
ខេត្តកំពង់ធំ ៖ បណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គម ដែលសព្វថ្ងៃកំពុងរស់នៅខេត្តកំពង់ធំ បានស្នើភាគីថៃ ឈប់យកឈាមដ៏ក្រហមឆ្អិនឆ្អៅរបស់មនុស្ស មកគូសព្រំដែនថ្មី ដើម្បីឈ្លានពានកម្ពុជា តទៅទៀត ហើយសូមចាត់ទុកការបង្ហូរឈាមកន្លងទៅនេះ ជាអតីតកាល ត្រូវនាំគ្នាកសាងទំនាក់ទំនងល្អជាមួយគ្នាជាបណ្តើរៗវិញ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ថា “សេចក្តីអំពាវនាវដល់ប្រទេសថៃ : សុំអំពាវនាវដល់ប្រជាពលរដ្ឋថៃ ដល់រាជរដ្ឋាភិបាលថៃ ដល់សភាថៃ ទាំងពីរ ជាពិសេសដល់កងទ័ពថៃ សុំមេត្តាឈប់យកឈាមដ៏ក្រហមឆ្អិនឆ្អៅរបស់មនុស្ស មកគូសព្រំដែនថ្មី រវាងប្រទេសយើងទាំងពីរ តទៅទៀត ។ យើងអាចនាំគ្នាចាត់ទុកការបង្ហូរឈាមកន្លងទៅនេះ ជាអតីតកាល ហើយយើងនាំគ្នាកសាងទំនាក់ទំនងល្អជាមួយគ្នាជាបណ្តើរៗវិញ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋទាំងពីរ ដែលរស់នៅសងខាងនៃព្រំដែនខ្មែរ-ថៃ“ ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរបន្ថែម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ថា “មិនគោរពការសន្យា ធ្វើឲ្យមានចម្បាំង និងធ្វើឲ្យរាស្ត្ររត់ចោលផ្ទះសម្បែងរបស់ពួកគេ : ខ្ញុំធ្លាប់ជាជនភៀសខ្លួន ។ ខ្ញុំធ្លាប់ធ្វើការជាមួយជនភៀសខ្លួនខ្មែរដូចគ្នា នៅជំរំសៃធូ នៅប្រទេសថៃ ។ ខ្ញុំជាប្រតិភូខ្មែរម្នាក់ នៅក្នុងគណៈកម្មការមួយជជែកគ្នារកដំណោះស្រាយមាតុភូមិនិវត្តន៍ជនភៀសខ្លួន/ភៀសសឹក និងការកសាងប្រទេសខ្មែរ ឡើងវិញ នៅសន្និសីទទីក្រុងប៉ារីស ឆ្នាំ១៩៨៩/១៩៩១ ដែលសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ។ ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ នេះ បានសន្យាផង ទទួលស្គាល់និងគោរពអធិបតេយ្យ ឯករាជ្យ បូរណភាពនិងភាពមិនរំលោភបាននៃដែនដី អព្យាក្រឹតភាពនិងឯកភាពជាតិនៃកម្ពុជា ព្រមទាំងបានធានាឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា ។ ការធានាអន្តរជាតិទាំងនេះ បានធ្វើឲ្យខ្ញុំជឿជាក់យ៉ាងមាំថា នឹងលែងមានការឈ្លានពានពីប្រទេសហត្ថលេខី និងជម្លោះប្រដាប់អាវុធក្នុងប្រទេស នឹងលែងមានជនភៀសសឹក ជនភៀសខ្លួនខ្មែរទៀតហើយ ។ តែខ្ញុំខកចិត្តយ៉ាងខ្លាំង និងមានវិបដិសារៈច្រើនលើកច្រើនគ្រា : ឆ្នាំ១៩៩៤ សង្គ្រាមខ្មែរក្រហម ប្រឆាំងរដ្ឋាភិបាលនៅបាត់ដំបង ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ រត់ភៀសសឹក ។ នៅឆ្នាំ១៩៩៧ ជម្លោះប្រដាប់អាវុធនៅភ្នំពេញ បានធ្វើឲ្យមនុស្សក៏ច្រើនដែរ ភៀសសឹក ។ ឥឡូវនេះទៀត សង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើទឹកដីខ្មែរ បានធ្វើឲ្យប្រជាពលរដ្ឋយើង ជាច្រើនគ្រួសារ រត់ចេញពីផ្ទះសម្បែង និងភូមិ-ឃុំរបស់ពួកគាត់ ទៅស្នាក់នៅឆ្ងាយៗពីសមររភូមិ” ។

ស្របនឹងការលើកឡើងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ខាងលើនេះ លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ដែលជាកូនសិស្សរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ថា យើងមិនចង់ធ្វើសង្រ្គាមទេ ព្រោះសង្រ្គាមនេះ វាមិនចំណេញ វាមិនធ្វើឲ្យជាតិសាសន៍ទាំងពីរ បានសុខក្សេមក្សាន្ត ក្រៅពីព្រាត់ប្រាសនិរាស ស្លាប់ របួស ពិការ ហើយនិងបាត់បង់ទ្រព្យសម្បត្តិជាតិទាំងសងខាង ទាំងពីរជាតិសាសន៍ ប៉ុន្តែវាពិបាកក្នុងការជជែកដោះស្រាយជាទ្វេភាគី ព្រោះកន្លងមក សៀម ឬថៃ តែងតែយកឯកតោភាគី មកបង្កើតបញ្ហា ។ ដូច្នេះយើងត្រូវការចាំបាច់នូវភាគីទី៣ គឺតាមរយៈយន្តការអាស៊ាន យន្តការសហគមន៍អន្តរជាតិ ជាអ្នកជួយគាំទ្រ សង្កេតការណ៍ ផ្ដល់ជាយោបល់នៃការផ្សះផ្សា ស្វែងរកសន្តិភាព និងបញ្ចប់ជម្លោះការទូត ក៏ដូចជាសង្រ្គាមប្រយុទ្ធគ្នា ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា សំណេររបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ លោកផ្ដោតអំពីសន្តិភាព លោកផ្ដោតអំពីភាតរភាពនៃប្រទេសជិតខាង បើទោះបីអតីតកាលប្រវត្តិសាស្រ្ត វាមានភាពជូរចត់ ភាពដែលគឃ្លើនរបស់អ្នកដឹកនាំថៃ មិនថាស្ដេចថៃ ឬក៏អ្នកដឹកនាំរដ្ឋបាល ជានាយករដ្ឋមន្រ្តី ពី១ជំនាន់ ទៅ១ជំនាន់ ហើយនិងកងទ័ព ពី១អាណត្តិ ទៅ១អាណត្តិ តែងតែសង្រ្គឺត សន្សំចិត្ត និងគំនិតជ្រុលនិយម ដើម្បីរំលោភនូវអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ។ យើងមើលហើយ តាំងពីសតវត្សរ៍ទី១៤ មក ជាងរាប់រយឆ្នាំមក ដែលយើងឃើញថា ការឈ្លានពានរបស់សៀម មកលើកម្ពុជា បែបណាៗ យើងឃើញជាប្រវត្តិសាស្រ្តហើយ ដូចជាសម័យលង្វែក សម័យឧដុង្គ បន្តបន្ទាប់ នៃស្ដេចខ្មែរយើង