ខេត្តកំពង់ស្ពឺ ៖ ប្តីប្រពន្ធ ២នាក់ ជិះម៉ូតូដឹកគ្នាត្រឡប់មកពីស្រុកកំណើត ស្រាប់តែនៅតាមផ្លូវត្រូវបានជន សង្ស័យ ១ក្រុម ធ្វើសកម្មភាពឆក់កាបូប បានសម្រេច បណ្តាលឱ្យជនរងគ្រោះ ២នាក់ប្តីប្រពន្ធ ដួលម៉ូតូបោក ក្បាល រងរបួស។ ចំណែកក្រុមជនសង្ស័យ គេចខ្លួនបាន ៣៤ម៉ោង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបានចំនួន៣នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីឆក់កាបូបនេះ បានកើតឡើង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិទ័ពម្រាក់ ឃុំកក់ ស្រុកបសេដ្ឋ។ លុះមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់។
ជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះយ៉ាង ភីយុទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។ ទី២-ឈ្មោះរុំ វិច្ឆកា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ និងទី៣-ឈ្មោះជូ សារិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ បានធ្វើការសហការស្រាវជ្រាវករណីក្រុមចោរឆក់កាបូបជនរងគ្រោះ ឈ្មោះឃឹម ដានីន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិថ្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ដឹកប្រពន្ធមកលេងស្រុកកំណើត កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិទ័ពម្រាក់ ឃុំកក់ ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ។

ប្រភពដដែល បន្តថា តាមការស្រាវជ្រាវកម្លាំងសមត្ថកិច្ចជំនាញកំណត់បានអត្តសញ្ញាណជនសង្ស័យ ក្នុងនោះជនសង្ស័យបានប្រើមធ្យោបាយ ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CP-4434 ដោយក្នុងហេតុការណ៍ខាងលើ ក្រុមជនសង្ស័យ បានឆក់កាបូបដាក់លុយស្ពាយចំហៀង បណ្តាលឱ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូ និងដួលបោកនឹងដី រងរបួសក្បាល ទាំង២នាក់ប្តី-ប្រពន្ធ។ ចំណែកក្រុមជន សង្ស័យ ក្រោយពីធ្វើសកម្មភាពឆក់បានសម្រេច ក៏គេចខ្លួនបាត់។
ក្រោយសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ អស់រយៈពេល៣៤ម៉ោង រហូតមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ (១-ឈ្មោះយ៉ាង ភីយុទ្ឋ ២-ឈ្មោះរុំ វិច្ឆកា ៣-ឈ្មោះជូ សារិន) និងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីសាកសួរ។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមច្បាប់។ រីឯកាបូបលុយ សមត្ថកិច្ចបានប្រគល់ជូនជន រងគ្រោះវិញ៕