព្រៀងនានា ដែលធានាបាននូវសន្តិភាព និងស្ថិរភាពនៃប្រទេសទាំងពីរ ខ្ញុំជឿថា វានឹងជះផលជាវិជ្ជមានសម្រាប់ការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ“ ។

ដោយឡែក លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា បើសិនជាស្រុកថៃ មានវិបត្តិនយោបាយដល់កម្រិតផ្លាស់ប្ដូររដ្ឋាភិបាល តាមផ្លូវយោធា ដូចកាលធ្វើរដ្ឋប្រហារទម្លាក់លោកថាក់ស៊ីន និងលោកស្រីយីងឡាក់ នោះ កម្ពុជា គួរពង្រឹងសមត្ថភាពខ្លួនឯង ដូចជាវិស័យការងារ គប្បីពង្រីកទីផ្សារការងារក្នុងស្រុកឲ្យបានច្រើន ធ្វើម៉េចឲ្យពលរដ្ឋនៅក្នុងស្រុកខ្មែរ អាចមានការងារធ្វើ ហើយបើសិនជាទីផ្សារការងារស្រុកខ្មែរ រឹងមាំជាងមុន ពលករខ្មែរនៅថៃ អាចត្រលប់មកធ្វើការក្នុងស្រុកវិញបាន ។ ក្រៅពីនេះ ក៏នៅតែពង្រឹងទំនាក់ទំនងការទូត ឲ្យបានល្អ ដូចដែលរាជរដ្ឋាភិបាលកម្ពុជាប្រកាសធ្វើនៅពេលនេះ បើទោះបីរៀបចំប្ដឹងទៅតុលាការអន្តរជាតិ រឿងព្រំដែនក៏ដោយ ។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “យើងបារម្ភដែរ នៅពេលដែលថៃ អាចប្រឈមបញ្ហានយោបាយ ឃើញថានយោបាយស្រុកថៃ ឥឡូវមានការក្ដៅឡើង ហើយគណបក្សចម្រុះរដ្ឋាភិបាលអីហ្នឹង ឃើញមានការបែកស្រាំគ្នាហើយ រដ្ឋាភិបាលអ្នកស្រីផែថងថាន អាចនឹងប្រឈមនឹងវិបត្តិរដ្ឋប្រហារយោធាអីអ៊ីចឹង ។ ប៉ុន្តែយើងគិតអ៊ីចេះ! ប្រទេសថៃ គេមានប្រជាធិបតេយ្យចាស់ទុំជាងយើងយូរឆ្នាំ គេធ្លាប់មានរដ្ឋប្រហារច្រើនដង ហើយក្នុងអាណត្តិក្រុមគ្រួសារលោកថាក់ស៊ីន ហ្នឹង មានរដ្ឋប្រហារ ២ដងទៅហើយ គឺទី១ លោកថាក់ស៊ីន ខ្លួនឯង ត្រូវបានពួកយោធារដ្ឋប្រហារ ហើយបន្ទាប់មកទៀត រដ្ឋាភិបាលអ្នកស្រីយីងឡាក់ ប្អូនស្រីលោកថាក់ស៊ីន ហ្នឹងក៏ត្រូវបានរដ្ឋប្រហារដែរ ហើយឥឡូវនេះ កូនស្រីគាត់ ក៏អាចប្រឈមការធ្វើរដ្ឋប្រហារទៀត ពីក្រុមយោធា ។ ម៉្លោះហើយ វាមានផលប៉ះពាល់ខ្លះ សម្រាប់វិស័យការងារ ក្រុមពលករខ្មែរអីអ៊ីចឹង និងវិស័យការធ្វើពាណិជ្ជកម្ម នាំទំនិញចេញចូលអីហ្នឹង អាហ្នឹងវាប៉ះពាល់ដែរ។ ប៉ុន្តែវាមិនជាក្ដីបារម្ភធំទេ រឿងអស់ហ្នឹង ពីព្រោះថៃ ទោះបីមានរដ្ឋប្រហារផ្ទៃក្នុងរដ្ឋាភិបាល ក៏ដោយ តែគេមិនធ្វើឲ្យប៉ះពាល់ទៅដល់វិស័យនិយោគ វិស័យទេសចរណ៍ទេ ។ អាហ្នឹងយើងផ្អែកលើបទពិសោធន៍កន្លងទៅ មិនប៉ះពាល់អីទេ។ ប៉ុន្តែក្រសួងការងារកម្ពុជា ហើយនិងក្រសួងការបរទេសហ្នឹង គប្បីធ្វើការទំនាក់ទំនង សហប្រតិបត្តិការផ្លូវទូតហ្នឹង កុំឲ្យវាល្អៀង ទោះបីភាគីកម្ពុជា សម្រេចប្ដឹងទៅតុលាការអន្តរជាតិ នូវសំណុំរឿងព្រំដែនហ្នឹងក៏ដោយ ក៏ទំនាក់ទំនងការទូតរវាងប្រទេសនិងប្រទេស ត្រូវរក្សាជំហរម៉ឺងម៉ាត់ឲ្យល្អដែរ មិនឲ្យរង្កៀសចិត្តទេ ហើយជំហរហ្នឹង គឺយើងឆ្លងឆ្លើយគ្នាតាមភាសាការទូត តាមឯកសារការទូត ឬក៏តាមកំណត់ទូតអីជាដើមហ្នឹង ឬក៏តាមស្ថានទូតរបស់កម្ពុជា នៅថៃ ឬស្ថានទូតថៃ នៅកម្ពុជា អីអ៊ីចឹង អាហ្នឹងគឺយើងធ្វើកុំឲ្យមានការយល់ច្រឡំ ហើយបើសិនជាស្រុកថៃ មានវិបត្តិដល់កម្រិតផ្លាស់ប្ដូររដ្ឋាភិបាល តាមផ្លូវយោធា ដូចលោកថាក់ស៊ីន និងអ្នកស្រីយីងឡាក់ អ៊ីចឹងកម្ពុជាយើងគ្រាន់តែថា ពង្រឹងសមត្ថភាពខ្លួនឯង ដូចជាវិស័យការងារហ្នឹង គប្បីកម្ពុជា យើងពង្រីកទីផ្សារការងារក្នុងស្រុក ឲ្យបាន ធ្វើម៉េចឲ្យពលរដ្ឋនៅស្រុកខ្មែរហ្នឹង អាចមានការងារធ្វើ ហើយបើសិនជាទីផ្សារការងារស្រុកខ្មែរ រឹងមាំជាងមុន អ៊ីចឹងពលករនៅថៃ ហ្នឹង អាចត្រលប់មកធ្វើការក្នុងស្រុកវិញបាន“ ។

លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “ប៉ុន្តែបញ្ហាកម្ពុជា វាភ្ជាប់នឹងលក្ខខណ្ឌសិទ្ធិមនុស្សទៀតហើយ បើយើងនិយាយកន្លែងហ្នឹង ព្រោះអ្នកវិនិយោគទុនបរទេស គេមកអាចធ្វើការរកស៊ី ដើម្បីបង្កើតពង្រីកទីផ្សារក្នុងស្រុកខ្មែរយើងបាន វាទាល់តែកម្ពុជា មានការគោរពសិទ្ធិមនុស្សដែរ អាហ្នឹងស្របតាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយទី២ វាទាល់តែកម្ពុជា មានសន្តិសុខ សុវត្ថិភាពល្អអ៊ីចឹងដែរ ហើយសព្វថ្ងៃហ្នឹង យើងមិនមានសន្តិសុខ សុវត្ថិភាពល្អទេ ពីព្រោះកម្ពុជា មានឈ្មោះមិនល្អសោះ នៅលើឆាកអន្តរជាតិ ពាក់ព័ន្ធទៅនឹងការឆបោក