Thursday, September 11, 2025
Homeព័ត៌មានជាតិ ស្ថាប័នអាកាសចរណ៍ស៊ីវិល បដិសេធបង់៥ម៉ឺនដុល្លារ ចូលធ្វើការព្រលានយន្តហោះថ្មី 

 ស្ថាប័នអាកាសចរណ៍ស៊ីវិល បដិសេធបង់៥ម៉ឺនដុល្លារ ចូលធ្វើការព្រលានយន្តហោះថ្មី 

ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញសេចក្តីបំភ្លឺព័ត៌មាន បដិសេធចំពោះការលើកឡើងរបស់គណនីបណ្តាញសង្គមមួយ ដែលបានសរសេរបង្ហោះថា “ឮថាបើចង់ធ្វើការនៅព្រលានយន្តហោះថ្មី ត្រូវបង់ថ្លៃសេវាមុខងារ 3,000$ ទៅ 50,000$ ទើបអាចធ្វើការនៅនោះបាន” ដោយចាត់ទុកថា ការសរសេរបង្ហោះនេះ ជាការលើកឡើងមិនពិត ដោយពុំមានភ័ស្តុតាង និងប្រភពច្បាស់លាស់។

សេចក្តីស្រាយបំភ្លឺព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា «រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិល (រ.ល.អ.ស) មានកិត្តិយស សូមបកស្រាយបំភ្លឺពីការលើកឡើងរបស់គណនីហ្វេសប៊ុកផេក មួយឈ្មោះ Lim Kimsor ដែលបានសរសេរបង្ហោះកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ថា “ឮថា បើចង់ធ្វើការនៅព្រលានយន្តហោះថ្មី ត្រូវបង់ថ្លៃសេវាមុខងារ 3,000$ ទៅ 50,000$ ទើបអាចធ្វើការនៅនោះបាន” ដែលការសរសេរបង្ហោះនេះ ជាការលើកឡើងមិនពិត ដោយពុំមាន ភ័ស្តុតាង និងប្រភពច្បាស់លាស់។

យោងខ្លឹមសារនៃការសរសេរបង្ហោះនេះ បានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៃអាកាសយានដ្ឋានអន្តរជាតិ តេជោ (KTI) ដែលត្រៀមនឹងបើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញា នេះ ក៏ដូចជាប៉ះពាល់ដល់ស្ថានប័នពាក់ព័ន្ធ ជាពិ សេសមុខមាត់ប្រទេសជាតិ ព្រមទាំងធ្វើឱ្យសាធារណជនមានការយល់ច្រលំខុសអំពីនីតិវិធីក្នុងការជ្រើសរើសបុគ្គលិករបស់អាកាសយានដ្ឋាន។

ហេតុនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សូមបញ្ជាក់បំភ្លឺជូនសាធារណជន មេត្តាជ្រាបថា ៖

១. រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានតួនាទីក្នុងការតាមដាននិងត្រួតពិនិត្យលើស្តង់ដារសុវត្ថិភាព សន្តិសុខ គុណភាពនៃកិច្ច ប្រតិបត្តិការ ព្រមទាំងផ្តល់អាជ្ញាប័ណ្ណ និងវិញ្ញាបនបត្រ ដល់ប្រតិបត្តិកររបស់ក្រុម ហ៊ុនខេមបូឌា អ៊ែរផត អ៊ិន វេសម៉ិន ឯ.ក (Cambodia Airport Investment Co., Ltd – CAIC) និងក្រុម ហ៊ុនប្រតិបត្តិករអាកាសយានដ្ឋាន ខេមបូឌា អ៊ែរផត (Cambodia Airports) ដោយឡែក រាល់ការជ្រើសរើសបុគ្គលិក ឱ្យចូលបំពេញការងារនៅក្នុងក្រុមហ៊ុន គឺមិនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល រដ្ឋលេ ខាធិការដ្ឋានអាកាស ចរណ៍ស៊ីវិល ឬក្រសួង-ស្ថាប័នរដ្ឋណាមួយឡើយ តែជាសមត្ថកិច្ចរបស់ក្រុមហ៊ុនដោយផ្ទាល់។

២. យោងការបញ្ជាក់និងការបកស្រាយពីភាគីពាក់ព័ន្ធ ជាពិសេសក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិន វេសម៉ិន ឯ.ក (CAIC) និងក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋាន ខេមបូឌា អ៊ែរផត (Cambodia Airports) បានឱ្យដឹងថា ៖

– ក្រុមហ៊ុនមានគោលការណ៍នីតិប្រតិបត្តិរួម (Standard Operating Procedure/SOP) ច្បាស់លាស់ ក្នុងការជ្រើសរើសបុគ្គលិកដែលមានគុណវុឌ្ឍផ្អែកលើលក្ខខណ្ឌយោងការងារ (Term of Reference) ការពិពណ៌នា មុខតំណែង (Job Descriptions) និងលក្ខណៈវិនិច្ឆ័យ (Criteria) ដើម្បីឱ្យចូលបម្រើការទៅតាមផ្នែកនីមួយៗ។

– បុគ្គលិកដែលត្រូវបានជ្រើសរើសដោយក្រុមហ៊ុន ឱ្យចូលបំពេញការងារទាំងអស់ សុទ្ធតែត្រូវបានឆ្លងកាត់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការជ្រើសរើសយ៉ាងតឹងតែង តាំងពីដំណាក់កាលនៃការដាក់ពាក្យស្នើសុំ ការធ្វើតេស្តសមត្ថភាព (ភាសា ជំនាញបច្ចេកទេស និងបទពិសោធន៍) និងរហូតដល់ការធ្វើបទសម្ភាសន៍ដោយផ្ទាល់ (គណៈកម្មការចម្រុះ-ពហុផ្នែក)។

៣. បងប្អូនដែលមានបំណងចង់ដាក់ពាក្យចូលបំពេញការងារនៅក្នុងក្រុមហ៊ុនទាំងនោះ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាងការចាញ់បោកជនខិលខូចឆ្លៀតឱកាស ឬការឆបោកពីប្រភពព័ត៌មានមិនច្បាស់លាស់ណាមួយ។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏សូមជម្រាបជូនសាធារណជន មេត្តាជ្រាបផងដែរថា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបំពេញកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួន ដើម្បីឱ្យកម្ពុជា កាន់តែរីកចម្រើន និងបន្តរក្សាបាននូវសន្តិភាព ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ បង្កើតការងារជូនប្រជាពលរដ្ឋ ទាំងបរិមាណនិងគុណភាព សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍលើកស្ទួយវិស័យទេសចរណ៍-អាកាសចរណ៍ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងបងប្អូនជនរួមជាតិមាតុភូមិទាំងអស់។

ដោយឡែក សូមបងប្អូនសាធារណជន មេត្តាប្រុងប្រយ័ត្ន និងពិចារណាចំពោះរាល់ការបង្ហោះ និងការចែកចាយព័ត៌មានបន្តណាមួយ តាមរយៈហ្វេសប៊ុកផេក ឬផេកសារព័ត៌មានមួយចំនួន ដែលពុំមានប្រភពច្បាស់លាស់ និងពុំមានអំណះអំណាងគ្រប់គ្រាន់»៕

RELATED ARTICLES