Thursday, August 14, 2025
Homeព័ត៌មានជាតិសហការីថា ទម្លាក់បទចោទកឹម សុខា ស្តារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក

សហការីថា ទម្លាក់បទចោទកឹម សុខា ស្តារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក

ភ្នំពេញ ៖ អតីតសហការីលោកកឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ)  ក្នុងនោះរួមមានទាំងលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅប្រទេសបារាំង បានលើកឡើងថា ដើម្បីស្ដារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក កម្ពុជា ត្រូវតែទម្លាក់បទចោទលោកកឹម សុខា ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក ២៧ឆ្នាំ (ជាប់ឃុំក្នុងផ្ទះ) និងដកសិទ្ធិគ្រប់យ៉ាងជាស្ថាពរ ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស”។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ថា “ត្រូវទម្លាក់ចោលសំណុំរឿងដែលចោទលោក កឹម សុខា និងអាមេរិក រួមគ្នាផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ។ ស្តារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ឡើងវិញ“ ។

បន្ថែមពីលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនខ្មែរ នៅទីក្រុង ចមបេរី (Chambéry) ប្រទេសបារាំង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោក សម រង្ស៊ី បាននិយាយអំពីជំហរនិងលក្ខខណ្ឌក្នុងការទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយនៅកម្ពុជា រួមទាំងលោកកឹម សុខា ជាអតីតសហការីរបស់លោកផងដែរ ។

លោក សម រង្ស៊ី បានមានប្រសាសន៍នៅពេលនោះថា “មិនមែនរឿងបុគ្គលទេ រឿងសំខាន់គោលការណ៍ ស្មារតី និងប្រទេសជាតិ ។ បុគ្គលស្លាប់ទាំងអស់ ហ៊ុន សែន ក៏ស្លាប់ សម រង្ស៊ី ក៏ស្លាប់ ប៉ុន្តែប្រទេសជាតិ រស់គង់វង្ស ស្មារតីសីលធម៌ សច្ចធម៌ យុត្តិធម៌ គំនិតដែលធ្វើឲ្យប្រទេសយើងជាតិលឿនហ្នឹង យើងត្រូវធ្វើម៉េចឲ្យគំនិតរស់រវើក ហើយយកមកអនុវត្ត ។ អត់ហ៊ុន សែន ក៏ដោយ អត់សម រង្ស៊ី ក៏ដោយ ដើម្បីជាសក្ខីភាពនៃអ្វីដែលខ្ញុំនិយាយ ខ្ញុំសូមប្រកាសមុនថា ខ្ញុំស្ងាត់ ឈប់និយាយអីទាំងអស់ សុំឲ្យមានអ្វីដែលបង្ហាញថា មានស្មារតីថ្មីមួយ ដែលយើងទទួលយកមក ។ ឧទាហរណ៍ជាក់ស្ដែង ឈប់រឿងឪពុកស៊ន តារា ឲ្យគាត់រួចខ្លួន ឈប់ចាប់គេដាក់គុក ប្រធានគណបក្សកម្លាំងជាតិ ដោះលែង! អ្នកទោសនយោបាយ ដោះលែងមក! កឹម សុខា ឲ្យគាត់រួចខ្លួន ឈប់រករឿងខ្មែរណាដែលគេគ្រាន់តែសម្ដែងមតិ ចាប់គេដាក់គុក រករឿងគេ មិនឲ្យគេធ្វើសិទ្ធិនយោបាយ ឈប់ដកសញ្ជាតិអីហ្នឹង ។ បើប៉ុណ្ណឹង អត់មានពាក់ព័ន្ធជាមួយសម រង្ស៊ី ផ្ទាល់ទេ ខ្ញុំសន្យាថា ខ្ញុំឈប់និយាយអីទាំងអស់ ព្រោះខ្ញុំដឹងថា ដំណើរការនេះល្អហើយ ឆ្ពោះទៅទិសខាងហ្នឹងត្រូវហើយ ជំហានហ្នឹង វាត្រូវហើយ បន្តទៀតទៅ អាហ្នឹងជាក់ស្ដែង ធ្វើបានតើ! ឥឡូវខ្ញុំគ្មានពាក់ព័ន្ធអី មានចំណេញអី? ឲ្យឪពុកស៊ន តារា គាត់រួចខ្លួន ឲ្យអ្នកទោសនយោបាយ ឲ្យចេញពីគុក កុំឲ្យហ៊ុន សែន រករឿងគេអ្នកដទៃទៀត ឲ្យតែគេនិយាយហើបមាត់ ថាគេឧទ្ទាម ចង់ដកសញ្ជាតិគេ គំរាមកំហែងគេ ។ ខ្ញុំចង់បានតែប៉ុណ្ណឹងទេ អាហ្នឹងស្មារតី គេហៅថាគុណធម៌ គេហៅថាសីលធម៌ ដែលត្រូវរស់រើក បុគ្គលណាទៅណាមកណាស្លាប់ អាហ្នឹងវាអត់សំខាន់ទេ វាគង់តែស្លាប់ទាំងអស់គ្នា ប៉ុន្តែធ្វើម៉េចឲ្យជាតិយើងរស់ ធ្វើម៉េចឲ្យខ្មែរយើងខ្លាំងនិងរឹងមាំ ហើយឈរលើស្មារតីហ្នឹង ។ អ៊ីចឹងធ្វើម៉េចប្រាប់ហ៊ុន សែន ទៅ កុំយករឿងបុគ្គល ចង់ដកសញ្ជាតិ ចង់ចាប់ដាក់គុក អត់សំខាន់ទេបុគ្គលនោះ ហ៊ុន សែន ឯងក៏ស្លាប់ថ្ងៃណាមួយដែរ ។ អ៊ីចឹងធ្វើម៉េចឲ្យខ្មែរយើងរស់ ឲ្យជាតិយើងរស់ ហើយធ្វើម៉េចឲ្យរុងរឿង កុំឲ្យគេមើលងាយខ្មែរ ដូចសព្វថ្ងៃទៀត“ ។

