Saturday, July 12, 2025
Homeព័ត៌មានជាតិ“ជូតទឹកភ្នែក រួចបន្តដំណើរទៅមុខ” អ្នកវិភាគរំលឹកខួប៩ឆ្នាំ បណ្ឌិតកែម ឡី

“ជូតទឹកភ្នែក រួចបន្តដំណើរទៅមុខ” អ្នកវិភាគរំលឹកខួប៩ឆ្នាំ បណ្ឌិតកែម ឡី

ភ្នំពេញ-ខេត្តតាកែវ ៖ ក្នុងឱកាសរំលឹកខួប៩ឆ្នាំ នៃការស្លាប់របស់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវសង្គមដើម្បីការអភិវឌ្ឍន៍ ដែលត្រូវឃាតករបាញ់ប្រហារក្នុងស្ដារម៉ាត ស្ថានីយប្រេង កាល់តិច ស្ដុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នោះ អ្នកវិភាគ និងអ្នកនយោបាយ ព្រមទាំងមជ្ឈដ្ឋានមហាជន បានរំលឹកឡើងវិញនូវបណ្ដាំរបស់លោកបណ្ឌិត កែម ឡី “ជូតទឹកភ្នែក រួចបន្តដំណើរទៅមុខ”  ។

ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម លោកសេក សុជាតិ បានលើកឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ថា “ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខ” មិនត្រឹមតែជាពាក្យរំលឹកបុគ្គលឯកទេសនោះទេ ប៉ុន្តែជាសារដ៏សំខាន់ចំពោះសង្គមខ្មែរ នៅសម័យទំនើប។ ជាពិសេស វាបង្ហាញពីភាពរឹងមាំ ផ្លូវគំនិតវិជ្ជមាន ការរីកចម្រើនផ្លូវចិត្ត និងការចូលរួមក្នុងការផ្លាស់ប្តូរសង្គម តាមគន្លងនៃយុត្តិធម៌និងសន្តិភាព  ។

លោកសេក សុជាតិ បានសរសេរនៅក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ថា “សាររំលឹកខួប ៩ឆ្នាំ មរណភាពលោកបណ្ឌិត កែម ឡី (10 កក្កដា 2016 –10 កក្កដា 2025) ៖

ក្នុងឱកាសនៃខួប ៩ឆ្នាំ នៃការបាត់បង់លោកបណ្ឌិត កែម ឡី ជាអ្នកវិភាគសង្គម អ្នកវិទ្យាសាស្ត្រសង្គម និងជាអ្នកដឹកនាំគំនិតឯករាជ្យ បេះដូងយើងនៅតែមានក្តីឈឺចាប់ ចង់បានយុត្តិធម៌ និងនៅតែដឹងគុណចំពោះស្នាដៃរបស់គាត់។ លោកបានចែករំលែកការយល់ដឹង បណ្តុះគំនិតប្រជាធិបតេយ្យ និងជំរុញពលរដ្ឋខ្មែរ ឲ្យតស៊ូមតិលើបញ្ហាសង្គម និងស្វែងរកអនាគតជាតិមួយដ៏ប្រសើរ សម្រាប់ជាតិសាសន៍ខ្មែរគ្រប់រូប។

៩ឆ្នាំ បន្ទាប់ពីការបាត់បង់គាត់ យុត្តិធម៌នៅមិនទាន់បញ្ជាក់ច្បាស់លាស់ (មិនទាន់បានបញ្ចប់ដោយច្បាស់លាស់)។

យើងសូមអំពាវនាវទៅអាជ្ញាធរទាំងឡាយ និងសង្គមស៊ីវិល ឲ្យបន្តស្វែងរកចម្លើយ និងនាំយុត្តិធម៌មកជូនចំពោះករណីរបស់លោកបណ្ឌិត កែម ឡី។ ការមិនភ្លេចករណីនេះ គឺជាការរក្សាសេចក្ដីស្មោះត្រង់ចំពោះអ្នកដែលបានបន្តតស៊ូដើម្បីមនុស្សជាតិ»។

លោកសេក សុជាតិ បន្តថា «ជាមួយនេះផងដែរ ខ្ញុំសូមធ្វើការលើកឡើងពីទស្សនៈរបស់លោកបណ្ឌិត កែម ឡី ៖ “ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខ” ដើម្បីបញ្ជាក់ពីខ្លឹមសារដែលយើងគួរចងចាំ។

ទស្សនគតិបណ្ឌិតខ្មែរ ៖ “ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខ” គឺជាផ្នែកមួយនៃការដាស់តឿនបងប្អូនខ្មែរទាំងអស់ ឱ្យចងចាំនូវអត្ថន័យជ្រាលជ្រៅសម្រាប់ការអភិវឌ្ឍខ្លួនឯង និងសង្គមជាតិ។ វាបញ្ជាក់ពីគំនិតផ្លូវចិត្តសង្គម និងការលើកទឹកចិត្តដល់មនុស្សគ្រប់រូប ឱ្យមានភាពរឹងមាំ បន្តដំណើរជីវិត ទោះបីជាបានជួបប្រទះនឹងអំពើអយុត្តិធម៌ ក្តីឈឺចាប់ ឬភាពបរាជ័យយ៉ាងណាក៏ដោយ។

ខ្លឹមសារសំខាន់ៗ ៖

១. ការទទួលស្គាល់ និងបង្ហាញពីទុក្ខព្រួយសង្គម

“ជូតទឹកភ្នែក” មានន័យថា ត្រូវទទួលស្គាល់ និងទទួលយកអារម្មណ៍ឈឺចាប់ដែលខ្លួនកំពុងជួបប្រទះ។ វាមិនមែនជាសញ្ញានៃការចុះចាញ់ទេ ប៉ុន្តែជាវិធីសាស្ត្រមួយក្នុងការចេញផុតពីសេចក្ដីទុក្ខ និងបន្តជីវិតយ៉ាងមានន័យឆ្ពោះទៅអនាគតដ៏ល្អប្រសើរ។

២. ភាពធន់ (អត់ធ្មត់) និងការតស៊ូក្នុងជីវិត

ពាក្យនេះ ជំរុញឱ្យប្រជាពលរដ្ឋផ្ដោតអារម្មណ៍លើការអត់ធ្មត់ ធន់នឹងទុក្ខលំបាក និងបន្តប្រយុទ្ធនឹងអំពើអយុត្តិធម៌ ដើម្បីសិទ្ធិ សេរីភាព និងសង្គម កាន់តែប្រសើរ។ វាបង្ហាញពីភាពសកម្មក្នុងការងើបឡើងវិញបន្ទាប់ពីការបរាជ័យ។

៣. ការចងចាំ និងអំណរគុណចំពោះអតីតកាល

“ជូតទឹកភ្នែក” ក៏ជាសញ្ញានៃការចងចាំអ្នកដែលបានបាត់បង់ជីវិតដោយសារការតស៊ូដើម្បីសង្គមនិងមនុស្សជាតិ។ ខណៈពេល “បន្តដំណើរ” បញ្ជាក់ថា យើងត្រូវដើរតាមជំហានរបស់ពួកគេ និងបន្តផ្សព្វផ្សាយអំពើល្អ ដោយមិនមានភាពភ័យខ្លាចក្នុងការបន្តការតស៊ូដើម្បីអភិវឌ្ឍន៍ផ្នត់គំនិតវិជ្ជមាន និងសង្គមជាតិ ឱ្យបានកាន់តែប្រសើរ។

៤. ការរក្សាក្ដីសង្ឃឹម និងការរីកចម្រើន

ទស្សនៈនេះ ជំរុញឱ្យប្រជាជនមានសុទិដ្ឋិនិយម និងជំនឿលើអនាគត។ វាជាសាស្តា (ការប្រៀនប្រដៅ) ដ៏មានអត្ថន័យ ក្នុងការកសាងគំនិតវិចារណញ្ញាណ និងជំរុញសកម្មភាពសង្គម ដើម្បីអភិវឌ្ឍប្រកបដោយសន្តិភាពពិតប្រាកដ។

