នៅក្នុងផ្លែក្រូច អ្នកប្រហែលជាដឹង ត្រឹមតែមានវីតាមីនC ប៉ុណ្ណោះ ប៉ុន្តែ តាមពិតផ្លែក្រូចមានប្រយោជន៍ច្រើនចំពោះសុខភាព រាងកាយ ដូចជា ៖
ជាថ្នាំបំប៉នរាងកាយដ៏ល្អ ៖ ព្រោះគ្រាន់តែពិសាក្រូចស្រស់ ១០០ក្រាម ( ១ខាំ ) នឹងបានទទួលសារធាតុបេតាការ៉ូទីន ដល់ទៅ ៨២មីក្រូក្រាម និងវីតាមីន C ៤២មិល្លីក្រាម គ្រប់គ្រាន់ សម្រាប់តម្រូវការរាងកាយក្នុងមួយថ្ងៃ។
ជួយបន្ថយស្នាមជ្រីវជ្រួញធ្វើឱ្យស្បែកភ្លឺថ្លា ៖ នៅពេលអាយុកើនឡើង ជាតិខូលឡាចេនក្នុងរាងកាយសំយោគបានតិចជាងមុន ប៉ុន្តែក្រូចអាចបង្កើនជាតិខូលឡាចេនបាន បើអ្នកពិសាជាប្រចាំ វាអាចជួយលុបបំបាត់ស្នាមជ្រីវជ្រួញ ជួយឱ្យស្បែកមានភាពយឺតយារបានល្អ មិនស្ងួតប្រេះ ធ្វើឱ្យស្បែកមុខភ្លឺថ្លា។
ជួយប្រឆាំងរ៉ាឌីកាល់សេរី ៖ ដែលមកបំផ្លាញស្បែកឱ្យទ្រុឌទ្រោម បង្កជាស្នាមជ្រីវជ្រួញ។ សារធាតុបេតាការ៉ូទីនក្នុងផ្លែក្រូច ជួយបន្ថយភាពចុះខ្សោយនៃរាងកាយ ធ្វើឱ្យស្បែក សរសៃសក់ មានសុខភាពល្អ សរសៃឈាមរឹងមាំ។ អ្នកដែលពិសាក្រូចជាប្រចាំ រមែងមានស្បែកមុខថ្លា ក្មេងជាងវ័យ ដោយប្រការនេះ។
មានជាតិកាល់ស្យូមនិងវីតាមីន D ស្រដៀងនឹងទឹកដោះគោ ៖ ជាតិកាល់ស្យូមដែលបានពីក្រូចទៅជំនួយឆ្អឹង ថែមទាំងទទួលបានវីតាមីន C និង វីតាមីន D គ្រប់គ្រាន់ ជួយបង្កើនការផលិតឆ្អឹង ឱ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត។
ជួយបំបាត់អាការចេញឈាមតាមជើងធ្មេញ ៖ វីតាមីន C ក្នុង ផ្លែក្រូច អាចជួយកុំឱ្យចេញឈាមតាមជើងធ្មេញ ប៉ុន្តែក្នុងក្រូចក៏មាន អាស៊ីដអាស៊ីទិក អាចបំផ្លាញសារធាតុស្រោបធ្មេញ បំផ្លាញផ្ទៃក្រៅរបស់ធ្មេញ។
បំបាត់អាការស្រេកទឹក ៖ ការពិសាទឹកក្រូច អាចជួយបំបាត់ អាការស្រេកទឹកបាន និងបង្កើនភាពស្រស់ស្រាយដល់រាងកាយ។
ជួយបំប៉នខ្សែភ្នែក ៖ ជួយការពារមិនឱ្យកើតបាយភ្នែក។
ជួយបន្ថយភាពតានតឹងអារម្មណ៍ ៖ អ្នកដែលពិបាកចិត្ត គេងមិនលក់ មុនពេលគេងគួរពិសាក្រូចឱ្យបាន ២ផ្លែ ជាប់ៗគ្នាជាច្រើនថ្ងៃ នោះនឹងអាចបន្ថយភាពតានតឹងអារម្មណ៍បាន។
ជួយបង្ការជំងឺស្លាប់អវយវៈ ៖ ប្រសិនបើពិសាផ្លែឈើត្រកូលក្រូច ជាប្រចាំវាអាចជួយបាន។
បង្ការទល់លាមក ៖ ដោយសារកាកសរសៃក្នុងក្រូច ជួយឱ្យការបន្ទោបង់បានស្រួល មានគុណសម្បត្តិជាថ្នាំបញ្ចុះប្រភេទស្រាល។
សំបកក្រូចជួយកែអាការវិលមុខ ៖ ដោយសារវាមានជាតិប្រេងក្រអូប ជួយកែអាការវិលមុខ ធ្វើឱ្យរាងកាយមានអារម្មណ៍ធូរស្រាល និងជួយជំរុញប្រព័ន្ធប្រសាទបានល្អ។
សំបកក្រូចមានសារធាតុជួយបន្ថយជាតិខ្លាញ់កូលេស្តេរ៉ូល ៖ រួមទាំងបន្ថយជាតិស្ករក្នុងឈាម និងជួយចម្រាញ់សារធាតុពុលក្នុងថ្លើម។ បើពិសាក្រូចរួមជាមួយអាហារដែលជាសាច់សត្វ នឹងអាចជួយរំលាយអាហារ ដែលមានជាតិខ្លាញ់ច្រើន បានយ៉ាងល្អ។
សំបកក្រូចមានប្រសិទ្ធភាព អាចបំផ្លាញកោសិកាមហារីក
សំបកក្រូចប្រើជំនួសថ្នាំបណ្តេញមូស ៖ យកសំបកក្រូចក្រៀម មកដុតភ្លើងឱ្យមានក្លិន នោះអាចបណ្តេញមូសបាន។ ជាតិប្រេងក្រអូប ក្នុងសំបកក្រូច នឹងភាយក្លិនចេញមក ជួយមិនឱ្យមូសមកក្បែរអ្នកបាន៕