គឺព្រះបាទអង្គឌួង ដែលព្រះអង្គទប់ទល់មិនឲ្យយួន សៀម ដណ្ដើមពុះចែកគ្នា ដើម្បីប៉ុនប៉ងចង់លេបត្របាក់ទឹកដីមហានគរយើង គឺកម្ពុជាហ្នឹង ពីសំណាក់យួន ខាងកើតទន្លេមេគង្គ ពីសំណាក់សៀម ខាងលិចទន្លេមេគង្គ ។ អ៊ីចឹងហើយ អានេះវាជាគ្រោះថ្នាក់របស់ប្រទេសជាតិ នៅពេលដែលមានសត្រូវបរទេសឈ្លានពាន តែអ្វីដែលក្នុងនាមជាបញ្ញវន្ត ជាបណ្ឌិត អ្នកប្រាជ្ញ លោកបណ្ឌិត ឡៅ ម៉ុងហៃ ចង់ឃើញសន្តិភាពមួយ ដែលពួកជ្រុលនិយម ដោយអ្នកដឹកនាំ មិនថាផ្នែកយោធា មិនថាស្ដេចថៃ ឬក៏នាយករដ្ឋមន្រ្តីថៃ តែងតែចិញ្ចឹមចិត្ត ប៉ុនប៉ងចង់យកកម្ពុជា ត្រួតត្រាបែបអាណានិគម ឬក៏ជាការរណបណាមួយ ដែលប្រទេសតូច ប្រទេសទន់ខ្សោយ ហើយប្រទេសសៀម គេមានឥទ្ធិពលផ្នែកយោធារឹងមាំ ឬខ្លាំងក្លាបែបណា ហើយមានសេដ្ឋកិច្ចដែលអាចទប់ទល់ជាមួយនឹងប្រទេសខ្សោយ ចង់ជាន់ឈ្លី ឈ្លានពាន ជារឿងមួយនៃប្រវត្តិសាស្រ្តអតីតកាល ក៏ដូចជាអ្វីដែលកម្ពុជា ទប់ស្កាត់ ទាំងរដ្ឋាភិបាល ទាំងប្រជាពលរដ្ឋខ្មែរយើង ទាំងបក្សក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ជាពិសេសស្មារតីជាតិ របស់ប្រជារាស្រ្តខ្មែរ គឺមិនចង់ឃើញអំពើទុរយស ទុច្ចរិតរបស់ពលរដ្ឋសៀមជ្រុលនិយម កងទ័ពសៀមជ្រុលនិយម ឬក៏មហិច្ឆតាការលោភលន់របស់ស្ដេចថៃ មកលើកម្ពុជា“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អាហ្នឹងវាចែកគ្នាឲ្យដាច់ ប៉ុន្តែយើងក៏មិនចង់ឃើញនូវព្រំដែនដាច់ខ្សែ ប្រទេសជិតខាងណាដែលបង្កើតឡើងនូវសង្រ្គាមទេ យើងចង់បានសន្តិភាព កិច្ចសហប្រតិបត្តិការ កសាងទំនុកចិត្តគ្នាឡើងវិញជាបណ្ដើរៗ ហើយយើងមិនចង់ធ្វើសង្រ្គាមទេ សង្រ្គាមនេះ វាមិនចំណេញ វាមិនធ្វើឲ្យជាតិសាសន៍ទាំងពីរហ្នឹងបានសុខក្សេមក្សាន្ត ក្រៅពីព្រាត់ប្រាសនិរាស ស្លាប់ របួស ពិការ ហើយនិងបាត់បង់ទ្រព្យសម្បត្តិជាតិទាំងសងខាង ទាំងពីរជាតិសាសន៍ហ្នឹង ។ អ៊ីចឹងខ្ញុំថា មិនមែនជាការមិនយល់ស្រប ឬក៏ជំទាស់អីទេ ប៉ុន្តែក្នុងកាលៈទេសៈនយោបាយនេះ គឺថាប្រជាពលរដ្ឋយើង នៅមានស្មារតីជាតិនិយម ប៉ុន្តែមិនជ្រុលនិយមទេ ស្មារតីជាតិ ត្រឹមតែការអធិបតេយ្យ បូរណភាពទឹកដី ហើយរឿងដែលអរិភាពរវាងជាតិ វាមិនមែនរវាងពលរដ្ឋទេ វារវាងអ្នកដឹកនាំនៃជាតិសាសន៍នីមួយៗ ក្នុងការដឹកនាំប្រទេសហ្នឹង តើក្នុងអន្តរកាលនៃសង្រ្គាម