៥. ការផ្ដោតលើអនាគត និងសកម្មភាព

“បន្តដំណើរទៅមុខ” ជាពាក្យដឹកនាំមនុស្ស ឱ្យកុំជាប់គាំងក្នុងអតីតកាល ប៉ុន្តែមានក្តីស្រមៃ និងជំនឿក្នុងការបង្កើតអនាគតថ្មីល្អប្រសើរជាងមុន តាមរយៈសកម្មភាពជាក់ស្តែង បន្តដោយគ្មានទីបញ្ចប់។

៦. ការបង្កើតយុទ្ធសាស្ត្រសង្គម

ចំណុចនេះ បង្ហាញពីបទដ្ឋាននៃគំនិតដឹកនាំសង្គម ដែលផ្អែកលើគុណធម៌ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ វាលើកស្ទួយការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការរួមចំណែកបង្កើតសង្គមថ្មី ដែលមានសមភាពនិងយុត្តិធម៌។

សន្និដ្ឋាន ៖

ទស្សនៈ “ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខ” មិនត្រឹមតែជាពាក្យរំលឹកបុគ្គលឯកទេសនោះទេ ប៉ុន្តែជាសារដ៏សំខាន់ចំពោះសង្គមខ្មែរ នៅសម័យទំនើប។ វាបង្ហាញពីភាពរឹងមាំ ផ្លូវគំនិតវិជ្ជមាន ការរីកចម្រើនផ្លូវចិត្ត និងការចូលរួមក្នុងការផ្លាស់ប្តូរសង្គម តាមគន្លងនៃយុត្តិធម៌និងសន្តិភាព“ ។

ជាមួយគ្នានោះដែរ លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ដែលបានដឹកនាំសហការី ទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅចេតិយ ឯស្រុកកំណើត ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងខួបការស្លាប់ ៩ឆ្នាំនេះដែរ លោកបានរំលឹកពីទស្សនៈ និងសម្តីមាស របស់លោកបណ្ឌិត កែម ឡី ចំនួន១២ចំណុច។

លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ថា “ខ្ញុំ មាជ សុវណ្ណារ៉ា និងថ្នាក់ដឹកនាំ រួមទាំងសកម្មជននៃគណបក្សជំនាន់ថ្មី បានចូលរួមដាក់កម្រងផ្កា និងអុជធូប ឱនកាយ ដាក់ចិត្តស្ងប់គោរពវិញ្ញាណក្ខន្ធ ក្នុងថ្ងៃខួប ៩ឆ្នាំ នៃការបាញ់សម្លាប់បណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ២០១៦-១០ កក្កដា ២០២៥ ។

សម្រង់សម្តីរបស់លោកបណ្ឌិត កែម ឡី ៖

១. “ខ្ញុំមិនមែនជាអ្នកវិភាគទេ ខ្ញុំជាអ្នករូតវាំងនន”។

២. “ពូមិនដែលគិតថា ពូអាចនឹងរស់នៅបានយូរនោះទេ ថ្ងៃណាមួយពូអាចស្លាប់ ឬត្រូវគេបាញ់សម្លាប់ តែដរាបណាពូមានជីវិត ពូនឹងនិយាយអ្វីដែលអ្នកដទៃមិនហ៊ាននិយាយ គ្មាននរណាម្នាក់ទិញពូ មិនឲ្យនិយាយបានទេ”។

៣. “ធ្វើអ្នកវិភាគ ត្រូវហ៊ានលះបង់ជីវិត” ។

៤. “ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត” ។

៥. “នៅពេលវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្ញុំនឹងមានជីវិតទេ“ ។

៦. “ខ្ញុំនឹងនិយាយអ្វីដែលអ្នកដទៃមិនហ៊ាននិយាយ“។

៧. “សុវត្ថិភាពខ្ពស់បំផុតដែលអាចការពារយើងបានជានិរន្តរ៍ គឺបេះដូងពលរដ្ឋ“។

៨. ”ខ្លាចស្លាប់ដោយសារជួយការពារពលរដ្ឋ និងបូរណភាពទឹកដី មិនមែនជាជម្រើសល្អទេ”។

៩. “អ្នកមានអំណាច មានលុយច្រើន ពីការកេងប្រវ័ញ្ចធនធានសង្គម ពីពលរដ្ឋខ្លួនឯងនោះ អ្នកអាចមានសុវត្ថិភាពតែពេលនៅរស់ទេ តែពេលស្លាប់ទៅ សូម្បីតែទីតម្កល់សាកសព ក៏អាចគ្មានសុវត្ថិភាពដែរ“ ។

