
ភ្នំពេញៈ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម តារាកំប្លែងជើងចាស់ល្បីល្បាញ៣ទសវត្សរ៍ បានចេញមុខឆ្លើយតបទៅនឹងវីរកងទ័ពដែលយល់ច្រឡំថា លោកប្រមាថដល់វីរកងទ័ពភេទទី៣ ដោយលោកបដិសេធថា លោកមិនដែលមានចេតនាអាក្រក់ក្នុងការប្រមាថមើលងាយកងទ័ពកម្ពុជាដែលជាភេទទី៣នោះទេ គឺមានតែនឹកកោតសរសើរដល់ភាពអង់អាចរបស់ពួកគាត់ដែលហ៊ានចូលសមរភូមិប្រយុទ្ធ តែអ្វីដែលលោកខម្មិននៅក្នុងបណ្ដាញសង្គមនោះ គឺចង់ចំអកទៅខ្ទើយសៀមថា មានភេទទី៣ច្រើន ទើបច្បាំងចាញ់ខ្មែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នាយក្រឹម បានបង្ហោះរូបមួយសន្លឹក នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក អមដោយអត្ថន័យថា ខ្លួនលោករស់នៅលើទឹកដីខ្មែរ មានពូជពង្សជាតិសាសន៍ខ្មែរឆ្លងកាត់សង្គ្រាមបីជំនាន់។ លោកក៏បានបញ្ជាក់ថា ខ្មែរមិនដែលចង់ឈ្លានពានទឹកដីប្រទេសដទៃ មិនមែនល្មោភសង្គ្រាមឡើយ រួមទាំងអំពាវនាវដល់អន្តរជាតិជួយរកយុត្តិធម៌ដល់ប្រទេសកម្ពុជា សុំឱ្យដោះលែងដល់ទាហានខ្មែរ១៨នាក់ដែលថៃចាប់យកទៅត្រឡប់មកមាតុភូមិវិញ។

ក្រោយបានឃើញនាយក្រឹម លើកឡើងតាមបណ្ដាញសង្គមដូចខាងលើនេះ មានគណនីហ្វេកប៊ុកមួយ បានបញ្ចេញមតិលើការបង្ហោះរបស់តារាកំប្លែងជើងចាស់រូបនេះថា «said: ភេទទី៣ធ្វើឱ្យបាត់ធនធានមនុស្ស “ ។
ការខម្មិននេះ នាយក្រឹម បានឆ្លើយតបវិញថា «ថៃមានខ្ទើយច្រើន វាបាត់ធនធានយោធា ដោយសារវាអ៊ីចឹងហើយបានជាចាញ់ខ្មែរ ព្រោះទាហានថៃភាគច្រើនខ្ទើយបានជាចាញ់ទ័ពកម្ពុជា យល់! » ។
ពាក្យសម្តីឆ្លើយតបរបស់នាយក្រឹម ខាងលើនេះ បានធ្វើឱ្យសាធារណជនមួយចំនួន បញ្ចេញមតិរិះគន់លោក និងទាមទារឱ្យតារាកំប្លែងរូបនេះចេញមុខសុំទោសដល់វីរកងទ័ព ។
ក្នុងនោះមានវីរកងទ័ពម្នាក់ ឈ្មោះផល ចាន់តារា បានប្រតិកម្ម មិនពេញចិត្តនឹងខមិ្មនពូក្រឹម ខាងលើ និងបានស្នើឲ្យតារាជើងចាស់រូបនេះចេញសារ ឬវីដេអូ សុំទោសវីរកងទ័ពដែលជាភេទទីបី ។