ស្របនឹងការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី និងជាអតីតសហការីលោកកឹម សុខា ផងដែរ ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានលើកឡើងថា អ្វីដែលលោក ដូណាល់ ត្រាំ និងសហរដ្ឋអាមេរិក ចង់បានបំផុតនោះ គឺការដោះលែងលោក កឹម សុខា ដែលតុលាការ ចោទប្រកាន់លោក កឹម សុខា ថាបានគប់គិតជាមួយអាមេរិក ក្នុងការផ្តួលរំលំរដ្ឋាភិបាល ហើយដោះលែងអ្នកទោសមនសិការ ស្តារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងការរៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ។

លោកអ៊ុំ សំអាន បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “លោក ហ៊ុន ម៉ាណែត បានផ្ញើលិខិតទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាពដើម្បីគាំទ្របេក្ខភាពលោក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព គឺជារឿងល្អហើយយើងគាំទ្រនូវគំនិតនេះ ព្រោះលោក ដូណាល់ ត្រាំ បានស្វែងរកសន្តិភាពជូនកម្ពុជា។ ប៉ុន្តែអ្វីដែលលោក ដូណាល់ ត្រាំ និងសហរដ្ឋអាមេរិក ចង់បានបំផុតនោះ គឺការដោះលែងលោក កឹម សុខា ដែលតុលាការចោទប្រកាន់លោក កឹម សុខា ថាបានគប់គិតជាមួយអាមេរិកក្នុងការផ្តួលរំលំរដ្ឋាភិបាល ហើយដោះលែងអ្នកទោសមនសិការ ស្តារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងការរៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។ ដូច្នេះប្រសិនបើរដ្ឋាភិបាលចង់តបស្នងសងគុណលោក ដូណាល់ ត្រាំ និងសហរដ្ឋអាមេរិក រដ្ឋាភិបាល គួរតែធ្វើទៅតាមបំណងប្រាថ្នារបស់អាមេរិក ចង់បានទាំងប៉ុន្មានចំណុចខាងលើនេះ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកអ៊ុំ សំអាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ថា “បាទ! ការទម្លាក់បទចោទលោកកឹម សុខា ហ្នឹង វាអាចជាការស្ដារទំនាក់ទំនងជាមួយអាមេរិក ផងដែរ ខណៈនេះ អាមេរិក ជួយយើងឲ្យមានបទឈប់បាញ់អីហ្នឹង ។ ដូច្នេះលោកកឹម សុខា ដែលតុលាការចោទថា រួមគំនិតក្បត់ជាមួយអាមេរិក ដើម្បីផ្ដួលរំលំរដ្ឋាភិបាលហ្នឹង មិនមែនជាការពិតនោះទេ ហើយមិនទាន់ទម្លាក់ចោលទៀត បទចោទហ្នឹង ។ ដូច្នេះគួរតែទម្លាក់ចោលបទចោទប្រកាន់ហ្នឹងទៅ ហើយដោះលែងលោកកឹម សុខា ទៅ ដើម្បីស្ដារទំនាក់ទំនងជាមួយអាមេរិក ហ្នឹងឲ្យបានល្អជាងមុន ហើយអាមេរិក ជួយយើងឲ្យបញ្ចប់សង្រ្គាម គួរតែដឹងគុណអាមេរិក តាមរយៈការដោះលែងលោកកឹម សុខា និងទម្លាក់បទចោទប្រកាន់លោកកឹម សុខា ជាជាងយើងហ្នឹងស្នើឲ្យគណៈកម្មការនៅអឺរ៉ុប ផ្ដល់ពានរង្វាន់ណូបែលសន្តិភាព ឲ្យលោកដូណាល់ ត្រាំ“ ។

