ភ្នំពេញ ៖ ម៉ូតូសេ១២៥ចំនួន២គ្រឿង ខណៈដែលមានមួយគ្រឿងបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្នលឿនជ្រុលទៅបុកមូ៉តូមួយគ្រឿងទៀតនៅបំណែកផ្លូវម្ខាងដែលបើកច្រាសទិសគ្នា បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ កាលពីវេលាម៉ោង១៨និង៤០នាទីយប់ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ខាងលិចសាលាក្តីខ្មែរក្រហម ត្រង់ចំណុចភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិសេនជ័យ ។
ជនរងគ្រោះ ស្លាប់នៅកន្លែង ទី១ ឈ្មោះ ជួន បុ៊នលីម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ បុគ្គលិកក្រុមហុ៊ន កាំមីនថែល ផ្នែកអគ្គីសនី មានទីលំនៅភូមិស្រូល ឃុំរលាំំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះ ជិះមូ៉តូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BP-4765 ក្នុងទិសដៅពីកើតទៅលិច។
ចំណែកជនរងគ្រោះ ស្លាប់នៅកន្លែងទី២ ឈ្មោះ សន ជន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិប្រថ្ម ឃុំជ័យកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង បើកបរមូ៉តូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AY-3137 និងរួមដំណើរជាមួយបុរសម្នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណ ខណៈដែលរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តគ្លីនិក បែកចានដឹកបញ្ជូនទៅសង្រ្គោះ ភ្លាមៗ ទាំង២នាក់ឌុបគ្នាក្នុងទិសដៅពីលិចទៅកើត។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ភាគីមូ៉តូ សេ១២៥ សេរី២០១១ ជិះឌុបគ្នាពី២នាក់ បើកបោះពួយល្បឿនលឿន ពីលិចទៅកើតដល់ចំណុចខាងលើ ព្យាយាមបើកវ៉ាជែងរថយន្តកុងតៃន័រ បើកស្របទិស ហើយរេចង្កូតទៅបំណែកផ្លូវម្ខាង ជ្រុលទៅបុកមូ៉តូសេ១២៥ សេរី២០១៣ ជិះម្នាក់ឯង បើកពីកើតទៅលិចច្រាសទិសគ្នា ចំពីមុខពេញទំហឹងបណ្តាលឲ្យដេកដួលទាំង២គ្រឿង បង្កឲ្យអ្នកបើកបរមូ៉តូសងខាងស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ។
បើតាមសាច់ញាតិរបស់ជនរងគ្រោះឈ្មោះ ជួន បុ៊នលីម បានឲ្យដឹងថា ជនរងគ្រោះ ក្រៅពីទំនេរការងារក្រុមហុ៊ន ឆ្លៀតពេល២ថ្ងៃ សៅរ៍និងអាទិត្យ ទៅធ្វើការងារ ជាងភ្លើងកន្លែងផ្សេង ហើយមុនកើតហេតុ ខណៈដែលជនរងគ្រោះ ជិះមូ៉តូវិលត្រឡប់មកផ្ទះវិញ ក៏ជួបនូវឧប្បត្តិហេតុនេះតែម្តង ។
ក្រោយកើតហេតុ ក្រៅពីជនរងគ្រោះរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តគ្គីនិកឯកជនដឹកបញ្ជូនទៅគ្លីនិកបែកចាន រីឯសាកសពទាំង២នាក់ត្រូវបាននគរបាល ទំនាក់ទំនងក្រុមគ្រួសារ មកទទួលដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកមូ៉តូទាំង២គ្រឿងត្រូវបាន នគរបាលវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