ឆ្លើយតបនឹងការរិះគន់ និងការស្នើសុំខាងលើនេះ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ថា លោកមិនបានប្រមាថមើលងាយដល់វីរកងទ័ពភេទទី៣កម្ពុជា នោះទេ គឺលោកនិយាយសំដៅទៅដល់ភេទទី៣សៀម ឯណោះទេ ។ ដូច្នេះលោកសុំឲ្យមានការយល់ពីចំណុចនេះ ព្រោះក្នុងនាមជាអ្នកសិល្បៈជើងចាស់ម្នាក់ លោកឲ្យតម្លៃកងទ័ពកម្ពុជាដែលឈរជើងនៅសមរភូមិមុខណាស់ គ្មានរឿងអីដែលត្រូវទៅប្រមាថមើលងាយវីរកងទ័ពខ្លួននោះទេ ។
នាយក្រឹម បាននិយាយថា “ ខ្ញុំអត់ចង់ឆ្លើយទេ ព្រោះគាត់និយាយមកអត់បានមើលប្រធានបទខ្ញុំ ។ ខ្ញុំនិយាយភាសាមួយ សុំទោសចុះ ព្រោះតាំងពីដើម ខ្ញុំធ្លាប់និយាយអ៊ីចឹង ខ្ញុំនិយាយថា ខ្ទើយសៀម វាប្រមូលខាងខ្ទើយសៀមហ្នឹងចូលធ្វើទាហាន ពាក្យខ្ញុំនិយាយថា ធនធានអ៊ីចឹង បានជាចាញ់ខ្មែរ ។ ខ្ញុំនិយាយនេះ យើងមើលរូបភាពដែលមុនសង្រ្គាមហ្នឹងឃើញពួកវាយ៉ាងដូច្នេះ អានេះខ្ញុំនិយាយពីរូបភាព ។ យើងស្ម័គ្រចិត្តធ្វើទាហាន ប្រទេសកម្ពុជាយើងមិនអាចយកអាហ្នឹងមកផ្ដាច់ជាត្រីមុខទេ គឺបច្ចុប្បន្ននេះ រើសតាំងពីកម្រិតវប្បធម៌បាក់ឌុបឡើងលើ បានគេយក អតីតកាលជារឿងផ្សេង តែបច្ចុប្បន្ននេះ គឺគិតបាក់ឌុប និងគិតពីកម្ពស់ អត្តចរិត “ ។

លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បន្តទៀត “អ៊ីចឹងបានខ្ញុំគ្រាន់តែសរសេរថា ថៃវាយកធនធានវាអ៊ីចឹងបាន ទើបបានវាចាញ់ខ្មែរ ហើយគ្រាន់តែពាក្យប៉ុណ្ណឹង ថាខ្ញុំមើលងាយខ្ទើយ ហើយចុះពាក្យខ្ទើយសៀមហ្នឹង ពួកប្អូនៗហ្នឹងទៅកាន់ខ្ទើយសៀមដែរអ្ហី? ខ្ញុំមានវ៉ៃប្រហារថាខ្ទើយខ្មែរឯណា? ខ្ញុំលើកទឹកចិត្តកងទ័ពថា ពួកអាអ៊ីចឹងៗស្រួលបាញ់វាយកជ័យជម្នះ យើងអត់មានមើលងាយខាងភេទទី៣ខ្មែរយើងឯណា? ពួកសប្បុរសធម៌ គេខំតស៊ូចង់ងាប់ គេខំខ្នះខ្នែងរកមូលធិនិអី ខ្ញុំអរគុណគេ ជួយស៊ែរទៀត ។ អានេះខ្ញុំអត់ចង់និយាយលើកកកាយ កុំឲ្យខាងប្អូនៗចៅៗហ្នឹងខឹង ហើយឲ្យគាត់មើលសាដើមវិញថា ខ្ញុំសរសេរហ្នឹង សរសេរសៀម ខ្ញុំមានដែលនិយាយខ្មែរដូចសៀមឯណា? ខ្ញុំមានដែលប្រើពាក្យហ្នឹងឯណា? អត់មានពាក្យណាទៅមើលងាយគ្នាទេ…” ។
លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បន្តថា “ ហ្នឹងហើយ! កុំឲ្យយល់ច្រឡំថាខ្ញុំហ្នឹងមាក់ងាយភេទទី៣ខ្មែរ ខ្ញុំនិយាយខ្ទើយសៀម ខ្ញុំស្អប់សៀម យើងនិយាយបង្អាប់វា ដើម្បីឲ្យកងទ័ពមានស្មារតី ខ្ញុំមានទៅនិយាយបង្អាប់អ្នកណា? បង្អាប់សៀមហ្នឹង ហើយខ្ញុំមិនចង់ឲ្យបង្កាត់ភ្លើងដោយការយល់ច្រឡំនេះតទៅមុខទៀតទេ ព្រោះយើងកំពុងតែស្ងប់អារម្មណ៍គោរពវិញ្ញាណក្ខន្ធកងទ័ពយើង កុំឲ្យមានបញ្ហាឆេះឡើងសាជាថី្ម…” ។

ជាចុងក្រោយ ក្រៅពីបានបញ្ជាក់ជាថ្មីថា លោកមិនបានប្រមាថមើលងាយវីរកងទ័ពកម្ពុជាភេទទី៣នោះ នាយក្រឹម ក៏បានជូនពរដល់វីរកងទ័ពទទួលបានជម្នះគ្រប់ពេលវេលា និងបានជូនដល់ថ្នាក់ដឹកនាំកម្ពុជាផងដែរ ដែលបានយកចិត្តទុកដាក់ដល់វីរកងទ័ពដ៏អង់អាចក្លាហាន ។
នាយក្រឹម បានថ្លែងថា “ខ្ញុំជាអ្នកកំប្លែងមួយរូប ឆ្លងកាត់៣ជំនាន់ហើយ ខ្ញុំដឹងថា វីរកងទ័បយើងពុះពារស៊ូណាស់ ហើយខ្ញុំបាទក៏សុំផ្ញើក្ដីនឹករលឹក សុំជូនពរដល់វីរកងទ័ពយើង ដែលរួចផុតពីសង្រ្គាម ឲ្យលោកមានសុខភាពល្អឡើងវិញ ហើយលោកមានជ័យជម្នះក្នុងផ្លូវចិត្ត ។ រាជរដ្ឋាភិបាលយកចិត្តទុកដាក់រហូត ថ្វីត្បិតតែមិនទាន់មានសង្រ្គាម ក៏រាជរដ្ឋាភិបាលយើងផ្គត់ផ្គង់អ៊ីចឹងដែរ ហើយទី២ ខ្ញុំក៏គោរពវិញ្ញាណក្ខន្ធដល់វីរបុរសយើង ដែលគាត់បានចែកឋានក្នុងសមរភូមិ សុំឲ្យបានទៅសុគតិភព កើតជាតិណាៗជាកូនខ្មែរ ស្នេហាជាតិដដែល ហើយបងប្អូនយើងមានរបួសស្នាមពីសង្រ្គាមហ្នឹង សូមឲ្យប្អូន ក្មួយឆាប់ជាឡើងវិញ ដើម្បីបានបម្រើក្នុងជួរកងទ័ពយើងដដែល ហើយសូមអរគុណនិងសូមជូនពរសដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់មានសុខភាពល្អ អាយុយឺនយូរ កូនៗ ចៅយើងទាំងអស់ក៏មានសុខភាពល្អ រាជរដ្ឋាភិបាលយើងមិនមើលនឹងភ្នែកទេ ហើយនិងសប្បុរសជនយើងតិចក្ដី ច្រើនក្ដី លោកជួយឧបត្ថម្ភរហូត ជូនពរឲ្យមានសុខភាពល្អ ហើយមានជ័យជម្នះគ្រប់ភារកិច្ច ទេវតាជួយថែរក្សាអស់លោក កូនក្មួយ ពុកម៉ែបងប្អូននៅជំរំភៀសសឹក សុំឲ្យទេវតាថែរក្សាទាំងអស់ ទាំងវីរកងទ័ពយើងទាំងអស់ ឲ្យបានសេចក្ដីសុខសប្បាយ” ៕