ដោយឡែក លោកអ៊ុំ តារាវុទ្ធី អតីតសមាជិកក្រុមការងារខេត្តកណ្ដាល នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា បានលើកឡើងតាមបណ្ដាញសង្គមថា “ប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ បានគាំទ្រឲ្យមេដឹកនាំនិងរាជរដ្ឋាភិបាលកម្ពុជា ត្រូវងាកមកពឹងពាក់និងសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក វិញ ដើម្បីជាការទប់ស្កាត់នៃការឈ្លានពានរបស់សៀម (ថៃ) និងសុំឲ្យអាមេរិក ជួយផ្នែកសេដ្ឋកិច្ច បន្ធូរបន្ថយពន្ធជាដើមសម្រាប់កម្ពុជា។ ប៉ុន្តែតើអាមេរិក អាចជឿទុកចិត្តមេដឹកនាំកម្ពុជា បានទេ? ដល់កម្រិតណា? បើសាលក្រមតុលាការកម្ពជា តាមការប្តឹងរបស់មេធាវី និងព្រះរាជអាជ្ញា តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចោទប្រកាន់និងផ្តន្ទាទោសថា «ឯកឧត្តម កឹម សុខា និងសហរដ្ឋអាមេរិក បានគប់គិតគ្នាបង្កប្រទូសរ៉ាយ និងឈ្លានពានព្រះរាជាណាចក្រកម្ពុជា» នោះមិនទាន់ទម្លាក់បទចោទចោលសោះ ។ ដូច្នេះហើយ កម្ពុជា ដើម្បីឲ្យមានការជឿទុកចិត្តពីសំណាក់សហគមន៍អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ចង់ឃើញការផ្សះផ្សា ឯកភាពជាតិពិត កម្ពុជាសមល្មមដល់ពេលវេលាហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវអន្តរាគមន៍ធ្វើការទម្លាក់បទចោទមកលើឯកឧត្តមប្រធាន កឹម សុខា ឲ្យលោកមានសិទ្ធិសេរីភាពពេញលេញឡើងវិញ“ ។

ស្រដៀងគ្នានេះដែរ លោកមុត ចន្ថា អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ និងជាជំនួយការលោកកឹម សុខា បានលើកឡើងថា លោកគាំទ្រឱ្យមានទំនាក់ទំនងនិងសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដោះស្រាយបញ្ហាដោយឈរលើស្មារតីខ្មែរតែមួយ និងឈ្នះទាំងអស់គ្នា នឹងធ្វើឱ្យខ្មែរយើងទទួលបានផលប្រយោជន៍ច្រើន។

