Sunday, June 22, 2025
Homeព័ត៌មានជាតិសម្តេចសង្ឃ យាងជួបលើកទឹកចិត្ត កងកម្លាំងកម្ពុជា ការពារទឹកដីព្រំដែន

សម្តេចសង្ឃ យាងជួបលើកទឹកចិត្ត កងកម្លាំងកម្ពុជា ការពារទឹកដីព្រំដែន

ខេត្តព្រះវិហារ ៖ សម្តេចអភិសិរីសុគន្ធាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះអគ្គមហាសង្ឃរាជ គណៈ ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកគ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចព្រះសង្ឃនាយក សម្តេចព្រះរាជាគណៈ គណៈមហានិកាយ ព្រះមេគណ ព្រះមន្ត្រីសង្ឃទាំងពីរគណៈ ២៥ខេត្ត-ក្រុង នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោកចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងថ្នាក់ដឹកនាំក្រសួង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានយាងនិងអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយដ៏សប្បុរសថ្លៃថ្លា ជាបច្ច័យ និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ប្រគល់ជូនដល់នាយទាហាន នាយទាហានរង និងពលទា ហាន នៃបញ្ជាការដ្ឋានកងអង្គរក្ស «ទួល៩៥» ដែលឈរជើងនៅជួរមុខ ការពារទឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ  ។

  អំណោយដែលឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ ឈរការពារព្រំដែនកម្ពុជា-ថៃ បញ្ជាការដ្ឋានកងអង្គរក្ស ខេត្តព្រះវិហារ ត្រូវបានប្រគល់ជូននាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ដែលអំណោយជាការលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តក្នុងការការពារបូរណភាពទឹកដីខ្មែរ មានថវិកាចំនួន ១៣៦ ០០០ ០០០រៀល និងសម្ភារៈ គ្រឿងឧបភោគ-បរិភោគ មួយ ចំនួយធំ ។

ដោយឡែកយោងតាមក្រសួងធម្មការនិងសាសនា បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ថា លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងសមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា  សម្តេចព្រះ មហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជា ណាចក្រកម្ពុជា សម្តេចជាអម្ចាស់ សម្តេច ព្រះរាជាគណ: ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម រួមជាមួយថា្នក់ដឹកនាំ និងមន្រី្តរាជការក្រសួងធម្មការនិងសាសនា  បានយាង និមន្ត និងអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខនិងប្រគល់អំណោយជូនដល់កងទ័ពជួរមុខ ដែលឈរជើងស្ថិតនៅទិសដៅខេត្តព្រះវិហារ ដើម្បីជាការលើកទឹកចិត្តកងកម្លាំងជួរមុខ ក្នុងការការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែន មិនឲ្យបរទេសឈ្លានពានបាន។

  ដោយឡែក កាលពីថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២៥ លោក ចាយ បូរិន រដ្ឋមន្ដ្រីក្រសួងធម្មការនិងសាសនា និងសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ និងយាងសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ៧ភូមិ ស្មើនឹង ១៣១០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលវិបស្សនាធុរៈ វត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ។

ពិធីនេះ មានការយាង និមន្តចូលរួមដោយសម្តេចព្រះសង្ឃនាយក គណៈមហានិកាយ សម្តេចព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ តាមព្រះឋានានុក្រម ថា្នក់ដឹកនាំក្រសួងធម្មការនិងសាសនា លោក គីម រិទ្ធី អភិបាលនៃគណៈ អភិបាលខេត្តព្រះវិហារ  លោកប្រធានមន្ទីរធម្មការនិងសាសនា  និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។

សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ បានមានព្រះរាជបន្ទូលជូនប្រជាពលរដ្ឋនៅទីនោះថា ៖ ១. សូមពុទ្ធបរិស័ទជឿទុកចិត្តរាជរដ្ឋាភិបាល ២. សូមមានភាពនឹងន កុំតក់ស្លុតភិតភ័យ ៣. សូមថែទាំសុខភាព ហូបស្អាត ផឹកស្អាត និងមានអនាម័យ ៤. សូមព្រះចៅអធិការ យកចិត្តទុកដាក់ និងជួយសម្របសម្រួលពុទ្ធបរិស័ទដោយព្រះទ័យយកចិត្តទុកដាក់ខ្ពស់។

ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ត្រី ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខសេចក្តីនឹករលឹកនិងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ពីសំណាក់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល តែងគិតគូរយកចិត្តទុកដាក់ជាប្រចាំពីសុខទុក្ខនិងជីវភាពរបស់បងប្អូន ប្រជាជនយើង ដែលរស់នៅតាមបណ្តាយព្រំដែន។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជា មិនចង់បានទឹកដីប្រទេសជិតខាង សូម្បីមួយមិល្លីម៉ែត្រ តែកម្ពុជា ដាច់ខាតការពារដែនដី មិនឲ្យបាត់បង់សូម្បីតែមួយមិល្លីម៉ែត្រផងដែរ និងបង្ហាញពីគោលជំហរដ៏រឹងមាំរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការដាក់ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) យកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ មានទិសដៅច្បាស់ លាស់ ផ្អែកលើផ្លូវច្បាប់អន្តរជាតិ និងក្នុងតំបន់ក្នុងការការពារអធិបតេយ្យ និងសេចក្ដីថ្លៃថ្នូរជាតិ ហើយប្រជា ពលរដ្ឋទូទាំងប្រទេស ក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្ដីប្រកាសរបស់សម្ដេច ហ៊ុន ម៉ាណែត ក្នុងការនាំយកបញ្ហាដែនដី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់និងបញ្ចប់បញ្ហានេះ ស្របតាមច្បាប់អន្តរជាតិ។

លោករដ្ឋមន្ត្រី បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ សូមរក្សាសុខភាព ធ្វើអនាម័យជាប្រចាំ ដូចជាការហូបស្អាត ផឹកស្អាត ពិសេសសម្រាកក្នុងមុង ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងជំងឺគ្រុនឈាម ដែលបណ្តាលមកពីមូសខាំ និងជំងឺតម្កាត់ផ្សេងៗទៀត ដែលកើតចេញពីការមិនរក្សាអនាម័យជាប់ជាប្រចាំ។

សូមជម្រាបជូនថា ព្រះរាជអំណោយសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង  ចែកជូនបងប្អូនប្រជាពុទ្ធបរិស័ទប្រមាណជាង ១៣១០គ្រួសារ នៅក្នុងមណ្ឌលវិបស្សនាធុរៈវត្តពោធិ៍៥០០០ដើម ស្ថិតនៅឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ រួមមាន គ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាដល់ ១៣១០គ្រួសារ និងបានប្រគេនអង្ករ និងបច្ច័យ ដល់ព្រះចៅអធិការវត្តពោធិ៍៥០០០ដើម និងវត្តកែវសិក្ខាគិរីស្វារៈ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃក្នុងវត្តផងដែរ៕

RELATED ARTICLES