ភ្នំពេញ ៖ អ្នកលេងស្ទូចគំរបប្រេងកូឡាប្រុសស្រី ៤នាក់ ត្រូវបាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍ទួលសង្កែ ឆ្មក់ចូលបង្ក្រាបទីតាំងលេងល្បែង ស្ទូចប្រេងកូឡា ខុសច្បាប់ មួយកន្លែង កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ដែលស្ថិតនៅតាម បណ្តោយផ្លូវរថភ្លើង ក្រុមទី១ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។
ក្រុមអ្នកលេងស្ទួចគំរបប្រេងកូឡាដែលឃាត់ខ្លួនបាន ទី១ ឈ្មោះ សួន សើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងកាត់សក់ (អ្នកមើលការខុសត្រូវ) ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុម១ ភូមិទួលគោក សង្កាត់ទួលសង្កែ,ទី២ឈ្មោះ ខែម គឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប (អ្នកលេង) ស្នាក់នៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ, ទី៣ ឈ្មោះ ឆេង ផល្លា ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ មេផ្ទះ (អ្នកលេង) ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុម១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ និងទី៤ ឈ្មោះ វន់ ស្រស់ ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
សមត្ថកិច្ចបានអោយដឹងថាទីតាំងខាងលើនេះស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើងត្រូវក្រុម អ្នកនិយមលេងស្ទួចប្រេងកូឡានាំគ្នាអង្គុយលេងនៅតាមផ្លូវជារៀងរាល់ថ្ងៃទើបសមត្ថកិច្ច ដឹកនាំកម្លាំងចុះបង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ដែលកំពុងតែស្ទួចប្រេង កូឡា ព្រមទាំងបានដកហូតបានកំរាល១ផ្ទាំង គំរបប្រេងកូឡាចំនួន ២០,កញ្ចែ្រងជ័រចំនួន២,កៅអីជ័រសម្រាប់អង្គុយលេងចំនួន២,កាបូបស្ពាយដាក់ប្រាក់ចំនួន ១ និងទឹកប្រាក់ចំនួន ២២០,០០០រៀល និងប្រាក់ដុល្លាចំនួន ៥០ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួន យកទៅកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រី៤នាក់ខាងលើរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
កែវ ឈីម