Friday, September 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធឈ្លោះនឹងអ្នកជិតខាង ហៅប្តីមក បាញ់ស្លាប់៣នាក់

ប្រពន្ធឈ្លោះនឹងអ្នកជិតខាង ហៅប្តីមក បាញ់ស្លាប់៣នាក់

ខេត្តកំពត ៖ ក្រុមគ្រួសារមួយ កំពុងជួបជុំគ្នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបានអាំងសាច់ និងបបែលហូប នៅខាងមុខផ្ទះ លុះក្រោយមក មានសត្វឆ្កែ បានលួចពាំសាច់អាំង ទើបយុវជនដែលកំពុងអាំងសាច់ បានទាញស្បែកជើងគប់ បែរជាហោះត្រូវស្ត្រីជាអ្នកជិតខាងម្នាក់ ដែលធ្លាប់មានជម្លោះនឹងគ្នា កំពុងជិះម៉ូតូកាត់ ធ្វើឱ្យកើតជាជម្លោះ និងត្រូវបានស្ត្រីជិះម៉ូតូខឹង ទូរស័ព្ទប្រាប់ប្តីជាមន្ត្រីយោធា ។ លុះបុរសជាប្តី ជិះម៉ូតូមកដល់ បានដកកាំភ្លើងបាញ់ប្រហារ ទៅលើក្រុមគ្រួសារជនរងគ្រោះ បណ្តាលឱ្យស្លាប់ ៣នាក់ និងរងរបួសធ្ងន់ម្នាក់។ ចំណែកជនដៃដល់ជាខ្មាន់កាំភ្លើង បានព្យាយាមរត់គេចអស់២ថ្ងៃ ត្រូវបានកម្លាំងនគរបាលសហការជាមួយជំនាញអាវុធហត្ថ តាមចាប់ខ្លួនបាន នៅស្រុកកំណើតជនដៃដល់ ឯស្រុកបាទី ខេត្តតាកែវ។

ករណីឃាតកម្ម បាញ់សម្លាប់មនុស្ស បណ្តាលឱ្យជនរងគ្រោះ ១គ្រួសារ (ស្លាប់៣នាក់ រងរបួសធ្ងន់ម្នាក់) នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស។ រហូតមកដល់ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ទើបកម្លាំងជំនាញអាវុធហត្ថ សហការជាមួយកម្លាំងនគរបាល បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ជាឃាតករបាន នៅស្រុកកំណើតរបស់ជនដៃដល់ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។

ជនដៃដល់ជាឃាតករ ដែលបាញ់ប្រហារ បណ្តាលឱ្យមនុស្សស្លាប់ ចំនួន៣នាក់ រងរបួសធ្ងន់ម្នាក់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើ មានឈ្មោះអ៊ុំ វទ្ធី ជាមន្ត្រីយោធា ពាក់ស័ក្តិ៤។ ចំណែកជនរងគ្រោះ ចំនួន៤នាក់ រួមមាន ទី១-ឈ្មោះញ៉ែត ជ្រឿន ភេទស្រី អាយុ៦៥ឆ្នាំ ត្រូវជាម្តាយ (ស្លាប់នៅនឹងកន្លែង)។ ទី២-ឈ្មោះហួន ជ្រុយ ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាកូនស្រី (ស្លាប់នៅនឹងកន្លែង)។ ទី៣-ឈ្មោះឯម វី ភេទប្រុស អាយុ៥៣ឆ្នាំ ត្រូវជាកូនប្រសា (ស្លាប់តាមផ្លូវ ពេលដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ) និងទី៤-ឈ្មោះរ៉ា សុខហេង ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាចៅ (រងរបួសធ្ងន់)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមគ្រួសារជនរងគ្រោះខាងលើ កំពុងជួបជុំគ្នាក្នុងរដូវភ្ជុំបិណ្ឌ ដោយនាំគ្នាអង្គុយនៅមុខផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ស្រាប់តែត្រូវបានបុរសម្នាក់ ជិះម៉ូតូមកដល់ឈប់ មុខផ្ទះ ហើយដកកាំភ្លើងខ្លី បាញ់រះ បណ្តាលឱ្យមានមនុស្សស្លាប់នៅនឹងកន្លែង ចំនួន២នាក់ និង២ នាក់ទៀត រងរបួសធ្ងន់ ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ តែទៅមិនទាន់ដល់ពេទ្យផង ក៏បានស្លាប់ម្នាក់ទៀត (សរុបអ្នកស្លាប់ក្នុងហេតុការបាញ់ប្រហានេះ មានចំនួន៣នាក់ និងរបួសធ្ងន់ម្នាក់)។

