
ភ្នំពេញ ៖ បន្ទាប់ពីមេបញ្ជាការយោធភូមិភាគទី២ថៃ ប៊ុនស៊ីន ផាតក្លាង ដែលខ្មែរ ហៅអាបាតឃ្លាំង ឬអាបាត់ខ្លាំង និងចាត់ទុកជាជនបង្កឧក្រិដ្ឋកម្មសង្គ្រាមឈ្លានពានកម្ពុជា បានប្រកាសផែនការ បង្កសង្គ្រាមជាថ្មី ដើម្បីដណ្តើមកាន់កាប់ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ របស់កម្ពុជា ដែលស្ថិតក្នុងដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ហើយក្រសួងការពារជាតិកម្ពុជា ការប្រកាសថា នេះជាភ័ស្តុតាងមិនអាចប្រកែកបាន បញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជា ដោយចេតនា និងគិតទុកជាមុន នោះមក អ្នកឃ្លាំមើល និងបណ្ឌិតបញ្ញវន្ត បានលើកឡើងថា កម្ពុជា ចាំបាច់ត្រូវធ្វើតាមយន្តការច្បាប់អន្តរជាតិ គឺត្រូវប្តឹងមេទ័ពភូមិភាគ២ថៃ ដ៏ទំនើងនេះ ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) អំពីបទបង្កឧក្រិដ្ឋកម្មសង្គ្រាម ។
លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ថា “យោបល់ ៖ កម្ពុជា ចាំបាច់ត្រូវប្តឹងឧត្តមសេនីយ៍ថៃ លោក Boonsin Phatklang ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) អំពីបទបង្កឲ្យមានឧក្រិដ្ឋកម្មសង្គ្រាម ដែលបណ្តាលឲ្យមនុស្សជាច្រើន បានបាត់បង់ជីវិត ទាំងភាគីកម្ពុជា និងថៃ។ ជាមួយគ្នានេះ ពលរដ្ឋនៃប្រទេសទាំងពីរ រាប់ម៉ឺន ក្លាយជាជនភៀសសឹក និងរងគ្រោះជាទម្ងន់ ពីផលប៉ះពាល់នៃការអុជអាលបង្កសង្គ្រាមនៃប្រទេសទាំងពីរ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកម៉ែន ណាត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ថា មូលហេតុដែលកម្ពុជា ចាំបាច់ត្រូវដាក់ពាក្យបណ្ដឹងប្រឆាំងទៅនឹងឧត្ដមសេនីយ៍ប៊ុនស៊ីន ផាតក្លាង មេទ័ពភូមិភាគ២ របស់ថៃ ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺទី១ មេទ័ពរូបនេះ ជាឧក្រិដ្ឋជនសង្រ្គាម ដោយមិនប្រកែកបាន និងទី២ គាត់រំលោភសិទ្ធិមនុស្ស បង្កការឈឺចាប់ដល់មនុស្សជាតិ ដែលប្រឆាំងនឹងច្បាប់មនុស្សជាតិអន្តរជាតិ ។
លោកម៉ែន ណាត បានមានប្រសាសន៍ថា “បាទ! ត្រូវប្ដឹងមេទ័ពភូមិភាគ២ថៃ ប៊ុនស៊ីន ផាតក្លាង ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ។ មូលហេតុអីត្រូវប្ដឹង? គឺគាត់ជាអ្នកបង្កឲ្យមានសង្រ្គាម ញុះញង់ឲ្យមានសង្រ្គាមរវាងប្រទេសកម្ពុជា និងថៃ បង្កើតឲ្យមានការឈ្លានពានមកលើទឹកដីកម្ពុជា ។ អ៊ីចឹងកម្ពុជា ចាំបាច់ត្រូវពិចារណាទៅ ត្រូវដាក់ពាក្យបណ្ដឹងប្រឆាំងទៅនឹងលោកឧត្ដមសេនីយ៍ប៊ុនស៊ីន ផាតក្លាង របស់ថៃ ដែលឲ្យមានសង្រ្គាមរាំងជល បង្កឲ្យមានមនុស្សជាច្រើនស្លាប់នៅក្នុងសង្រ្គាមហ្នឹង