ខេត្តបាត់ដំបង ៖ បារី ១១១ប៊ិច ដែលមេឈ្មួញទុច្ចរិតត្រៀមបញ្ជូនឆ្លងអូរព្រំដែន ចេញទៅប្រទេសសៀម ហើយត្រូវកម្លាំងការពារព្រំដែនកម្ពុជា ស្ទាក់ចាប់បាននៅក្នុងទឹកដីស្រុកភ្នំព្រឹក តែអាជ្ញាធរស្រុក អះអាងថា សមត្ថកិច្ចមិនទាន់មានតម្រុយពីមេខ្លោងនៅពីក្រោយនៃអំពើរត់ពន្ធបារីខុសច្បាប់នេះនៅឡើយទេ ចាប់បានតែក្រុមកម្មករលីសែង ចំនួន៧នាក់ និងវត្ថុតាងបញ្ជូនទៅកាន់ស្នងការដ្ឋានខេត្ត។

លោកសុង សុភ័ក្រ អភិបាលស្រុកភ្នំព្រឹក និងជាប្រធានគណៈបញ្ជាការកងឯកភាពស្រុក ជាប់ព្រំដែនកម្ពុជា-ថៃ បានបញ្ជាក់ប្រាប់ថា ករណីបារីនេះ កម្លាំងសមត្ថកិច្ចមិនទាន់មានអ្វីបន្ថែមទេ ប៉ុន្តែបានបញ្ជូនវត្ថុតាងទាំងអស់ និងមនុស្សពាក់ព័ន្ធប៉ុន្មាននាក់ ទៅកាន់ស្នងការដ្ឋានខេត្តហើយ ដើម្បីស្រាវជ្រាវបន្ត។

លោក អភិបាលស្រុក បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបការរត់ពន្ធបារីឆ្លងដែនខុសច្បាប់នេះ គឺកម្លាំង វរៈនគរបាលការពារព្រំដែន និងកម្លាំងយោធាការពារព្រំដែន ជាអ្នកបង្ក្រាបបាន នៅពេលពួកគេចេញល្បាតរួមគ្នា។ ជាមួយនឹងការរឹបអូសបានបារី មធ្យោបាយដឹកជញ្ជូន កម្មករលីសែងបារី ចំនួន៧នាក់ ក៏ត្រូវបានឃាត់ ខ្លួនយកមកសាកសួរដែរ តែពេលនេះបញ្ជូនទៅកាន់ស្នងការដ្ឋានអស់ហើយ។

យោងតាមប្រភពព័ត៌មានពីតំបន់ព្រំដែន បានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ (៤ថ្ងៃមុន) កម្លាំងការពារព្រំដែនគោក មានកម្លាំងយោធា និងកម្លាំងវរៈនគរបាល ស្ទាក់ចាប់បានមនុស្សមួយក្រុម ដែលកំពុងដឹកជញ្ជូនបារី ១១០ប៊ិច បម្រុងឆ្លងព្រំដែនដោយខុសច្បាប់ ចេញទៅប្រទេសសៀម ដែលនៅមិនឆ្ងាយប៉ុន្មានពីប៉ុស្តិ៍វរនគរបាលការពារព្រំដែន អូររំដួល៨១៩ ស្ថិតក្នុងភូមិភ្នំតូច ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក។

ប្រភពដដែល បានបន្តថា ជាមួយនឹងកិច្ចប្រតិបត្តិការបង្ក្រាបអំពើរត់ពន្ធទំនិញនោះ សមត្ថកិច្ចបានរឹបអូសបារី ចំនួន១១១ប៊ិច ត្រាក់ទ័រម៉ាកហ្វ័ត ១គ្រឿង ជាមធ្យោបាយដឹកជញ្ជូនបារី និងមនុស្សចំនួន៧នាក់ ជាកម្មករសម្រាប់លីសែងបារីឆ្លងអូរព្រំដែន៕