ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ បន្ទាប់ពីផឹកស្រាស្រវឹងជោក បានបើករថយន្ត ដោយល្បឿនយ៉ាងលឿន រួចក៏ជ្រុល ចង្កូតបុករះម៉ូតូចំនួន៦គ្រឿង បណ្តាលឱ្យក្មេងប្រុសម្នាក់ ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម។ ចំណែកមនុស្ស ២នាក់ទៀត រងរបួសធ្ងន់–ស្រាល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិកូនត្មាត ឃុំ អញ្ចើម ស្រុកត្បូងឃ្មុំ។
ក្មេងប្រុសរងគ្រោះ ដែលត្រូវរថយន្តបុក ស្លាប់នោះ មានឈ្មោះនាត ភូ អាយុ៣ឆ្នាំ មាន លំនៅក្នុងភូមិ–ឃុំ កើតហេតុខាងលើ។ ចំណែក ជនរងគ្រោះ២នាក់ ទៀត រួមមាន ទី១–ឈ្មោះ រិន រ៉េត ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិ–ឃុំ ជាមួយគ្នា (រងរបួសធ្ងន់) និងទី២–ឈ្មោះនាត មេឃ អាយុ១៤ឆ្នាំ រស់នៅភូមិជាមួយគ្នា (រងរបួសស្រាល)។ ចំណែកអ្នកបើកបររថយន្ត បង្កហេតុ មានឈ្មោះរ៉ែម ឆេសារ៉ា អាយុ ២៥ឆ្នាំ មានលំនៅក្នុងភូមិ អូរអាចម៍កុក ឃុំ អូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត មួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2063 បើកបរដោយ បុរសឈ្មោះរ៉ែម ឆេសារ៉ា ស្ថិតក្នុងស្ថានភាព ស្រវឹងជោក បានបើកដោយល្បឿនយ៉ាងលឿន ដូចហោះ បោះពួយក្នុងទិសដៅ ពីត្បូងទៅជើង លុះមកដល់ចំណុច កើតហេតុខាងលើ រថយន្តបង្កហេតុបានរេចង្កូត មកខាងស្តាំដៃ បុករះម៉ូតូ ដែលឈប់ស្ងៀម ជាបន្តបន្ទាប់ ចំនួន៦គ្រឿង រួមនិងកង់១គ្រឿងផងដែរ។
ប្រភពដដែលបន្តថា ភ្លាមនោះរថយន្តបង្កហេតុ នៅមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកមនុស្ស ចំនួន៣នាក់ ដែលកំពុងឈរមើល គេលេងបាល់ទាត់នៅក្បែរនោះ បណ្តាលឱ្យក្មេងប្រុសម្នាក់ ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកមនុស្ស២នាក់ទៀត រងរបួសធ្ងន់–ស្រាល។ បន្ទាប់មក ប្រជាពលរដ្ឋនៅក្បែរនោះ បាននាំគ្នាព័ទ្ធចាប់អ្នកបើករថយន្តបង្កហេតុ យកមកប្រគល់ជូនសមត្ថកិច្ច ចាត់ការតាមច្បាប់។
លោកអនុសេនីយ៍ឯក គង់ លីហុង អធិការ រងនគរបាលស្រុកត្បូងឃ្មុំ បានឱ្យដឹងថា នៅពេល នាំខ្លួនមកសាកសួរ ជនបង្កហេតុបានឆ្លើយសារភាពថា ពេលដែលខ្លួនបើករថយន្តមកដល់ ចំណុចកើតហេតុ ស្រាប់តែគាំងចង្កូត ហើយខ្លួនក៏ព្យាយាមជាន់ហ្វ្រាំងដែរ តែទប់មិនជាប់ ទើបធ្វើឱ្យរថយន្តរេចង្កូត បុករះម៉ូតូខូចខាតជា ច្រើនគ្រឿង និងមនុស្សបណ្តាលឱ្យស្លាប់ និងរបួសបែបនេះតែម្តង។ ជាមួយនេះ ជនបង្កហេតុ បានអះអាងថា គ្រោះថ្នាក់នេះ បង្កឡើង ទំនងមកពីរថយន្តរបស់ខ្លួនរបូតរ៉ូទីល ទើបកាច់ចង្កូតមិនបាន ហើយចំពោះការចោទប្រកាន់ថា ខ្លួនបើកបរទាំងស្រវឹងនោះ គឺមិនពិតនោះទេ តែខ្លួនពិតជាបានផឹកស្រាបន្តិចបន្តួចដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងទាក់ទងហៅរថយន្តសង្គ្រោះមក ដឹកបញ្ជូនជនរងគ្រោះដែលរងរបួសធ្ងន់ទៅកាន់ មន្ទីរពេទ្យ។ ចំណែកសពក្មេងប្រុសរងគ្រោះ ត្រូវ បានក្រុមគ្រួសារ ទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។
ដោយឡែករថយន្តបង្កហេតុ រួមនិងម៉ូតូ ៦គ្រឿង និងកង់១គ្រឿង ដែលទទួលរងការ ខូចខាត ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ។ រីឯជនបង្កហេតុ ជាអ្នកបើកបររថយន្ត ត្រូវបាន សមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី៕