បង្កឲ្យមានជនភៀសសឹក រាប់ម៉ឺននាក់ បង្កឲ្យមនុស្សរងគ្រោះ និងការឈឺចាប់គ្រប់បែបយ៉ាងទាំងអស់ ។ ទី១ គាត់គឺជាឧក្រិដ្ឋជនសង្រ្គាម ។ លោកប៊ុនស៊ីន ផាតក្លាង ហ្នឹង គឺជាឧក្រិដ្ឋជនសង្រ្គាមដោយមិនប្រកែកបាន ។ ទី២ គាត់រំលោភសិទ្ធិមនុស្ស បង្កការឈឺចាប់ដល់មនុស្សជាតិ ដែលប្រឆាំងនឹងច្បាប់មនុស្សជាតិអន្តរជាតិ ។ អ៊ីចឹងបានយើងជំរុញឲ្យមានការប្ដឹងលោកប៊ុនស៊ីន ផាតក្លាង ទៅតុលាការ ICC របស់ទីក្រុងឡាអេ បន្ថែមទៅលើបណ្ដឹងរបស់កម្ពុជា មួយទៀត គឺបណ្ដឹងទៅតុលាការ ICJ តុលាការយុត្តិធម៌អន្តរជាតិ ស្ដីពីជម្លោះព្រំដែន»។

លោកម៉ែន ណាត បន្តថា «អាបណ្ដឹងទៅ ICJ គឺពាក់ព័ន្ធនឹងអ្វីដែលថៃ រំលោភអធិបតេយ្យកម្ពុជា ហើយកម្ពុជា ចាត់វិធានការប្ដឹងនេះ គឺដើម្បីការពារដែនអធិបតេយ្យរបស់កម្ពុជា ទៅ ICJ ។ ចំណែកឯប្ដឹងលោកប៊ុនស៊ីន ផាតក្លាង គឺប្ដឹងទៅតុលាការមួយទៀត គឺតុលាការអន្តរជាតិ ICC ឬហៅថាតុលាការឧក្រិដ្ឋកម្មអន្តរជាតិនោះ ប្ដឹងអំពីការប្រឆាំងនឹងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងបទឧក្រិដ្ឋប្រឆាំងសង្រ្គាម ។ អ៊ីចឹងរដ្ឋាភិបាលកម្ពុជា មានភ័ស្តុតាងគ្រប់គ្រាន់ហើយ ដែលខ្ញុំមើលទៅ តាមសេចក្ដីរាយការណ៍របស់ឧត្ដមសេនីយ៍ជួរមុខ នៅតាមតំបន់ព្រំដែន បានរាយការណ៍រឿងហ្នឹងដោយផ្ទាល់មាត់ ទៅកាន់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ក្រុមអនុព័ន្ធយោធារបស់ទូតជាច្រើន ដែលគាត់ទៅសង្កេតការណ៍ហ្នឹង មានរបាយការណ៍ផ្ទាល់មាត់ហើយ និងមានរបាយការណ៍ជាលាយលក្ខណ៍អក្សរបន្ថែមទៀត ភ្ជាប់ទៅជាមួយគ្នា ដាក់ប្ដឹងប្រឆាំងនឹងប៊ុនស៊ីន ផាតក្លាង ហ្នឹងទៅ ចំពោះឧក្រិដ្ឋកម្មមួយនេះ ដែលកម្ពុជា ពិចារណាទៅ រឿងហ្នឹង“ ។
ស្រដៀងគ្នានេះដែរ លោកបណ្ឌិត តាំង សុខងី អតីតអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ដែលមានជំនាញផ្នែកការទូត បានលើកឡើងនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ថា “ប៊ុនស៊ីន ផាតក្លាង ចូលអន្ទាក់តុលាការ ICC ហើយ ។ តាមការអះអាងរបស់គាត់ ថានឹងវាយយកប្រាសាទខ្មែរទាំងបី និងតំតំបន់ជុំវិញប្រសាទព្រះវិហារ មុនចូលនិវត្តន៍ ៥០ថ្ងៃខាងមុខមកដល់ គឺបង្ហាញភ័ស្តុតាងកាន់តែច្បាស់ថា មេដឹនាំម្នាក់នេះ គឺស្ថិតនៅពីក្រោយអំពើឈ្លានពាន និងបទឧក្រិដ្ឋកម្មសង្រ្គាមនៅកម្ពុជា យ៉ាងពិតប្រាកដ។ សូមរង់ចាំមើលទាំងអស់គ្នា បងប្អូន“ ។
ដោយឡែក ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាសែរាជវង្សមួយព្រះអង្គ បានសួរទៅរាជរដ្ឋាភិបាលកម្ពុជា ថាតើពេលណា ប្ដឹងមេទ័ពភូមិភាគ២ថៃ ទៅ ICC អំពីបទបង្កឧក្រិដ្ឋកម្មសង្គ្រាម?
