Monday, September 29, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបជល់មាន់អនឡាញ មនុស្សជាន់ដាន

បង្ក្រាបជល់មាន់អនឡាញ មនុស្សជាន់ដាន

ខេត្តកណ្តាល ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ (មាន់ជល់តាមប្រព័ន្ធអនឡាញ) ១កន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចឆ្មក់ចុះបង្ក្រាប ដោយដកហូតបានសម្ភារៈមួយចំនួន ចំណែកអ្នកលេងបានគេចខ្លួនបាត់អស់ នៅសល់តែបុរសម្នាក់ ត្រូវបានជនសង្ស័យ (អ្នកកាន់ម៉ាស៊ីនភ្នាល់ជល់មាន់) បានផ្ញើទុកកាបូបឱ្យជួយកាន់  (ជាន់ ដាន) ក៏ត្រូវសមត្ថកិច្ចនាំយកទៅសាកសួរ។

ការបង្ក្រាបនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិក្តីកណ្តាល សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ។

ជនសង្ស័យជាម្ចាស់ទីតាំង មានឈ្មោះទី លាងស៊្រី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ បុគ្គលិកជល់មាន់តាមអន​ឡាញ មានលំនៅ ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ (គេចខ្លួន)។

ចំណែកវត្ថុតាងចាប់យក រួមមាន ១-កំព្យូទ័រម៉ាក Lenovo ពណ៌ខ្មៅ ចំនួន១គ្រឿង។ ២-Tablet ម៉ាក Honor ពណ៌ប្រផេះ ស្រោមពណ៌ខ្មៅ ចំនួន១គ្រឿង។ ៣-Destop ម៉ាក Fujitsu ពណ៌ខ្មៅ ចំនួន១គ្រឿង។ ៤-ទូរស័ព្ទ ចំនួន៦គ្រឿង (ម៉ាក Vivian.solute អ៊ុតពណ៌សូកូឡា ចំនួន១គ្រឿង ម៉ាក Oppo A57 ពណ៌ខ្មៅ ១គ្រឿង ម៉ាក Vivian.v2026 ពណ៌ផ្ទៃមេឃ អ៊ុតពណ៌ក្រហមពីក្រៅ ១គ្រឿង ម៉ាក Vivian.v25 ពណ៌ខ្មៅ ១គ្រឿង ម៉ាក Infinix smatt8 ពណ៌ខ្មៅ ១គ្រឿង ម៉ាក Vivian ពណ៌ទឹកក្រូច ១គ្រឿង) ព្រមទាំងសម្ភារៈប្រើប្រាស់ មួយចំនួន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលក្រុង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសារិកាកែវ បានធ្វើការចុះបង្ក្រាបទីតាំងលួចចាត់ចែងឱ្យលេងល្បែងស៊ីសងខុស​ច្បាប់ (ជល់មាន់តាមប្រព័ន្ធអនