Sunday, November 24, 2024
Homeនយោបាយលោកកឹម សុខា កោះ​ប្រជុំផ្ទៃ​ក្នុង​បក្ស ក្រោយ​ធ្លាយ​អនុវត្ត​តាម​ផែន​ការ​សម្តេច​ហ៊ុន សែន

លោកកឹម សុខា កោះ​ប្រជុំផ្ទៃ​ក្នុង​បក្ស ក្រោយ​ធ្លាយ​អនុវត្ត​តាម​ផែន​ការ​សម្តេច​ហ៊ុន សែន

ភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានកោះប្រជុំផ្ទៃក្នុងបក្ស ក្រោយពីបែកធ្លាយព័ត៌មានថាលោកអនុវត្តតាម ផែនការរបស់សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការឡើងធ្វើមេបក្ស ប្រឆាំង ជំនួសលោកសម រង្ស៊ី ហើយថ្មីៗនេះ មានប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ម្នាក់បានសុំលាលែងពីបក្សប្រឆាំង ក្រោម ហេតុផលថា លោកកឹម សុខា ធ្វើតាមបញ្ជា សម្តេចហ៊ុន សែន ព្រមទាំងបានស្នើឱ្យលោក កឹម សុខា លាលែងពីតំណែងប្រធានគណបក្ស សង្គ្រោះជាតិ។

តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ដែលមានឈ្មោះជាសមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការនាយក គណបក្ស ព្រមទាំងមានតួនាទីជាប្រធាន អនុប្រធាន និងជាសមាជិកគណៈកម្មការជំនាញ នៃរដ្ឋសភា បានចូលរួមប្រជុំផ្ទៃក្នុងបក្ស កាល ពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់លោកកឹម សុខា ប្រធានគណបក្ស និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម។

បើតាមការបញ្ជាក់ពីថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ បានឱ្យដឹងថា កិច្ចប្រជុំនេះ គឺផ្តោត សំខាន់ស្តីពីស្ថានការណ៍នយោបាយបច្ចុប្បន្ន។

សមាជិកគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ធំ ព្រមទាំងជាសមាជិកគណៈកម្មាធិការទី២ នៃរដ្ឋសភា លោកលិម គិមយ៉ា បាន បញ្ជាក់ប្រាប់ នគរធំនៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ថា នៅក្នុងកិច្ចប្រជុំនោះ លោកកឹម សុខា បានទទួលស្គាលថា លោកពិត ជាបានឆ្លើយឆ្លងជាមួយសម្តេចហ៊ុន សែន មែន ប៉ុន្តែលោកប្តេជ្ញាស្មោះត្រង់ជាមួយគណបក្ស មិនរត់ចោលគណបក្ស និងមិនបោះបង់ចោល សម រង្ស៊ី គឺនៅតែបន្តចាប់ដៃជាមួយលោក សម រង្ស៊ី ហើយលោករីករាយស្វាគមន៍ការ ប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលថានឹងបង្ហាញឯកសារសន្ទនានោះ។

