Friday, September 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញពីវត្ត ព្រួតវ៉ៃគេរយះក្បាល ជាប់ខ្នោះ៣

ចេញពីវត្ត ព្រួតវ៉ៃគេរយះក្បាល ជាប់ខ្នោះ៣

ខេត្តត្បូងឃ្មុំ ៖ ក្មេងទំនើង ១ក្រុម ចេញពីវត្ត កាន់បិណ្ឌ ស្រាប់តែបានធ្វើសកម្មភាពព្រួតវាយទៅលើយុវជនម្នាក់ នៅលើដងផ្លូវ បណ្តាលឱ្យរងរបួសរយះក្បាល និងត្រូវបានប្រជាពលរដ្ឋអ្នកដំណើរប្រទះឃើញ ថតបង្ហោះតាមបណ្តាញសង្គម បន្ទាប់មកត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនបាន ៣នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីហិង្សានេះ បានកើតឡើង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក។ រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ចំនួន ៣នាក់។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះនាត ណារ៉េត ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិថ្មីសែនជ័យ ឃុំទួលសូភី ស្រុកអូររាំងឪ។ ទី២-ឈ្មោះរ៉េន រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិថ្មីសែនជ័យ ឃុំទួលសូភី ស្រុកអូររាំងឪ និងទី៣-ឈ្មោះម៉ុន សុភី ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិថ្មីសែនជ័យ ឃុំទួលសូភី ស្រុកអូររាំងឪ។ ចំណែកជនរងគ្រោះ មានឈ្មោះ ឈ្មោះដេត ម៉េងលាង អាយុ១៦ឆ្នាំ រស់នៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់។

តាមប្រភពពីស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ថា ករណីនេះ បានចាប់ផ្តើមកើតមានការភ្ញាក់ផ្អើល បន្ទាប់ពីគណនីហ្វេសប៊ុក មួយឈ្មោះ “បង ចែ” បានបង្ហោះវីដេអូ រយៈពេល១១វិនាទី បង្ហាញពីសកម្មភាពយុវជនប្រមាណ ១០នាក់ វាយតប់គ្នាទៅវិញទៅមក ដោយប្រើមួកសុវត្ថិភាព។ ភ្លាមៗនោះ ឪពុករបស់ជនរងគ្រោះ ឈ្មោះប្រេស ឡឹម អាយុ៤៥ឆ្នាំ រស់នៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ បានដាក់ពាក្យបណ្តឹងថា កូនប្រុសរបស់គាត់ ឈ្មោះដេត ម៉េងលាង អាយុ១៦ឆ្នាំ ត្រូវបានក្រុមយុវជនទាំងនោះ វាយបណ្តាលឱ្យរងរបួសក្បាល និងកញ្ចឹងក។

ក្រោយទទួលបានបណ្តឹង និងព័ត៌មានពីបណ្តាញសង្គម កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ៣នាក់ (១-ឈ្មោះនាត ណារ៉េត ២-ឈ្មោះរ៉េន រ៉ូ ៣-ឈ្មោះម៉ុន សុភី) នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ព្រមទាំងបានដកហូតវត្ថុតាង ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៥។

ក្រោយការសាកសួរ ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានចូលរួមក្នុងអំពើហិង្សានោះមែន។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES