Thursday, September 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមន្ត្រីពេទ្យ បើកឡានកិនក្មេងស្លាប់ សង៥ពាន់ដុល្លារ

មន្ត្រីពេទ្យ បើកឡានកិនក្មេងស្លាប់ សង៥ពាន់ដុល្លារ

ខេត្តរតនគិរី ៖ មន្ត្រីមន្ទីរពេទ្យបង្អែកខេត្តរតនគិរីម្នាក់ បានបើករថយន្តកិនក្មេងស្រី អាយុ៥ឆ្នាំម្នាក់ ដែលកំពុងរត់លេងក្នុងបរិវេណមន្ទីរពេទ្យ បណ្តាលឱ្យក្មេងស្រីរងគ្រោះរងរបួសធ្ងន់ និងស្លាប់ ក្រោយពេលដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តសៀមរាប។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងចំណុចទល់មុខអគារសង្គ្រោះបន្ទាន់ នៃបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។

អ្នកបើកបរថយន្តបង្កហេតុ ឈ្មោះហេង រតនា ភេទប្រុស អាយុ៥០ឆ្នាំ ជាមន្ត្រីបម្រើក្នុងមន្ទីរពេទ្យបង្អែកខេត្ត រតនគិរី មានលំនៅ ភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង។ ចំណែកក្មេងស្រីរងគ្រោះ ដែលបាត់បង់ជីវិត មានឈ្មោះបឿន ចន្ធូ អាយុ៥ឆ្នាំ មានលំនៅ ភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ មានឪពុកឈ្មោះស៊ឹម បឿន អាយុ៥៣ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះទូច សុខខឿន អាយុ៤០ឆ្នាំ មុខរបរកសិករ និងមានកូនប្រុសស្រី ក្នុងបន្ទុក ចំនួន៦នាក់ (ប្រុស២នាក់) ឯក្មេងស្រីរងគ្រោះ ជាកូនពៅ។

តាមប្រភពនៅកន្លែងកើតហេតុ និងតាមរូបភាពកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា មុនពេលកើតហេតុ នៅវេលាម៉ោងខាងលើ គេឃើញក្មេងស្រីរងគ្រោះ បានរត់លេងពីក្រោយឪពុក ដែលទំនងជាចេញទៅរកទិញអីហូប ដោយសារពួកគាត់មកដេកកំដរប្រពន្ធឈឺ នៅអគារ ព្យាបាលជំងឺខាងក្រោយ។ ស្រាប់តែមួយសន្ទុះក្រោយមក មានរថយន្ត ១គ្រឿង ម៉ាក Lexus RX-300 ពណ៌ស ពាក់ស្លាកលេខ ប.មានជ័យ 2A-9657 អ្នកបើកបរឈ្មោះហេង រតនា បានបើកចូលមកហួសរង្វង់មូលដងទង់ជាតិ ក៏បើកតម្រង់ទៅជើង ខណៈមកដល់មុខអគារសង្គ្រោះ បន្ទាន់នោះ ស្រាប់តែជ្រុលកិនក្មេងស្រីទាំងតែម្តង ដោយកិនកង់មុខរួចហើយ ទំនងជាម្ចាស់រថយន្តមិនទាន់ដឹងខ្លួនថាកិនមនុស្ស ទើបបន្ត កិនកង់ក្រោយថែមទៀត ធ្វើឱ្យរថយន្តឡើងផ្អៀងក៏នៅពុំទាន់ឈប់ ហើយក៏បន្តបើកទៅមុខ ចូលចំណត។

ករណីនេះ បង្កការភ្ញាក់ផ្អើលទាំងអ្នកជំងឺ និងអ្នកកំដរអ្នកជំងឺ រួមទាំងកម៉ូតូកង់បី និងក្រុមគ្រូពេទ្យ ផ្អើលឈូឆរ ចោមរោមមើល លើកកូនក្មេងចូលបន្ទប់សង្គ្រោះបន្ទាន់ តែដោយស្ថានភាពក្មេងស្រីរងគ្រោះធ្ងន់ខ្លាំងពេក ក្រុមគ្រូពេទ្យក៏បំពេញឯកសារបញ្ជូនបន្តតាមរថយន្តសាមុយទៅខេត្តសៀមរាប ដើម្បីសង្គ្រោះបន្ត តែអកុសល នៅវេលាម៉ោង២រសៀល ថ្ងៃដដែល ខណៈដឹកបញ្ជូនក្មេងស្រីរងគ្រោះ ដល់ពាក់កណ្តាលផ្លូវ ក្មេងស្រីក៏បានផុតដង្ហើមស្លាប់។

លោកអូន សាវុធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ថា ពិតជាកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក ដែលបង្កឡើងដោយលោក ហេង រតនា ប្រាកដមែន។ លោកថា វាជាកំហុសអចេតនា ដោយកើតហេតុដំបូង លោកបានប្រឹងប្រែងជួយអស់លទ្ធភាពហើយ។ ទាក់ទងបញ្ហានេះ លោកប្រធាន បញ្ជាក់ថា រវាងជនបង្កហេតុ និងក្រុមគ្រួសារជនរងគ្រោះ បានសម្របសម្រួលគ្នាក្នុងដែនអាជ្ញាធរមានសមត្ថកិច្ចនៃស្នងការដ្ឋាន រួច រាល់ហើយ។

ជុំវិញករណីខាងលើនេះ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មួយរូប សុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ថា ករណីនេះ បានដោះស្រាយរួចហើយ ដោយឱ្យភាគីទាំង២ មកសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿង។ ដោយឡែកឪពុករបស់ក្មេងស្រីរងគ្រោះ លោកស៊ឹម បឿន បានឱ្យដឹង តាមទូរស័ព្ទថា លោកបានទទួលសំណង ចំនួន៥ពាន់ដុល្លារ ពីជនបង្កហេតុ គ្រប់ចំនួនហើយ៕

RELATED ARTICLES