ចាប់ជំរិតអនឡាញអីជាដើមហ្នឹង ហើយខាងថៃ គេមានលក្ខខណ្ឌល្អជាងយើង ក្នុងចំណុចហ្នឹង។ ហើយមួយទៀត ប្រព័ន្ធយុត្តិធម៌ ក៏ត្រូវកែទម្រង់ដែរ។ ប្រព័ន្ធយុត្តិធម៌ខ្មែរ ក៏មានកេរ្តិ៍ឈ្មោះអត់ល្អដែរ លើឆាកអន្តរជាតិ ពាក់ព័ន្ធនឹងអំពើពុករលួយ ពាក់ព័ន្ធនឹងការជ្រៀតជ្រែកផ្នែកនយោបាយអីហ្នឹង ហើយចំពោះរឿងហ្នឹង បើនិយាយពីស្រុកថៃ គេក៏រឹងមាំជាងយើងដែរ ប្រព័ន្ធយុត្តិធម៌គេ គ្រាន់បើជាងយើងឆ្ងាយណាស់ ។ អ៊ីចឹងបើទោះបីជារដ្ឋាភិបាលថៃ មានការផ្លាស់ប្ដូរ ប្រែប្រួលយ៉ាងណា ក៏មិនមានប៉ះពាល់អីធំដុំទេ នៅក្នុងស្រុកថៃ នោះ គឺគេព្យាយាមថែរក្សាសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋគេ ដូចដែលពួកយោធាធ្លាប់ធ្វើរដ្ឋប្រហារ កន្លងទៅអ៊ីចឹង។ ហើយម្យ៉ាងទៀត យើងក៏ដឹងដែរថា ពួកយោធាថៃដែលធ្វើរដ្ឋប្រហារ កន្លងទៅ សុទ្ធតែពួករាជានិយមទេ ពួកដែលស្ថិតនៅក្រោមការចាត់ចែងរបស់មហាក្សត្រ ។ អ៊ីចឹងទេ គេបង្ការខ្លាចឥទ្ធិពលក្សត្ររបស់គេ ស្ថាប័នរាជានិយមរបស់គេ ចុះខ្សោយ អ៊ីចឹងបានគេដកអំណាចរបស់លោកថាក់ស៊ីន ហើយគេដកអំណាចអ្នកស្រីយីងឡាក់ ទៀត ហើយឥឡូវហ្នឹង ចង់មិនចង់ ស្រួលមិនស្រួល គេនឹងដកអំណាចរបស់អ្នកស្រីផែថងថាន ទៀតក៏មិនដឹងដែរ យើងមើលស្ថានភាពនៅស្រុកថៃ បច្ចុប្បន្ន វារាងក្ដៅអ៊ីចឹង ហើយកម្ពុជា យើងពេលដែលគេឡើងក្ដៅអ៊ីចឹង យើងមិនចង់ប្រទូសរ៉ាយអីជាមួយគេទេ គ្រាន់តែថា យើងធ្វើអីទៅតាមគោលការណ៍ច្បាប់ មានទំនាក់ទំនងការទូតក្ដី គោលការណ៍ច្បាប់អន្តរជាតិក្ដី ពាក់ព័ន្ធជម្លោះព្រំដែន ដូចខ្ញុំបានលើកខាងលើអ៊ីចឹង“ ។

ចំណែកលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា ប្រទេសថៃ នាពេលបច្ចុប្បន្ននេះ កំពុងតែមានបញ្ហាជាច្រើន មិនមែនត្រឹមតែបញ្ហាព្រំដែនជាមួយកម្ពុជា ទេ ព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា ក៏មិនស្ងប់សុខនោះឡើយ ខណៈសភា ជាប់គាំងអនុម័តអ្វីមិនបាន បញ្ហាគ្រឿងញៀនក្នុងប្រទេស និងវិបត្តិសេដ្ឋកិច្ចកំពុងហ៊ុមព័ទ្ធរដ្ឋាភិបាលលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលទាំងអស់នេះ ជាជំហានមួយដែលអាចឱ្យក្រុមយោធាថៃ មានលេសធ្វើរដ្ឋប្រហារ ទម្លាក់លោកស្រី នាពេលខាងមុខ ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ថា “បញ្ហានយោបាយផ្ទៃក្នុងថៃ យើងឃើញហើយថា បច្ចុប្បន្ននេះ គឺវាហាក់ដូចជាមានរដ្ឋាភិបាលពីរ រួចស្រេចទៅហើយ រដ្ឋាភិបាលស៊ីវិល ដឹកនាំដោយលោកស្រី ផែថងថាន និងអំណាចនយោបាយមួយទៀត វាហាក់ដូចជាមានអំណាចធំជាងរដ្ឋាភិបាលផង គឺក្រុមយោធា ។ ឧទាហរណ៍ថា ការបិទព្រំដែន បើកព្រំដែន ជាឯកតោភាគីហ្នឹង គឺក្រុមយោធា ជាអ្នកសម្រេចចិត្ត មិនមែនរដ្ឋាភិបាលទេ ។ អ៊ីចឹងហើយ ទាំងអស់នេះ យើងអាចវាយតម្លៃថា វាមានការប្រេះស្រាំនយោបាយផ្ទៃក្នុងរួចស្រេចទៅហើយ ។ អ៊ីចឹងសេណារីយ៉ូដែលថាទម្លាក់រដ្ឋាភិបាលនេះ វាអាចឈានទៅដល់ចំណុចហ្នឹងបាន ពីព្រោះយើងឃើញសញ្ញាណថា រដ្ឋាភិបាលស៊ីវិល របស់លោកស្រីផែថងថាន ហ្នឹង មិនមានស្ថិរភាពទេ ។ រីឯកម្ពុជា យើងបច្ចុប្បន្ននេះ គឺយើងជ្រើសរើសច្បាប់អន្តរជាតិ គោលការណ៍អន្តរជាតិ ដើម្បីបញ្ចៀសនូវបញ្ហាសង្រ្គាម ឬបញ្ហាប្រឈមមុខគ្នាទ្រង់ទ្រាយធំ និងយូរអង្វែង ។ ដូច្នេះយើងបានជ្រើសរើសតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហ្នឹង ដើម្បីបញ្ចៀសសភាពការណ៍ធ្ងន់ធ្ងរ ។ ប៉ុន្តែកម្ពុជា នៅតែរក្សាសិទ្ធិក្នុងការការពារអធិបតេយ្យរបស់ខ្លួន តាមកម្លាំងក្ដី តាមការទូតក្ដី តាមច្បាប់ក្ដី» ។

គួរបញ្ជាក់ថា តាមការស្រាវជ្រាវប្រវត្តិសាស្រ្ត ថៃ គឺជាប្រទេសដែលមានការធ្វើរដ្ឋប្រហារច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ គិតចាប់តាំងពីឆ្នាំ១៩៣២ ដល់ឆ្នាំ២០១៤  ថៃ បានធ្វើរដ្ឋប្រហារ សរុបចំនួន១២លើក គឺលើកទី១ នៅឆ្នាំ១៩៣២ លើកទី២ នៅឆ្នាំ១៩៣៣ លើកទី៣ នៅឆ្នាំ១៩៤៧ លើកទី៤ នៅឆ្នាំ១៩៥១ លើកទី៥ នៅឆ្នាំ១៩៥៧ លើកទី៦ នៅឆ្នាំ១៩៥៨ លើកទី៧ នៅឆ្នាំ១៩៧១ លើកទី៨ នៅឆ្នាំ១៩៧៦ លើកទី៩ នៅឆ្នាំ១៩៧៧ លើកទី១០ នៅឆ្នាំ១៩៩១ លើកទី១១ នៅឆ្នាំ២០០៦ និងលើកទី១២ នៅឆ្នាំ២០១៤ ៕ កុលបុត្រ

RELATED ARTICLES