ក្នុងការដែលមិនគោរពសន្ធិសញ្ញា កិច្ចព្រមព្រៀងព្រំដែន ក៏ដូចជាច្បាប់អន្តរជាតិ សន្ធិសញ្ញាអន្តរជាតិ គឺវាអាស្រ័យនៅលើការជជែក ។ ការជជែកនេះ យើងដឹងហើយថា បើយើងទ្វេភាគី ដោះស្រាយបញ្ហាព្រំដែន ដោះស្រាយបញ្ហាដែលនៅសេសសល់ពីព្រំដែន ហើយនិងការជ្រុលជ្រួសគ្នា ដែលរំលោភបំពាននូវកិច្ចព្រមព្រៀងណាមួយ ដែលយើងនិយាយត្រឹមតែកិច្ចព្រមព្រៀង MOU អនុស្សរណយោគយល់គ្នា ឆ្នាំ២០០០ ក៏យើងឃើញថា ប្រទេសសៀម តែងតែមានចិត្តចង់រំលោភ ជាន់ឈ្លីឬក៏បំពាន ឬក៏ប្រើឥទ្ធិពលណាឲ្យយើងជារដ្ឋមួយស្មើមុខស្មើមាត់ ទៅជារណប ។ ដល់ទៅជារណបហ្នឹងហើយ ដែលយើងមិនអាចធ្វើបានក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមបក្សក្រៅរដ្ឋាភិបាល សង្គមស៊ីវិល ពិសេសពលរដ្ឋម្ចាស់ឆ្នោតដែលជាម្ចាស់ប្រទេស ម្ចាស់ទឹក ម្ចាស់ដី ធានាការពារដោយរដ្ឋធម្មនុញ្ញ ហើយយើងដឹងហើយថា សន្ធិសញ្ញាទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជា ដែលអនុលោមចេញពីសន្ធិសញ្ញាទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ជំពូកទី១ មាត្រា២ មាត្រា៣ហ្នឹង ក៏មិនអាចមានអ្នកណារំលោភបំពានបានដែរ ។ អ៊ីចឹងមិនអាចរំលោភបំពានអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យភាព អព្យាក្រឹត្យ គឺថានេះគឺជាការចាំបាច់ ដែលយើងត្រូវការពារជាដាច់ខាត“ ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងមានន័យថា កាលៈទេសៈនេះ ក្នុងនាមគាត់ជាអ្នកប្រាជ្ញ បណ្ឌិត ហើយជាអ្នកច្បាប់អន្តរជាតិ ជាបណ្ឌិតសេដ្ឋកិច្ចនៅប្រទេសអង់គ្លេស លោកមើលឃើញគំនិតដែលចង់បានសន្តិភាពបែបធម៌អហិង្សា ដោះគ្នាដោយសន្តិវិធី បែបទស្សនៈព្រះពុទ្ធ ដែលយើងដឹងថា ប្រទេសថៃ សម្បុរស្បែក ប្រជាពលរដ្ឋទាំងពីរហ្នឹង វាប្រហាក់ប្រហែលគ្នា ហើយកាន់សាសនាព្រះពុទ្ធ ប្រពៃណីអីហ្នឹង មិនជាខុសគ្នាទេ ភាសាអីហ្នឹង គឺស្រដៀងៗគ្នា ទៅដល់៣០ ទៅ៤០% ដែលជាកម្ចីនៃភាសាខ្មែរ ទៅភាសាថៃ ព្រោះថា ប្រទេសថៃ កើតនៅក្នុងសតវត្សរ៍ទី១៤ ហើយកម្ពុជាយើង តាំងពីសម័យបុរេប្រវត្តិខ្មែរយើង ។ អ៊ីចឹងយើងមើលឃើញអំពីកាលៈទេសៈនយោបាយ នៃការមានស្មារតីជាតិនិយម រវាងជាតិសាសន៍ទាំងពីរ ទៅនឹងអតីតកាលប្រវត្តិសាស្រ្ត ហើយតើយើងត្រូវធ្វើអ្វីនៅក្នុងយុគសម័យមួយ ដែលជាបច្ចេកវិទ្យា AI ឌីជីថល ក៏ដូចជាប្រព័ន្ធ Social Medea បែបណា ដើម្បីផ្សះផ្សារបួសស្នាមអរិភាពហ្នឹង កុំឲ្យវាកាន់តែជ្រៅទៅៗ រហូតក្លាយជាសត្រូវសួពូជ ទៅដល់អវសាននៃប្រទេសនីមួយៗច្រើនជំនាន់តកូនតចៅ វារឹតតែហានិភ័យខ្ពស់ទៅៗ នៃការរើសអើង ។ ការរើសអើងនេះ វាធ្វើឲ្យយើងមិនអាចចាប់ដៃគ្នាឲ្យបាត់ភាពល្អក់កករឡើងវិញ នូវភាតរភាព មិត្តភាព ប្រទេសជិតខាង ភូមិផងរបងជាមួយ គឺកាន់តែបង្កើតជាសត្រូវ តកូនតចៅ អាហ្នឹងហើយដែលជាគ្រោះថ្នាក់ ក្នុងនាមយើងជាសមាជិកក្នុងប្រទេសអាស៊ាន ក្នុងនាមយើងធ្វើជំនួញជួញដូរសេដ្ឋកិច្ច គឺថាត្រូវខាតទាំងសងខាង ។ អាហ្នឹងហើយជាចំណុចដែលថា ការកសាងទំនុកចិត្តបានឬមិនបាន ហើយបញ្ចប់នូវសង្រ្គាម ដែលជាការធ្វើឲ្យវាមានការស្លាប់បាត់បង់ជីវិត បង្ហូរឈាមគ្នាទៅគំនូសព្រំដែនសន្តិភាព លែងមានសនិ្តភាព ទៅជាសង្រ្គាម ជារៀងរហូត នៃការបាញ់សម្លាប់ ទាក់ទងទៅនឹងឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មមនុស្សជាតិ ឧក្រិដ្ឋកម្មមនុស្សធម៌អន្តរជាតិ ទៅនឹងការដើរផ្ទុយនៃសន្ធិសញ្ញាអន្តរជាតិ ក្នុងនាមយើងជាប្រទេសសមាជិកអាស៊ានផង យើងដើរផ្ទុយយន្តការរដ្ឋធម្មនុញ្ញអាស៊ាន ជាពិសេស យើងដើរផ្ទុយទៅនឹងលក្ខន្តិកៈនៅក្នុងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលប្រទេសយើងនីមួយៗ នៃអាស៊ាន គឺជាសមាជិកអង្គការសហប្រជាជាតិផង ហើយប្រទេសសៀម យួន ឡាវ ចិន អាមេរិកអីហ្នឹង គឺសុទ្ធតែជាអតីតប្រទេសហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដើម្បីធានាបាននូវអ្វីដែលមិនអាចរដ្ឋបរទេស មករំលោភអធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹត ឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធបានឡើយ ហើយយើងត្រូវតែអនុវត្តច្បាប់ហ្នឹងទៅ ហើយយើងជាសមាជិកនៃតុលាការព្រហ្មទណ្ឌ (ICC) ក៏ដូចជាសមាជិកនៅក្នុងលក្ខន្តិកៈ ដែលត្រូវតែគោរពនូវតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងសន្ធិសញ្ញាបារាំង-សៀម នៅឆ្នាំ១៩០៤ ១៩០៧ អីទាំងអស់ហ្នឹងទៀត សំណួរសួរថា តើយើងកម្ពុជា មិនចង់បានសង្រ្គាមទេ យើងចង់បានសន្តិភាព ហើយជាប្រទេសទន់ខ្សោយ ប្រទេសតូច ហើយយើងអាចរំលោភបំពានប្រទេសដែលមានសេដ្ឋកិច្ច កូនខ្លានៅអាស៊ី ឬក៏ប្រទេសដែលគេមានសម្ភារយោធាទំនើបៗបានទេ? យើងគ្រាន់តែធ្វើសង្រ្គាមទប់ នៅពេលដែលគេបង្កើតសង្រ្គាម រំលោភឈ្លានពានពីសត្រូវបរទេស កងទ័ពសៀមជ្រុលនិយម មកឈ្លានពាន យើងមិនចង់បង្កើតសង្រ្គាម តែយើងធ្វើសង្រ្គាមទប់ ដើម្បីរក្សានូវស្ថិរភាព អធិបតេយ្យ បូរណភាពទឹកដី សម្រាប់សន្តិភាពដល់រដ្ឋកម្ពុជា ដល់ប្រជារាស្រ្តខ្មែរ តែប៉ុណ្ណឹងទេ” ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្ថែមថា “អ៊ីចឹងទុកឲ្យច្បាប់អន្តរជាតិ ក៏ដូចសហគមន៍អន្តរជាតិ ពិសេសមហាអំណាចអាមេរិក និងចិន ដែលជាមហាអំណាចមួយ កំពុងតែមើលឃើញនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាតំបន់អាស៊ាន នៃភូមិសាស្រ្តនយោបាយ ជាអ្នកដោះស្រាយ ជាអ្នកសម្របសម្រួល។ មនុស្សពីរនាក់ឈ្លោះគ្នា យើងមិនអាចឲ្យពីរនាក់ហ្នឹងរកដំណោះស្រាយសន្តិភាពបានដោយទ្វេភាគីទេ ព្រោះប្រទេសកន្លងមក យើងតែងតែធ្វើពហិការដោយឯកតោភាគី ដូចជាករណីកាលពីសង្រ្គាមរាំងជល ៥ថ្ងៃ គឺកងទ័ពសៀម ជាអ្នកបង្កហេតុ ហើយរដ្ឋាភិបាលសៀម នេះគឺថាជារដ្ឋាភិបាលមួយ ចែកគ្នាដាច់ រវាងរដ្ឋាភិបាលជានាយករដ្ឋមន្រ្តី គ្រប់គ្រងបែបរដ្ឋបាលស៊ីវិល ប៉ុន្តែអំណាចក្នុងការបង្កើតសង្រ្គាម ឬក៏សិទ្ធិធ្វើរដ្ឋប្រហារ ដើម្បីគ្រប់គ្រងរដ្ឋាភិបាលស៊ីវិល គឺស្ដេចថៃ និងពួកអាមាត្យ ដែលជាមេកងទ័ព ស្ថិតនៅក្នុងការគ្រប់គ្រងរបស់ព្រះមហាក្សត្រថៃ រាមាទី១០ ហ្នឹង គឺថាគាត់មានសិទ្ធិគ្រប់សព្វបែបយ៉ាង ។ អ៊ីចឹងហើយ វាពិបាកក្នុងការជជែក ក្នុងការដោះស្រាយជាទ្វេភាគី ហើយបើមានឥទ្ធិពលម្ខាងៗទៅទៀត គឺថាសៀម តែងយកឯកតោភាគីហ្នឹង មកបង្កើតបញ្ហា ។ អ៊ីចឹងយើងត្រូវការចាំបាច់នូវភាគីទី៣ ដើម្បីសម្របសម្រួល គឺថាយន្តការអាស៊ាន យន្តការសហគមន៍អន្តរជាតិ មានអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខអចិន្រ្តៃយ៍ ហើយនិងក្រុមប្រឹក្សាសនិ្តសុខ ទាំង១៥ប្រទេស នៃអង្គការសហប្រជាជាតិ ក៏ដូចជាច្បាប់តុលាការ ICJ ក៏ដូចជាច្បាប់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជាដើម ទើបយើងដោះស្រាយក្នុងយន្តការច្បាប់អន្តរជាតិ ដែលមានសហគមន៍អន្តរជាតិ ជាអ្នកជួយគាំទ្រ ជួយសង្កេតការណ៍ ជួយផ្ដល់ជាយោបល់នៃការផ្សះផ្សាស្វែងរកសន្តិភាព និងបញ្ចប់សង្គ្រាម ជម្លោះការទូត ក៏ដូចជាសង្រ្គាមប្រយុទ្ធគ្នាអីជាដើមហ្នឹង“ ៕ កុលបុត្រ