ភ្នំពេញ ៖ បុរសវ័យចំណាស់មានជំងឺលើសឈាមប្រចាំកាយម្នាក់ កំពុងដើរហាត់ប្រាណ នៅតាមផ្លូវសុខៗ ស្រាប់តែដួលបោកទៅនឹង ថ្នល់ បណ្តាលឱ្យសន្លប់ស្តូកស្តឹង និងដាច់ខ្យល់ ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូន ដល់មន្ទីរពេទ្យ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ ២៥ពទ ស្ថិតក្នុងភូមិត្នោតជ្រំ៥ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ។
បុរសចំណាស់រងគ្រោះ មានឈ្មោះដាំ ណាវី អាយុ៥៣ឆ្នាំ មុខរបរនៅផ្ទះ មានជំងឺ លើសឈាមប្រចាំកាយ ស្នាក់នៅបន្ទប់ជួលក្នុង ភូមិកើតហេតុខាងលើ និងមានស្រុកកំណើត នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យ ដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានដើរហាត់ប្រាណនៅលើ ដងផ្លូវដូចសព្វមួយដង។ លុះពេលកំពុងហាត់ ប្រាណសុខៗ ស្រាប់តែជនរងគ្រោះ បានដួល បោកក្បាលទៅលើថ្នល់ សន្លប់ស្តូកស្តឹងតែម្តង ទើបធ្វើឱ្យប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាស្ទុះ មកជួយសង្គ្រោះបឋមនិងទាក់ទងហៅរថយន្ត សង្គ្រោះមកដឹកបញ្ជូនជនរងគ្រោះទៅកាន់ មន្ទីរពេទ្យរុស្ស៊ី ដើម្បីសង្គ្រោះជីវិត។
ប្រភពដដែលបន្តថាតាមសភាពជាក់ស្តែង ជនរងគ្រោះ ហាក់បែកពពុះមាត់ និងខ្វេខ្វង់ ដៃជើង។ លុះពេលក្រុមសង្គ្រោះមកដល់ ជួយ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី មិនបានប៉ុន្មាន ផង ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម តែម្តង។
លោកសួស សុខា មេភូមិត្នោតជ្រំ៥ បាន បញ្ជាក់ប្រាប់ថា ជនរងគ្រោះ ពិតជាបានដួល ដោយខ្លួនឯង អំឡុងពេលកំពុងដើរហាត់ប្រាណ បណ្តាលឱ្យបោកក្បាលទៅនឹងថ្នល់សន្លប់ស្តូកស្តឹង និងត្រូវប្រជាពលរដ្ឋជិតខាងជួយបញ្ជូន ទៅកាន់មន្ទីរពេទ្យតាមរយៈរថយន្តសង្គ្រោះ។ លុះទៅដល់មន្ទីរពេទ្យដោយសារប្រជាពលរដ្ឋ ដែលជូនទៅនោះមានការរវល់ត្រូវត្រឡប់មក ផ្ទះវិញ មិនបាននៅកំដរជនរងគ្រោះនោះទេ។ ចំណែកជនរងគ្រោះមានកូនចៅដែរ តែនៅ សង្កាត់ចោមចៅឯណោះ ទម្រាំមកដល់មន្ទីរ– ពេទ្យ គឺឪពុកបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារដឹកទៅធ្វើបុណ្យ តាមប្រពៃណី នៅផ្ទះឯសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