តាមប្រភពស្ត្រីឈ្មោះហួន ប្រាណ អាយុ៣៧ឆ្នាំ ត្រូវជាសាច់ញាតិរបស់ជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះដែលបានស្លាប់និងរបួស ក្នុងការបាញ់ប្រហានេះ គឺជាក្រុមគ្រួសារតែមួយ ហើយមុនពេលកើតហេតុ នៅរដូវភ្ជុំ ក្រុមគ្រួសារជនរងគ្រោះ បានជួបជុំបងប្អូន ហើយកូនប្រុសរបស់គាត់ ឈ្មោះរ៉ា សុខហេង ដែលរងរបួសធ្ងន់នោះ កំពុងអាំងសាច់ និងបបែល នៅខាងមុខផ្ទះ ពេលនោះ ស្រាប់តែឆ្កែព្រុស ទើបជនរង គ្រោះ បានយកស្បែកជើងគប់ឆ្កែ បែរជាខ្ទាតស្បែកជើងត្រូវស្ត្រីម្នាក់ (ប្រពន្ធរបស់ជនដៃដល់) ដែលធ្លាប់មានរឿងរ៉ាវប្តឹងផ្តល់គ្នា ម្តងជា២ដងរួចមកហើយ (ប្រភពខ្លះថា យកស្បែកជើងគប់ឆ្កែលួចពាំសាច់) ។ ពេលនោះក្រុមសាច់ញាតិជនរងគ្រោះ បានសុំទោសស្ត្រីដែលខ្ទាតស្បែកជើងត្រូវ រួចរាល់ហើយ តែស្ត្រីនោះ កើតទុក្ខមិនសុខចិត្ត មិនព្រមទទួលយកការសុំទោស ក៏ទូរស័ព្ទហៅប្តីរបស់ខ្លួន ជាមន្ត្រីយោធា (ជនដៃដល់) ឱ្យមកកាន់កន្លែងកើតហេតុ។ ស្រាប់តែមួយសន្ទុះក្រោយមក លេចមុខជនដៃដល់ជាខ្មាន់កាំភ្លើង បានជិះម៉ូតូមកដល់ ហើយចុះដកកាំភ្លើងខ្លីបាញ់ប្រហារទៅលើជនរងគ្រោះទាំង៤នាក់ បណ្តាលឱ្យស្លាប់និងរបួស ដេកដួល រណូករណែលតែម្តង។ អ្វីដែលគួរឱ្យសង្វេគនោះ គឺស្ត្រីម្នាក់ មិនទាន់ស្លាប់ បានព្យាយាមលើកដៃអង្វរជនដៃដល់ បែរជាជននោះមកវាយទៅលើជនរងគ្រោះបន្ថែមទៀត។

ស្ត្រីឈ្មោះ ហួន ប្រាណ បានបន្តថា ជុំវិញករណីខាងលើ ជនដៃដល់ បានកើតមានគំនុំជាមួយនឹងក្រុមគ្រួសារជនរងគ្រោះ ជាយូរមកហើយ រឿងទី១-ជម្លោះរឿងហិង្សា។ ទី២-រឿងជះទឹកពេលបុណ្យចូលឆ្នាំ និងទី៣ ចុង ក្រោយ គឺរឿងយុវជនឈ្មោះរ៉ា សុខហេង អង្គុយអាំងបបែល មុខផ្ទះ និងគប់ឆ្កែ ទៅត្រូវចំប្រពន្ធជនដៃដល់ដែលកំពុងជិះម៉ូតូ ធ្វើឱ្យប្រពន្ធ ទូរស័ព្ទប្រាប់ប្តី ជិះម៉ូតូមកបាញ់ប្រហារ បណ្តាលឱ្យមានអ្នកស្លាប់និងរបួស រណូក រណែលតែម្តង។

ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអះអាងថា បន្ទាប់ពីស្រាវជ្រាវ ក្រោយថ្ងៃកើតហេតុ នៅពេលនេះជនដៃដល់ដែលជាខ្មាន់កាំភ្លើង ឈ្មោះអ៊ុំ វុទ្ធី ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនបាន នៅស្រុកបាទី ខេត្តតាកែវ។

បើតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក្រៅពីខ្មាន់កាំភ្លើងខាងលើ ប្រពន្ធរបស់ជនដៃដល់ ក៏ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត ឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ផងដែរ។

ជុំវិញករណីបាញ់ប្រហារខាងលើនេះ ជនសង្ស័យជាឃាតករ បានសារភាពប្រាប់សមត្ថកិច្ចថា ដោយសារខ្លួនផឹកស្រាស្រវឹង លុះឮប្រពន្ធប្រាប់ពីរឿងឈ្លោះគ្នា ក៏មកបាញ់ប្រហារជនរងគ្រោះតែម្តង៕

RELATED ARTICLES