Sunday, July 27, 2025
Homeព័ត៌មានជាតិមន្ត្រី ប.ស.ស អំពាវនាវសមាជិកគ្រួសារ ចុះបញ្ជីឱ្យបានគ្រប់គ្នា

មន្ត្រី ប.ស.ស អំពាវនាវសមាជិកគ្រួសារ ចុះបញ្ជីឱ្យបានគ្រប់គ្នា

ភ្នំពេញ ៖ លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់សមាជិក ប.ស.ស ទាំងអស់ដែលមានប្រពន្ធឬប្តី និងកូនក្នុងបន្ទុក សូមចុះបញ្ជីពួកគាត់ជាសមាជិក ប.ស.ស ឱ្យបានគ្រប់គ្នា ដើម្បីបង្ការហានិភ័យហិរញ្ញវត្ថុនៅពេលមានជំងឺដែលមិនអាចព្យាករណ៍បាន។

លោកបណ្ឌិត បានបន្តថា ការអំពាវនាវនេះបានធ្វើឡើងខណៈគិតត្រឹមសប្តាហ៍នេះ ប.ស.ស មានសមាជិកចុះបញ្ជីជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ២១០ ២៩៣នាក់ (ស្រី១២១ ១៧៤នាក់) ក្នុងចំណោមសមាជិក ប.ស.ស សរុបជាង ៣លាន២សែននាក់ (ស្រី១,៨លាននាក់)។ ក្នុងនោះ បុគ្គលនៃវិស័យសាធារណៈ ៥១ម៉ឺន៨ពាន់នាក់ បុគ្គលនៃវិស័យឯកជន ១លាន៩៥ម៉ឺននាក់ និងបុគ្គលស្វ័យនិយោជន៍ ៥២ម៉ឺននាក់។

លោកបណ្ឌិត បានបន្តថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ផ្តល់អត្ថប្រយោជន៍ដូចជា សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ និងប្រាក់បំ ណាច់មាតុភាព។ ដោយសមាជិក គ្រាន់តែបង់ភាគទាន ២ខែ ជាប់គ្នា មានសិទ្ធិចូលប្រើប្រាស់នៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស ទាំងរដ្ឋនិងឯកជន។

គួរបញ្ជាក់ថា ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស លោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌមួយចំនួន ដូចជា សហព័ទ្ធ (ប្តីឬប្រពន្ធ) ត្រូវសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅ ស្នាក់នៅ ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ។ ចំណែកកូនក្នុងបន្ទុក ត្រូវមានសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និង/ឬអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅនិង ត្រូវមានអាយុក្រោម ១៨ឆ្នាំ៕

RELATED ARTICLES