លោកមុត ចន្ថា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ថា “គួរបញ្ចប់រឿងក្តីហើយ! រដ្ឋាភិបាលកម្ពុជា នៃលោក ហ៊ុន សែន តំណាងដោយអយ្យការនិងមេធាវីដោយអាណត្តិ បានចោទសហរដ្ឋអាមេរិក ក្នុងនោះមានទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃសហរដ្ឋអាមេរិក (USAID), វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (International Republican Institute, IRI) នៃគណបក្សសាធារណរដ្ឋ និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (National Democratic Institute, NDI) នៃគណបក្សប្រជាធិបតេយ្យ ថាបានគប់គិតផ្តល់មធ្យោបាយ និងរៀបចំផែនការជាមួយលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលនៃលោក ហ៊ុន សែន។ នៅក្នុងលិខិតចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៃអាណត្តិទី១ លោកប្រធានាធិបតី Donald J. Trump បានច្រានចោល ដោយសង្កត់ថា សហរដ្ឋអមេរិក គ្មានបំណងផ្លាស់ប្តូររបបនៅកម្ពុជា ឡើយ។ ក្រសួងការបរទេសអាមេរិក និងស្ថាប័ននីតិប្បញ្ញត្តិអាមេរិក ក៏បានច្រានចោលយ៉ាងដាច់ខាត ចំពោះការចោទប្រកាន់មកលើអាមេរិក ពីបទគប់គិតរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ជាមួយលោកកឹម សុខា និងបានហៅការចាប់ខ្លួននៃលោក កឹម សុខា គឺជារឿងនយោបាយ» ។

លោកមុត ចន្ថា បន្តថា “ទោះបីជាលោកប្រធានាធិបតី Donald J. Trump បានច្រានចោលយ៉ាងណាក៏ដោយ ក៏តំណាងអយ្យការនៃសាលាដំបូងក្រុងភ្នំពេញ គឺលោក «ប្លង់ សុផល» និងមេធាវីរដ្ឋាភិបាល ដឹកនាំដោយលោក គី តិច និងលី ចាន់តុលា នៅតែបន្តចោទប្រកាន់ដោយគ្មានភ័ស្តុតាង មកលើសហរដ្ឋអាមេរិក ដដែល ដែលជាមេគំនិតនៅពីក្រោយលោក កឹម សុខា ចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២ឲ១៧។ ដូច្នេះមូលហេតុតែមួយ ដែលត្រូវបានសំអាងយកមកការកាត់ទោសមកលើលោក កឹម សុខា គឺសហរដ្ឋអាមេរិក!

យើងចង់ឃើញការផ្សះផ្សារជាតិ និងបង្រួបបង្រួមជាតិខ្មែរ ដើម្បីធ្វើឱ្យខ្មែរ ខ្លាំងក្នុងកាលៈទេសៈដែលប្រទេសជាតិប្រឈមនឹងការឈ្លានពានពីប្រទេសជិតខាង។ យើងក៏គាំទ្រឱ្យមានទំនាក់ទំនងនិងសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។ ដូច្នេះការដោះស្រាយដោយឈរលើស្មារតីខ្មែរតែមួយ និងឈ្នះទាំងអស់គ្នា នឹងធ្វើឱ្យខ្មែរយើង ទទួលបានផលប្រយោជន៍ច្រើន“ ។

ជាមួយគ្នានេះដែរ លោកហ៊ីង សុខសាន្ត អតីតប្រធានយុវជននៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា មួយរូបទៀត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ថា ការទម្លាក់បទចោទលោកកឹម សុខា គឺជាធាតុផ្សំមួយ ឬក៏ជាចំណុចមួយនៃការបង្ហាញឆន្ទៈកម្ពុជា ដែលធ្លាប់ចោទសហរដ្ឋអាមេរិក ថាគប់គិតជាមួយលោកកឹម សុខា ក្នុងការផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ទៅជាការចាប់ផ្ដើមដ៏ល្អមួយចំពោះសហរដ្ឋអាមេរិក ។

លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍ថា “ហ្នឹងហើយ! បើយើងថយក្រោយជាសារបានបន្តិច បុព្វហេតុនៃការចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្សប្រឆាំងដ៏ធំជាងគេនៅស្រុកខ្មែរហ្នឹង ហើយទាក់ទងទៅនឹងបទចោទ “សន្ទិដ្ឋភាពជាមួយបរទេស” ហ្នឹង ហើយបរទេសហ្នឹង គឺសហរដ្ឋអាមេរិកតែម្ដង ដែលគេចោទហ្នឹង ហើយមកដល់ពេលនេះ យើងឃើញថា សហរដ្ឋអាមេរិក កន្លងមក កាលសម័យលោកប្រធានាធិបតីត្រាំ អាណត្តិទី១ ក៏គាត់បានផ្ញើលិខិតមួយ ទៅកាន់លោកអតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរថា សហរដ្ឋអាមេរិក អត់មានពាក់ព័ន្ធទេ ហើយក៏មិនបានជំរុញឲ្យមានការធ្វើទម្លាក់រដ្ឋាភិបាលអីហូរហែអ៊ីចឹងដែរ ហើយកន្លងមកទៀតមក យើងឃើញមានការជំរុញតាំងពីអតីតរដ្ឋមន្រ្តីក្រសួងការបរទេស លោកថូនី ប្លិងខិន គ្រប់អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ពីរបីរូបចុងក្រោយហ្នឹង ក៏បានតែងតែជំរុញឲ្យមានការដោះលែងលោកកឹម សុខា ហើយសហរដ្ឋអាមេរិក នឹងផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់ព្រះរាជាណាចក្រកម្ពុជា ឲ្យទម្លាក់បទចោទគាត់អីអ៊ីចឹង ហើយតែងតែការពារជំហរ ការពារលោកកឹម សុខា ថាជាមនុស្សស្អាតស្អំអីអ៊ីចឹងទៅ ។ ដូច្នេះវាជារឿងសំខាន់ណាស់ កន្លងមក រដ្ឋាភិបាល តែងតែមើលក្នុងរូបភាពអវិជ្ជមាន មកកាន់សហរដ្ឋអាមេរិក ឥឡូវសហរដ្ឋអាមេរិក បានធ្វើរឿងល្អពីរ ឬក៏វិជ្ជមានពីរ សម្រាប់កម្ពុជា ។ រឿងទី១ គឺជំរុញឲ្យមានបទឈប់បាញ់គ្នាជាអចិន្រ្តៃយ៍ ហើយមានយន្តការឃ្លាំមើលហូរហែអ៊ីចឹងទៅ ហើយទី២ គឺបានបន្ធូរបន្ថយពន្ធបដិការហ្នឹង ធ្លាក់មកដល់ ១៩ភាគរយ បើប្រៀបធៀបនៅក្នុងតំបន់ គឺយើងចុះច្រើនជាងគេ រហូតដល់៣០%“ ។

លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍បន្តថា “អ៊ីចឹងមានន័យថា សហរដ្ឋអាមេរិកបានផ្ដល់ភាពវិជ្ជមានឲ្យយើងច្រើន ហើយកន្លងមក យើងធ្លាប់មានល្អក់កករ មើលសហរដ្ឋអាមេរិក ក្នុងភាពអវិជ្ជមានអ៊ីចឹង ហើយវារឹតតែអាក្រក់ទៅទៀត ចោទថាសហរដ្ឋអាមេរិក នៅពីក្រោយលោកកឹម សុខា ប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ឬផ្ដួលរំលំអីអ៊ីចឹងទៅ ។ ដូច្នេះខ្ញុំគិតថា វាជាធាតុផ្សំមួយ យើងមិនចង់ជំរុញឲ្យកម្ពុជា ហ្នឹងលម្អៀងទៅរកអាមេរិក ហើយបោះបង់ចោលចិន ឬក៏អីទេ គឺថាយើងត្រូវនៅស្របនឹងរដ្ឋធម្មនុញ្ញ គឺត្រូវនៅកណ្ដាល មិនទោរទន់ឬក៏មិនលម្អៀងទៅរកមហាអំណាចណាមួយទេ កុំឲ្យខុសរដ្ឋធម្មនុញ្ញ ហើយយើងចេះរាប់អានមហាអំណាចហ្នឹងស្មើគ្នា យើងចេះទាញប្រយោជន៍ស្មើគ្នា ។ ដូច្នេះយើងគ្រាន់តែដើម្បីធ្វើម៉េចឲ្យកម្ពុជា ហ្នឹងមានទំនាក់ទំនងជាមួយអាមេរិកហ្នឹងល្អ ដូចកម្ពុជា ជាមួយចិន អ៊ីចឹងទៅ បើយើងធ្វើជាមួយចិន បានល្អប៉ុនណា យើងធ្វើកម្ពុជាជាមួយអាមេរិក ហ្នឹងឲ្យល្អប៉ុណ្ណឹងទៅ ហើយដើម្បីជាជំហានល្អហ្នឹង គឺវាមានធាតុផ្សំជាច្រើន ។ ក្នុងហ្នឹងវាមានការទម្លាក់បទចោទលោកកឹម សុខា ហ្នឹងឯង ព្រោះយើងធ្លាប់ចោទលោកកឹម សុខា ថាគប់គិតជាមួយសហរដ្ឋអាមេរិក ។ អ៊ីចឹងការទម្លាក់បទចោទលោកកឹម សុខា មួយ គឺជាធាតុផ្សំមួយ ឬក៏ជាចំណុចមួយនៃការបង្ហាញឆន្ទៈកម្ពុជា ដែលធ្លាប់ចោទសហរដ្ឋអាមេរិក កន្លមកខុសឆ្គងហ្នឹង វាជាចរិតល្អមួយ ហើយវាជាចំណុចមួយដែលយើងចាប់ផ្ដើម ។ វានៅមានកត្តាមួយចំនួនទៀត ដែលក្នុងការរឹតចំណងជាមួយសហរដ្ឋអាមេរិក ឲ្យបានល្អ ដូចកម្ពុជា ធ្វើជាមួយចិន នោះ ប៉ុន្តែគ្រាន់តែថា ជាធាតុផ្សំមួយ ដែលមានលោកកឹម សុខា ហ្នឹងគឺថាយើងទម្លាក់បទចោទហ្នឹង វាបង្ហាញថា កម្ពុជា គឺបានធ្វើល្អដូចអ្វីដែលសហរដ្ឋអាមេរិក ចង់បាន ហើយទម្លាក់បទចោទ វាហាក់បីដូចជាបង្ហាញថា កម្ពុជា មិនចោទលោកកឹម សុខា ធ្វើដូចមុន ហើយក៏ថាសហរដ្ឋអាមេរិក ហ្នឹងមិនបានពាក់ព័ន្ធនឹងរឿងអ៊ីចឹងទេ ។ ដូច្នេះវាជាផលវិជ្ជមានទៅវិញ បើសិនជាយើងទម្លាក់បទចោទ“ ។

ដោយឡែក លោកស្រីម៉េង សុភារី មេធាវីការពារក្ដីលោកកឹម សុខា បានលើកឡើងតាមបណ្ដាញសង្គមថា “ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់ គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្នើសុំកិច្ចអន្តរាគមន៍ពីសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការឈ្លានពានរបស់ថៃ និងសុំឲ្យសហរដ្ឋអាមេរិក ជួយផ្នែកសេដ្ឋកិច្ច បន្ធូរបន្ថយពន្ធ ជាដើម មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលថែមទាំងស្នើសុំឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ទទួលពានរង្វាន់ណូបែលសន្តិភាព ទៀតផង។ ដូច្នេះបង្ហាញឲ្យឃើញថា ឯកឧត្ដម កឹម សុខា និងសហរដ្ឋអាមេរិក មិនបានគប់គិតគ្នាបង្កប្រទូសរ៉ាយ ឈ្លានពានព្រះរាជាណាចក្រកម្ពុជា ដូចការចោទប្រកាន់ឡើយ គួរតែទម្លាក់ចោលការចោទប្រកាន់មកលើឯកឧត្តម កឹម សុខា ហើយឲ្យគាត់មានសេរីភាពពេញលេញឡើងវិញ“ ៕ កុលបុត្រ 

RELATED ARTICLES