Saturday, September 20, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសំណល់ប្លាស្ទិក ៩០០តោន ខេត្តកណ្តាល ប្រមូលចេញពីទន្លេ

សំណល់ប្លាស្ទិក ៩០០តោន ខេត្តកណ្តាល ប្រមូលចេញពីទន្លេ

ខេត្តកណ្តាល ៖ លោកគួច ចំរើន អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា សំណល់ប្លាស្ទិក ជាង ៩០០តោន ត្រូវបានប្រមូលចេញពីទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

មានប្រសាសន៍ក្នុងទិវាសម្អាតពិភពលោក លើកទី៨ ក្រោមប្រធានបទរួមគ្នាដើម្បី “ស្អាតទឹក ស្អាតដី ស្អាតខ្យល់” ដែលបានរៀបចំឡើងនៅបរិវេណវត្តសុវណ្ណវារី ឃុំព្រែកតាទែន ស្រុកពញាឮ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកគួច ចំរើន អភិបាលខេត្តកណ្តាល បានឱ្យដឹងថា សំណល់ប្លាស្ទិក ប្រមាណជាង ៩០០តោន ទើប តែត្រូវបានប្រមូលចេញពីទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

លោកអភិបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋសិស្សានុសិស្ស អាជ្ញាធរគ្រប់ថ្នាក់ មន្ទីរពាក់ព័ន្ធ និងដៃគូអភិ វឌ្ឍន៍ទាំងអស់ សូមបន្តខិតខំនិងការប្តេជ្ញាចិត្តខ្ពស់ចេញជាសកម្មភាពក្នុងការថែរក្សាសម្អាតបរិស្ថាន ក្នុងមូល ដ្ឋានឱ្យបានស្អាតជានិច្ច ដើម្បីបរិស្ថានល្អ មានសេចក្តីសុខក្នុងការរស់នៅ ទទួលបានសុខភាពល្អ និងអាយុវែង។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការចូលរួមសម្អាតបរិស្ថាន របស់យើងទាំងអស់គ្នា គឺពិតជាមានសារៈសំខាន់ណាស់ ពីព្រោះសំរាម បានកើតឡើងដោយសារមនុស្ស ហើយបើមនុស្សគ្រប់រូបគ្មានការយល់ដឹងអំពីផលប៉ះពាល់នៃសំរាម ទាំងកាកសំណល់រឹងរាវ និងមិនបានចូលរួម ក្នុងការគ្រប់គ្រងសំរាមនោះទេ វានឹងបង្ក ផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន និងការរស់នៅរបស់យើង ជាក់ជាមិនខាន។ ជាពិសេសគឺសំណល់ប្លាស្ទិក ដែលមិនរលាយហើយបង្កជាតិពុលចំពោះបរិស្ថាន ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវចេះគ្រប់គ្រង ទុកដាក់សំរាមទាំងនោះឱ្យបានត្រឹមត្រូវ និងត្រូវចេះកែច្នៃសំណល់ប្លាស្ទិកទាំងនោះ មកប្រើប្រាស់ឡើងវិញទើបជាការប្រសើរ ចំណេញទាំងសេដ្ឋកិច្ច និងបរិស្ថានស្អាត។

លោកគួច ចំរើន បានបញ្ជាក់បន្តថា ប្រទេសកម្ពុជា បានផ្តោតលើការរួមគ្នាដើម្បី “ស្អាតទឹក ស្អាតដី ស្អាតខ្យល់” ដែលជាវត្ថុបំណងរបស់យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ព្រមទាំងស្របតាមគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ។ ក្រៅពីការប្រារព្ធទិវាសម្អាតពិភពលោក នៅទីនេះ រដ្ឋបាលខេត្តកណ្តាល ក៏បាននិងកំពុងរៀបចំទិវាតាមភូមិ ឃុំ-ស្រុក ទូទាំងខេត្ត និងចូលរួមជាមួយបណ្តាខេត្តផ្សេងៗ ដើម្បីរក្សានូវកិត្តិនាមរបស់ប្រទេសកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ទី៣ ឈានមុខគេ ក្នុងចំណោម១៩១ ប្រទេសដែលបានចូលរួមទិវានេះ កាលពីឆ្នាំ២០២៤ កន្លងទៅ។

លោកអភិបាលខេត្ត បានបន្ថែមថា ក្នុងរយៈពេលជាង ២៥ខែ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពជុំវិញខេត្ត បានខិតខំធ្វើការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវន្តសំខាន់ៗ ធ្វើឱ្យខេត្ត មានការប្រែប្រួលមុខមាត់ថ្មី និងរីកចម្រើន យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ប្រកបដោយសោភណភាព និងបរិស្ថានបៃតង ក្នុងនោះ រួមមានការស្តារនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធប្រឡាយ-លូ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ភ្លើងបំភ្លឺសាធារណៈ ការកែលម្អលម្ហបៃតង សាធារណៈ និងសួនច្បារតាមមាត់ស្ទឹង-ទន្លេ ព្រមទាំងពង្រឹងការគ្រប់គ្រងសំណល់រឹង-រាវគ្រប់ប្រភេទ។ ជាពិសេសទៀតនោះ សំណល់ប្លាស្ទិក ប្រមាណជាង ៩០០តោន ទើបតែត្រូវបាន ប្រមូលចេញពីទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ហើយថ្ងៃនេះ នឹងបន្តប្រមូលសំរាមនៅទីនេះជាមួយគ្នា រហូតខេត្តកណ្តាលស្អាត គ្មានសំណល់ប្លាស្ទិកក្នុងទន្លេ នៅតាមភូមិ ឃុំ-សង្កាត់ ក្រុង-ស្រុក ក្នុងខេត្តរបស់យើង៕

RELATED ARTICLES