Monday, November 25, 2024
Homeតារាខ្មែរស្វែង សុជាតា ចង់ក្លាយជាអ្នកដឹកនាំសម្ដែងកុន

ស្វែង សុជាតា ចង់ក្លាយជាអ្នកដឹកនាំសម្ដែងកុន

តារាជើងចាស់ អ្នកនាងស្វែង សុជាតា លេចមុខក្នុងរឿងខ្នាតធំរបស់ផលិតកម្មថោន រឿង ”ទឹកចិត្តម្ដាយសម័យថ្មី” ដែលសុជាតា សម្ដែងទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីស្សនិកជន ដោយសារតែអ្នកនាងលេងតួកម្សត់បានយ៉ាងសក្តិសមបំផុតដោយប៉ះជាមួយតារា៤ជំនាន់ មានអ្នកស្រីឌី សាវ៉េត អម្ពរ ទេវី  ស៊ឹម សូលិកា និងតារាសម្ដែងថ្មី ឌុច លីដា និងសុខ សោម៉ាវត្តី ជាដើម។

ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ អ្នកនាងស្វែង សុជាតា​ និយាយថា អ្នកនាងពិតជាមានមោទនភាពណាស់ដែលបានសម្ដែងភាពយន្ដ ដែលមានការនិពន្ធ និងដឹកនាំដោយអ្នកស្រីពាន់ ភួងបុប្ផា ពិសេសគឺ បានសម្ដែងប៉ះជាមួយអ្នកស្រីអម្ពរ ទេវី តែម្ដង។

អ្នកនាងសុជាតា បានប្រាប់ថា ”ខ្ញុំរីករាយមែនទែនដែលអ្នកនិពន្ធ និងដឹកនាំល្បីឈ្មោះ អ្នកស្រីពាន់ ភួងបុប្ផា គាត់ជ្រើសយកខ្ញុំសម្ដែងរឿង ”ទឹកចិត្តម្ដាយសម័យថ្មី” នេះ ព្រោះសាច់រឿងល្អមែនទែន អប់រំច្រើនណាស់។ ខ្ញុំពេញចិត្តថតរឿងនេះមែនទែន និយាយទៅ សប្បាយចិត្ត ហើយសង្ឃឹមថា ទស្សនិកជននឹងគាំទ្ររឿងនេះច្រើនជាមិនខាន”។

មុនឈានមកថតរឿង ”ទឹកចិត្តម្ដាយសម័យថ្មី” នេះ អ្នកនាងស្វែង​ សុជាតា​ បានថតភាពយន្ដខ្នាតធំរបស់អេនចេលីណា ចូលី គឺរឿង ”មុនដំបូង ខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ” ដែលតាមព័ត៍មានថា អ្នកនាងសុជាតា ទទួលបានតម្លៃខ្លួនខ្ពស់ហួសពីការរំពឹងទុក ពោលគឺថត១រឿង ស្មើថត១០រឿងផ្សេងទៀតឯណោះ។

អ្នកនាងសុជាតា បន្ថែមថា ”ខ្ញុំមិនអាចប្រាប់ពីតម្លៃខ្លួនថតរឿង ”មុនដំបូង ខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ” នេះបានតម្លៃប៉ុន្មានទេ ព្រោះជាគោលការណ៍របស់ក្រុមហ៊ុនហូលលីវូដ ដែលគាត់មិនឲ្យប្រាប់តម្លៃខ្លួន។ តែខ្ញុំអាចប្រាប់ថា ខ្ញុំពិតជាបានថ្លៃខ្ពស់មែន គឺជាតម្លៃមួយដែលខ្ញុំពេញចិត្តបំផុត”។

អ្នកនាងស្វែងសុជាតា ដែលពេលខ្លះថតរឿងកម្សត់ពេក ត្រូវសាច់រឿងខ្លួនឯង អង្គុយយំតែម្នាក់ឯងនោះ មានជំងឺដុះសាច់ក្នុងខួរក្បាល ដែលតម្រូវឲ្យព្យាបាលដោយយកចិត្តទុកដាក់បំផុត ហើយពេលនេះ អ្នកនាងប្រឹងថតទាំងឈឺតែម្ដង ដើម្បីផ្គត់ផ្គង់ជីវភាព។

អ្នកនាងសុជាតា វាចាថា ”ខ្ញុំដូចអច្ឆរិយៈអីចឹង តាមពិត ជំងឺខ្ញុំនោះធ្ងន់ធ្ងរ គ្រោះថ្នាក់ខ្លាំងណាស់ តែឥឡូវខ្ញុំគ្រាន់បើ អាចធ្វើការបានវិញហើយ ក្រោយផឹកថ្នាំខ្មែរត្រូវ។ ពេលនេះការងារសិល្បៈខ្ញុំមានភាពមមាញឹកច្រើន តែបំណងដែលខ្ញុំប្រាថ្នាមិនទាន់បានសម្រេចនោះ គឺខ្ញុំចង់ក្លាយទៅជាអ្នកដឹកនាំសម្ដែងថតកុន។ ខ្ញុំចង់យូរហើយ និងសង្ឃឹមថា ថ្ងៃក្រោយខ្ញុំអាចធ្វើវាបាន ដោយសារខ្ញុំមានបទពិសោធន៍ថតកុនច្រើនដែរ គឺប្រហែលជាជាង១០០រឿងហើយ។ ខ្ញុំក៏ធ្លាប់ប្រាប់អ្នកស្រីពាន់ ភួងបុប្ផា ដែរថា ខ្ញុំចង់ធ្វើអ្នកដឹកនាំរឿង ហើយជឿថាថ្ងៃក្រោយគាត់នឹងជួយខ្ញុំដែរ”៕

RELATED ARTICLES