លោកលិម គិមយ៉ា មានប្រសាសន៍ថា កាល ព្រឹកមិញហ្នឹង ប្រជុំតំណាងរាស្ត្រ ផ្តោតលើ របៀបវារៈច្រើន ទី១ លោកប្រធានកឹម សុខា ហ្នឹង ក៏បាននិយាយពីស្ថានភាពនយោបាយ ពី រឿងដែលខាងលោកហ៊ុន សែន ហ្នឹងផ្សាយសារ របស់គាត់ ដែលនិយាយជាមួយនឹងគាត់ ហើយ គាត់បានឱ្យយោបល់ទៅគ្នាយើងកុំឱ្យបារម្ភជាមួយនឹងគាត់ៗស្មោះត្រង់នឹងបក្ស ស្មោះត្រង់ នឹងលោកប្រធានសម រង្ស៊ី។ ការដែលមាននោះ គឺជាដំណោះស្រាយនយោបាយនៅក្នុងបរិបទ សព្វថ្ងៃនេះ គាត់បានថាអ៊ីចឹង។ ម៉្លោះហើយ គាត់សុំការទុកចិត្តពីសមាជិកទាំងអស់ ហើយ ការគាំទ្រទាំងអស់ ហើយរួមគ្នាឱ្យមានឯកភាព ក្នុងកិច្ចការអស់ហ្នឹង។ បញ្ជាក់សំខាន់ទី១ គាត់ មានការបារម្ភដែលគ្រាន់តែគណបក្សសង្គ្រោះជាតិ និយាយពាក្យស្លោកខ្លះ ខាងគណបក្ស ប្រជាជនកម្ពុជា គេចង់ប្តឹងផ្តល់ នេះមិនមែនជាបរិបទ មួយ ក្នុងការរៀបចំការបោះឆ្នោតដោយសេរី និង យុត្តិធម៌ទេ ហើយនេះជាការដែលគេធ្វើវិសោធនកម្មច្បាប់គណបក្សនេះ គឺក្នុងគំនិតរឹតត្បិត សេរីភាពក្នុងការនិយាយស្តីនៅពេលការឃោសនាបោះឆ្នោតនាពេលខាងមុខហ្នឹងទី១។ ទី២ លោកកឹម សុខា លោកប្រធានហ្នឹងបានថា ការដែលលោកបាននិយាយជាមួយនឹងសម្តេច នាយករដ្ឋមន្ត្រីហ្នឹងជាការពិត ហើយជាការ ធម្មតា ក្នុងសង្គមនយោបាយ ក្នុងឆាកនយោបាយ យើងត្រូវមានការចរចាគ្នា ការនិយាយ គ្នា ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ហើយការ សម្តេចនាយករដ្ឋមន្ត្រី ចង់បានអីខ្លះពីគាត់ៗវិនិច្ឆ័យទៅតាមហ្នឹងទៅ តើគាត់អាចយល់ព្រម ឬ មិនយល់ព្រម ទៅតាមផលប្រយោជន៍របស់ គណបក្សសង្គ្រោះជាតិ ហើយគាត់បានផ្តល់ សេចក្តីទុកចិត្តមកខាងយើង ខាងគណបក្ស សង្គ្រោះជាតិថា គាត់មិនបោះបង់គ្នាយើងទេ គាត់មិនក្បត់លោកប្រធានសម រង្ស៊ី ទេ គាត់ នឹងចាប់ដៃលោកប្រធានសម រង្ស៊ី រហូតដល់ ជោគជ័យឆ្នាំ២០១៨

លោកលិម គិមយ៉ា មានប្រសាសន៍បន្ត ថាការប្តេជ្ញានេះ គឺយើងបានឯកភាពទាំង អស់គ្នា សូមសរសើរលោកប្រធានយើង ដែល មានចក្ខុវិស័យដោះស្រាយបញ្ហានយោបាយ ដែលមានភាពតានតឹងពីឆ្នាំទៅមិញ ហើយដល់ គាត់បានដោះស្រាយពីភាពតានតឹងទៅ ដែល ចំណងលោកទាំងប៉ុន្មាន ខ្លះយើងអាចជូនគាត់ បាន ខ្លះក៏យើងជូនមិនបាន ដោយសារប៉ះពាល់ ផលប្រយោជន៍គណបក្ស។ តំណាងរាស្ត្រទាំងអស់ ក៏បានយល់ព្រមទៅតាមការពន្យល់របស់ ប្រធានយើងហ្នឹង គឺជាការសមរម្យជាការ ត្រឹមត្រូវក្នុងការដែលដោះស្រាយបញ្ហាអស់ហ្នឹង ដោយយើងអត់មានជំទាស់អីគាត់ទេ យើងថា យើងយល់ព្រមទាំងអស់ ហើយយើង មូលមាត់ធ្វើការជាមួយគ្នាដោយឯកភាព

លោកលិម គិមយ៉ា មានប្រសាសន៍បន្ត ទៀតថា បាទ! លោកប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា គាត់បាននិយាយជាច្រើនដងថា នេះគឺជាដំណោះស្រាយនយោបាយ។ ដើម្បីដោះស្រាយនយោបាយ គឺការ ជជែកគ្នា គឺទូរស័ព្ទ កាលណាមានរឿងអីគាំង យើងត្រូវតែជជែកគ្នាធម្មតាទេ ហ្នឹងគឺនៅក្នុង ឆាកនយោបាយ អ្នកនយោបាយ ដែលមានគណបក្សច្រើន ដើម្បីដោះស្រាយនោះ។ ហេតុដូច្នេះ ការដែលចរចា និយាយគ្នាតាមទូរស័ព្ទ គឺជា ការធម្មតា ក្នុងរឿងដោះស្រាយធម្មតា។ ក្នុង នេះដែរ ខ្ញុំបន្ថែមជាសំខាន់ថា សម្តេចនាយករដ្ឋមន្ត្រីកំញើញថា នឹងបញ្ចោញការចរចាគ្នា រវាងលោកប្រធានកឹម សុខា ហើយនិងសម្តេច នាយករដ្ឋមន្ត្រី តាម WhatsApp តាម Line អស់ហ្នឹង ប៉ុន្តែលោកប្រធានកឹម សុខា ថា អញ្ជើញ ឱ្យផ្សាយទៅចុះ គាត់អត់មានជាកង្វល់អីទេ រឿងនេះជារឿងធម្មតា

គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ បានព្រមាន បញ្ចោញសារសន្ទនាជាមួយលោក កឹម សុខា បន្ថែមទៀត បើលោកកឹម សុខា មិនព្រមទទួល ស្គាល់ការពិត ស្តីពីសំឡេងសន្ទនាតាមទូរស័ព្ទ ជាមួយសម្តេចនោះ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមាន ប្រសាសន៍នៅពេលនោះថាអ្នកឯងចង់សាក អី? បើចង់សាក ខ្ញុំទម្លាយទាំងអស់ តាំងពីក្នុង WhatsApp, SMS តិចអ្នកឯងថា ខ្ញុំជាមនុស្ស មិនបានការ គ្រាន់តែឯកសារដែលស្តុក ដែល អ្នកឯង SMS មកខ្ញុំ អ្នកឯង WhatsApp មកខ្ញុំ អ្នកឯង Telegrams មកខ្ញុំ អ្នកឯង Line មកខ្ញុំ អ្នកឯងចង់ឱ្យខ្ញុំបញ្ចោញអី? ខ្ញុំនឹង បញ្ចោញឱ្យអ្នកឯងមើលទាំងអស់ ហើយវា យ៉ាងម៉េច?”

ទោះជាយ៉ាងណា បន្ទាប់ពីមានការព្រមានបញ្ចោញសារសន្ទនាបន្ថែមទៀតពីសម្តេច ហ៊ុន សែន មកនោះ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០១៧ បើតាមមន្ត្រីជាន់ខ្ពស់ និងតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ បានអះអាងថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានទទួលស្គាល់ថា លោកពិតជាបានសន្ទនាជាមួយ សម្តេចហ៊ុន សែន ប្រាកដមែន ខណៈដែលលោក សម រង្ស៊ី អតីតមេបក្សប្រឆាំងមុននេះ បាន បញ្ចោញសារតាមទំព័រហ្វេសប៊ុករបស់លោកថា ឯកសារជាលាយលក្ខណ៍អក្សរ ឬជាសំឡេង ទាំងនោះជាការប្រឌិត ឬកាត់តយកមកផ្សព្វផ្សាយក្នុងបំណងញុះញង់បំបែកបំបាក់ផ្ទៃក្នុង គណបក្សសង្គ្រោះជាតិ…៕ កុលបុត្រ

RELATED ARTICLES