១០. ”បើយើងនិយាយអ្វី គឺត្រូវនិយាយការពិត” ។

១១. “មុននឹងខ្ញុំវិភាគ គឺខ្ញុំបានគិតដល់ចំណុច៣ គឺត្រូវរត់ចោលស្រុក ត្រូវជាប់គុក និងត្រូវអស់ជីវិត“ ។

១២. “បើអ្នកមិនធ្វើអ្វីទាល់តែសោះ ក៏គង់តែទទួលរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ“ ។

គួរបញ្ជាក់ថា នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអង្គការសង្គមស៊ីវិល សហជីព សមាគម យុវជន បានជួបជុំគ្នាគោរពវិញ្ញាណក្ខន្ធ និងរំលឹកខួបមរណភាព ៩ឆ្នាំ ដល់វីរភាពលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងអ្នកការពារសិទ្ធិមនុស្សដ៏មានប្រជាប្រិយភាព មួយរូប ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខណៈពេលដែលលោកកំពុងពិសាកាហ្វេ នៅក្នុងហាង ស្តារម៉ាត ស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ រាជធានីភ្នំពេញ ។

ការជួបជុំរំលឹកខួប ៩ឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងរំលឹកដល់វីរភាពនិងការលះបង់របស់លោកបណ្ឌិតកែម ឡី ក្នុងកិច្ចការពារសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ ព្រមទាំងបន្តអំពាវនាវរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់លោក ។ បន្ទាប់មកពួកគេបានបន្តដំណើរទៅកាន់វត្តចាស់ ខណ្ឌជ្រោយចង្វា ដើម្បីធ្វើបុណ្យ​ បង្សុកូល ឧទ្ទិសកុសលជូនលោកបណ្ឌិត កែម ឡី តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ។

គួររម្លឹកថា សំណុំរឿងឃាតកម្មលើលោកបណ្ឌិតកែម ឡី គឺមានតែបុរសម្នាក់ ឈ្មោះ អឿត អាង ហៅជួប សម្លាប់ ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ អស់មួយជីវិត។ ការសម្រេចរបស់តុលាការដូចនេះ ដោយផ្អែកតាមចម្លើយសារភាពរបស់ឈ្មោះអឿត អាង ដែលថា រូបគេជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដោយសារលោក កែម ឡី មិនព្រមសងប្រាក់ជំពាក់ ចំនួន ៣០០០ដុល្លារ។ ប៉ុន្តែការអះអាងនេះ មិនត្រូវបានមហាជន និងក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ទទួលស្គាល់ទេ ដោយគេសង្ស័យមានអ្នកនៅពីក្រោយករណីឃាតកម្មនេះ។

          លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ និងស្រាវជ្រាវសង្គម ដែលជាអតីតសហការីលោកបណ្ឌិត កែម ឡី បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ថា «៩ឆ្នាំហើយ នៅតែមិនអាចជឿបាន ដែលថា បុរសឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ អះអាងថា លោកបណ្ឌិត កែម ឡី ជំពាក់លុយគាត់ ៣ពាន់ដុល្លារ ។ អត់មានព័ត៌មានថា អឿត អាង បានទៅទារលុយនោះម្តងណាផង ស្រាប់តែគាត់ទៅទិញកាំភ្លើង (ដែលឮថា មានតម្លៃជាង ៣ពាន់ដុល្លារ) ទៅបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ។ អឿត អាង ជាមនុស្សមានសតិអារម្មណ៍ធម្មតា មិនអាចថាមិនចេះគិតថា កូនបំណុលដែលស្លាប់ អត់អាចសងបំណុលបានទេ ហើយខ្លួនឯងជាឃាតករ ក៏នឹងជាប់ទោសមិនខាននោះទេ»៕ កុលបុត្រ

RELATED ARTICLES