ទីផ្សារការងារ៖ រដ្ឋមន្ត្រីពាណិជ្ជកម្មចិនបានបង្ហើបកាលពីពេលថ្មីៗនេះថាបណ្តាសហគ្រាសចិនបានជួលកម្លាំងពលកម្មជាជនបរទេសនៅក្រៅស្រុកចំនួន១,៥លាននាក់ក្នុងឆ្នាំ២០១៦ក្នុងអំឡុងពេលដែលក្រុមហ៊ុនទាំងនោះពង្រីកខ្លួនរបស់ពួកគេនៅជុំវិញពិភពលោក ។
ប្រមុខក្រសួងពាណិជ្ជកម្មលោក Zhong Shan បានថ្លែងក្នុងសន្និសិទកាសែតមួយនៅក្រៅសម័យប្រជុំសភាប្រចាំឆ្នាំថាបណ្តាសហគ្រាសជនជាតិចិននៅបរទេសបានចុះបញ្ជីបរិមាណលក់ប្រមាណជា១,៥ទ្រីលានដុល្លារកាលពីឆ្នាំទៅដែលនាំមកនូវពន្ធចូលជាតិ៤០ប៊ីលានដុល្លារ ។
លោកបានថ្លែងថារដ្ឋាភិបាលតែងតែបានលើកទឹកចិត្តដល់សហគ្រាសរបស់ខ្លួនឲ្យចេញប្រកបជំនួញនៅខាងក្រៅ ទន្ទឹមនិងនេះគេកត់សម្គាល់ថាគេសង្កេតឃើញមានភាពអវិជ្ជមានខ្លះៗដែរនៅក្នុងការវិនិយោគនៅខាងក្រៅដែលតម្រូវឲ្យមានការកែប្រែថ្មីនូវការធ្វើនិយ័តកម្មរបស់រដ្ឋាភិបាល ។
ទោះជាយ៉ាងណាទិន្នន័យផ្លូវការបង្ហាញថាការវិនិយោគផ្ទាល់នៅបរទេសរបស់ចិនបានកើនឡើងយ៉ាងលឿនក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះវិនិយោគផ្ទាល់នៅបរទេសក្រៅពីផ្នែកហិរញ្ញវត្ថុកើនឡើង៤៤,១%ឬស្មើនឹង១៧០ប៊ីលានដុល្លារក្នុងឆ្នាំ២០១៦ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា