Thursday, September 11, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ជួបម្ចាស់ពានរង្វាន់ណូបែលរូបវិទ្យា

សម្តេចហ៊ុន សែន ជួបម្ចាស់ពានរង្វាន់ណូបែលរូបវិទ្យា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS អ្នកទទួលពានរង្វាន់ណូបែលរូបវិទ្យា និងប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេច ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយដែលបានជួបជាមួយលោកសាស្ត្រាចារ្យបណ្ឌិត និងសហការី ហើយសង្ឃឹមថា វត្តមានលោកសាស្ត្រាចារ្យបណ្ឌិត នាពេលនេះ នឹងជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកពង្រីកនូវផ្នែករូបវិទ្យា ក៏ដូចជាបច្ចេកវិទ្យាវិទ្យាសាស្ត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ថែមទៀត។

លោកសាស្ត្រាចារ្យបណ្ឌិត បានអរគុណចំពោះសម្ដេចហ៊ុន សែន ដែលបានអនុញ្ញាតឱ្យលោក និងសហការី បានជួបសម្តែងការគួរសមនៅពេលនេះ។ លោកបានលើកឡើងថា នេះជាលើកទី១ សម្រាប់លោក ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ហើយក៏បានឃើញពីភាពរីកចម្រើនរបស់កម្ពុជា ផងដែរ។ លោកធ្លាប់បានដឹងពីប្រវត្តិរបស់ប្រទេសកម្ពុជា ដែលធ្លាប់បែកបាក់ ធ្លាក់ក្នុងភ្លើងសង្គ្រាម ហើយលោកមិនគួរឲ្យជឿសោះថា តាម រយៈការដឹកនាំរបស់សម្ដេច ហ៊ុន សែន អាចសង្គ្រោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយនាំកម្ពុជា ឱ្យមានការឯកភាពទឹកដី ឯកភាពជាតិ មានសន្តិភាព និងមានការអភិវឌ្ឍសេដ្ឋកិច្ច រហូតមាន ការរីកចម្រើនដល់ពេលបច្ចុប្បន្ននេះ។ លោកសាស្ត្រាចារ្យ បានលើកឡើងទៀតថា បច្ចុប្បន្ននេះ លោកបានមើលឃើញពីសក្ដានុពលរបស់ប្រទេសកម្ពុជា ក្នុងនោះយុវជនកម្ពុជាដែលមានសមត្ថភាព ហើយក្នុងបេសកកម្មរបស់លោកនៅពេលនេះ កំពុងស្វែងរកយុវជន និងនិស្សិតកម្ពុជា ដែលមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបណ្ដុះបណ្ដាលពួកគេបន្ថែមទៀត ឱ្យក្លាយទៅជាធនធានដ៏ពូកែក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ លោកបានបញ្ជាក់ទៀតថា គម្រោងរបស់លោក នឹងរៀបចំជាមន្ទីរពិសោធន៍នៅកម្ពុជា ដើម្បីផ្ដល់ឱកាសដល់យុវជនកម្ពុជា ដែលមានសមត្ថភាពអាចពង្រីកខ្លួននិងបង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យានេះ។

ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ត ដែលលោកសាស្ត្រាចារ្យ ម្ចាស់ជ័យលាភីណូ បែលផ្នែករូបវិទ្យា បានសម្លឹងឃើញឱកាសក្នុងព្រះរាជាណាចក្រកម្ពុជា  ហើយមានផែនការក្នុងការបណ្ដុះ បណ្ដាលយុវជនកម្ពុជា ដែលមានសមត្ថភាព ឱ្យមានការយល់ដឹងស៊ីជម្រៅក្នុងផ្នែកបច្ចេកវិទ្យា ។ សម្ដេច បានលើកឡើងទៀតថា យុវជនកម្ពុជា គឺមានសមត្ថភាពផ្នែកវិទ្យាសាស្រ្ត គួរឱ្យកត់សម្គាល់ ដែលពួកគេបានខិតខំប្រឹងប្រែងនិងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ហើយតាមរយៈគម្រោងរបស់លោកសាស្ត្រាចារ្យ ក្នុងព្រះរាជាណាចក្រកម្ពុជា នេះ ក្តីសង្ឃឹមបន្ថែមទៀតក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា ឲ្យកាន់តែមានភាពរីកចម្រើន។

 សម្តេច ហ៊ុន សែន បានប្រាប់លោកសាស្ត្រាចារ្យ ធ្វើកិច្ចការងារនេះ ជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ ដើម្បីធ្វើយ៉ាងណាឱ្យយុវជនកម្ពុជា កាន់តែមានសមត្ថភាពនៅក្នុងផ្នែកបច្ចេកវិទ្យាវិទ្យាសាស្ត្រនេះកាន់តែច្រើន ។

ជាមួយគ្នានេះ ក្រៅពីពិភាក្សាផ្នែកវិទ្យាសាស្រ្ត លោកសាស្ត្រាចារ្យ បានឆ្លៀតចោទសួរដោយស្នើឱ្យសម្ដេច ហ៊ុន សែន ចែករំលែកទាក់ទងទៅគន្លឹះក្នុងការដឹកនាំប្រទេស ចេញពីសង្គ្រាមបែកបាក់ មកមានការឯកភាពជាតិ សន្តិភាព និងអភិវឌ្ឍប្រទេសបានរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។

សម្តេចប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍ពីប្រវត្តិនៃការខិតខំអភិវឌ្ឍឱ្យប្រទេសជាតិ ពីបាតដៃទទេ រួមទាំងការដាក់ចេញនូវយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីសម្រេចផែនការធ្វើយ៉ាងណាឲ្យប្រទេសជាតិ មានសន្តិភាព នៅឆ្នាំ១៩៩៨ ជាពិសេសទាក់ទងទៅនឹងនយោបាយឈ្នះ-ឈ្នះ  និងយុទ្ធសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ចក្រោយ កម្ពជា មានសន្តិភាព ឱ្យមានការរីកចម្រើន។ លោកសាស្ត្រាចារ្យ ក៏បានស្ដាប់ដោយយកចិត្តទុកដាក់និងកោតសរសើរនូវការពលីកម្មនិងគតិបណ្ឌិតរបស់សម្តេច ហ៊ុន សែន ជាពិសេសនយោបាយឈ្នះ-ឈ្នះ របស់សម្ដេច៕ ខៀវទុំ

RELATED ARTICLES