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានបង្ហោះរូបភាពមេទ័ពភូមិភាគថៃ ប៊ុនស៊ីន ផាតក្លាង នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ព្រះអង្គ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ភ្ជាប់ជាមួយសំណេរថា “ហើយពេលណាទៅ ទើបយើងដាក់ពាក្យបណ្តឹង ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ?” ។
គួរកត់សម្គាល់ថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោកប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគ២ថៃ បានអះអាងថា កងទ័ពរបស់ខ្លួន បានព្យាយាមវាយដណ្តើមកាន់កាប់ប្រាសាទតាក្របី ដល់ទៅ ៤ដង តែទទួលបរាជ័យ ដោយសារតែនៅទីនោះ មានកងកម្លាំងកម្ពុជា នៅក្បែរជាប់ប្រាសាទ ទប់ជប់ ហើយក៏ជាភូមិសាស្រ្តពិបាកវាយលុក និងជាចម្ការមីន។ លោកថា ពេលនេះ ទាហានថៃ កំពុងតែស្ថិតនៅចម្ងាយប្រមាណ ៣០ម៉ែត្រ ពីប្រាសាទតាក្របី។

ក្រោយការថ្លែងរបស់មេទ័ពភូមិភាគ២ថៃ ខាងលើនេះ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យកងទ័ពថៃ លោកឧត្តមសេនីយ័ទោ វីនថៃ ស៊ុវ៉ារី បានចេញមុខបដិសេធការលើកឡើងរបស់មេបញ្ជាការភូមិភាគ២ថៃនេះ ដោយថា លោកប៊ុនស៊ីន ផាតក្លាង មិនបាននិយាយថា នឹងវាយយកប្រាសាទតាក្របី ដោយប្រើប្រាស់កម្លាំងទ័ពទេ តែថៃ នឹងប្រើប្រាស់មធ្យោបាយសមស្រប។
អ្នកនាំពាក្យដដែល បានអះអាងថា ថៃ គ្មានចេតនាញុះញង់ ឬរៀបចំផែនការប្រើប្រាស់កម្លាំងយោធា ក្នុងការវាយយកប្រាសាទតាក្របី ឡើយ ដោយថៃ នឹងប្រើមធ្យោបាយសមស្របផ្សេង ហើយលោកក៏បាននិយាយផងដែរថា លោកនឹងរៀបចំដើម្បីពិភាក្សាអំពីបញ្ហានេះនៅក្នុងក្របខ័ណ្ឌ RBC (គណៈកម្មាធិការព្រំដែនក្នុងតំបន់) ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរសប្តាហ៍ ហើយបានសង្កត់ធ្ងន់លើជំហររបស់ថៃ ក្នុងការមិនដកថយពីខ្សែបន្ទាត់ពង្រាយកងទ័ពដើមឡើយ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីស្តីទី របស់ថៃ លោកភូមិថាំ វេឆៈយៈឆ័យ ក៏បាននិយាយថា លោកមិនបានដឹងរឿងមេទ័ពបាដក្លាង និយាយដូចខាងលើនេះទេ តែយ៉ាងណា លោកថា អ្នកនាំពាក្យកងទ័ពថៃ បានចេញសេចក្តីបញ្ជាក់បដិសេធសម្តីរបស់មេទ័ពភូមិភាគ២ ប៊ុនស៊ីន បាតក្លាង នេះរួចហើយ។
ទោះបីជាយ៉ាងណា ក្នុងសំណុំរឿងដណ្តើមគ្រប់គ្រងប្រាសាទតាក្របី និងតាមាន់ធំ នេះ ប្រធានរដ្ឋសភាថៃ លោក វ៉ាន់មូហាម៉ាត់ ណ័រមៈថា បានគាំទ្រផែនការឈ្លានពានរបស់មេទ័ពភូមិភាគទី២ថៃ ទៅវិញ រហូតដល់ប្រធានរដ្ឋសភាកម្ពុជា សម្ដេច ឃួន សុដារី បានចេញសេចក្ដីថ្លែងការណ៍ សម្តែងការខកចិត្ត និងចាត់ទុកការប្រកាសរបស់ប្រធានសភាថៃ នេះ ជាភ័ស្តុតាងជាក់ស្តែង និងមិនអាចប្រកែកបាន បញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជា ដោយចេតនា និងដោយគិតទុកជាមុន ។
ដោយឡែក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតផ្លូវការ ២ដោយឡែកពីគ្នា ទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីជម្រាបជូនអំពីហានិភ័យដែលកំពុងកើនឡើង និងការគំរាមកំហែងចំពោះបទឈប់បាញ់ដ៏ផុយស្រួយបំផុត រវាងកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ និងការតវ៉ាផ្សេងៗទៀត ទៅភាគីថៃ លើការចោទប្រកាន់គ្មានភ័ស្តុតាងមកលើកម្ពុជា ៕ កុលបុត្រ