ខេត្តកំពង់ចាម ៖ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ (បក្សប្រឆាំង) និងជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានថ្លែង សារនយោបាយឆ្លើយតបទៅសម្តេចនាយក- រដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា (បក្សកាន់អំណាច) ថា បក្សប្រឆាំង មិនមែនសន្យាខ្យល់នោះទេ ព្រោះទោះបីគណបក្សរបស់លោក មិនទាន់ឈ្នះឆ្នោត បានដឹកនាំ ប្រទេស តែគោលនយោបាយរបស់គណបក្ស ប្រឆាំងជួយជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន មួយចំនួនដែរ ក្នុងប្រទេសកម្ពុជា នារយៈពេល កន្លងមកនេះរួមមានការដំឡើងប្រាក់ខែ មន្ត្រី រាជការ និងការបញ្ចុះតម្លៃអគ្គិសនីជាដើម។
លោកកឹម សុខា បានថ្លែងបែបនេះ ក្នុង ឱកាសដែលលោកបានចុះទៅកាន់មូលដ្ឋាន ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ដើម្បីផ្សព្វផ្សាយផ្ទៃក្នុងបក្សអំពី គោលនយោបាយអាទិភាព៥ ចំណុចរបស់គណ- បក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។
ក្រៅពីការថ្លែងក្នុងកិច្ចប្រជុំផ្ទៃក្នុងជាមួយ ថ្នាក់ដឹកនាំមូលដ្ឋាន និងសកម្មជនគណបក្ស សង្គ្រោះជាតិ នាថ្ងៃនោះ លោកកឹម សុខា ក៏ បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ លោកថា “ការបង្ហាញពីគោលនយោបាយរបស់ គណបក្សនីមួយៗ មិនមែនជាការសន្យាខ្យល់ នោះទេ ក៏ប៉ុន្តែ គឺជាជម្រើសដែលអាចជំរុញឱ្យ កាន់តែប្រសើរឡើងក្នុងការផ្តល់ផលប្រយោជន៍ ជូនជាតិ និងប្រជាពលរដ្ឋ។ ទោះបីគណបក្ស នយោបាយនោះ មិនទាន់ឈ្នះក៏ដោយ ក៏អាច នាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដែរ។ ជាក់ ស្តែងកាលឆ្នាំ២០១៣ ជាគោលនយោបាយ គណបក្សសង្គ្រោះជាតិ ថា នឹងដំឡើងប្រាក់ខែ ជូនមន្ត្រីរាជការឱ្យបានយ៉ាងតិច១លានរៀល កាលនោះគេថាធ្វើមិនបានតែឥឡូវ ស្រាប់តែ កំពុងធ្វើបាន និងមានឧទាហរណ៍ច្រើនទៀត ដូចជាការបញ្ចុះតម្លៃអគ្គីសនីជាដើម”។
ពាក់ព័ន្ធនឹងគោលនយោបាយគណបក្ស នេះដែរ លោកកឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ បានថ្លែងក្នុងវគ្គផ្សព្វផ្សាយផ្ទៃក្នុង នូវគោលនយោបាយអាទិភាពសម្រាប់ការបោះ- ឆ្នោត ឃុំ-សង្កាត់ នៅខេត្តព្រៃវែង កាលពីថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០១៧ ថា “ការបោះឆ្នោត” ដោយការប្រកួតប្រជែង “គោលនយោបាយ” ប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុចរិត គឺជា មធ្យោបាយនាំឱ្យប្រទេសជាតិ មាន “ស្ថិរភាព សន្តិភាព និងការរីកចម្រើនពិតប្រាកដ”។ ខ្ញុំ មានជំនឿថា ប្រជាពលរដ្ឋខ្មែរឆ្អែតឆ្អន់នឹងអ្នក- នយោបាយ ឈ្លោះគ្នា គំរាមកំហែង វាយប្រហារ ដោយហិង្សាលើខ្មែរគ្នាឯងហើយ។ ហេតុដូច្នេះ ហើយ បានជាខ្ញុំត្រូវចំណាយពេលធ្វើដំណើរ “ផ្សព្វផ្សាយគោលនយោបាយផ្ទៃក្នុង គណបក្ស សង្គ្រោះជាតិ” ចំនួន២ខេត្ត ក្នុងមួយថ្ងៃ”។
ដោយឡែកនៅថ្ងៃដដែលនោះដែរ ថ្លែង នៅក្នុងវគ្គផ្សព្វផ្សាយផ្ទៃក្នុង នូវគោលនយោ- បាយអាទិភាពសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ នៅខេត្តស្វាយរៀង លោកកឹម សុខា បានបញ្ជាក់ ថា “ការប្រកួតប្រជែងនយោបាយ ទាមទារនូវ ភាពរឹងមាំ។ ការស្គាល់ខ្លួនឯង និងការជឿជាក់ លើខ្លួនឯង គឺជាកត្តានាំមកនូវ “ភាពរឹងមាំ”។ ភាពរឹងមាំនេះហើយគឺជាកត្តា ដែលនាំមកនូវ “ជោគជ័យនៃដំណើរជីវិតនយោបាយ”។ នេះ ជាបទពិសោធន៍របស់ខ្ញុំ ដែលបាននាំឱ្យខ្ញុំអាច ធ្វើដំណើរឆ្លងកាត់នូវឧបសគ្គ និងការមួលបង្កាច់ ពីមជ្ឈដ្ឋានខ្លះកន្លងមក”។
គួរបញ្ជាក់ដែរថា ការថ្លែងសារនយោ- បាយរបស់លោកកឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ខាងលើនេះ គឺឆ្លើយតបទៅនឹង ការថ្លែងលើកឡើងរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា (បក្ស កាន់អំណាច) ដែលបាននិយាយចំអកឱ្យបក្ស ប្រឆាំង ថា បានត្រឹមសន្យាខ្យល់ភូតភរបោក- ប្រាស់ប្រជាពលរដ្ឋគ្មានឃើញធ្វើអ្វីជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិសោះ។
សម្តេចហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី- ភាព ក្នុងពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហារ និង ឆ្លងសមិទ្ធផលផ្សេងៗមួយចំនួន ក្នុងវត្តសិរីសាគរ ហៅវត្តកំពង់ត្របែក ស្ថិតនៅក្នុងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មាន ប្រសាសន៍នៅពេលនោះ ថា “…អាការសន្យា ហ្នឹង តិចទៀតមកដល់ហើយ គ្រប់រឿងគ្រប់រ៉ាវ ទាំងអស់ ហើយវាឆ្ងាញ់ត្រង់ថា អាអ្នកជិះកង់ ទៅសន្យា បើខ្ញុំឈ្នះ ខ្ញុំទិញម៉ូតូឱ្យជិះ ប៉ុន្តែខ្លួន ឯងជិះកង់ទៅសោះ។ មានអាធុនថា បើសិនជា ខ្ញុំឈ្នះ ខ្ញុំធ្វើផ្ទះក្បឿង ឱ្យគ្រប់ៗគ្នា ប៉ុន្តែខ្លួនវា នៅផ្ទះស្បូវ។ អាធុនហ្នឹង តើជឿ បានឬអត់? អានេះជាស្ថានភាពមួយ ដែលខ្ញុំ ករុណាខ្ញុំគ្រាន់ តែនិយាយរំលឹក៕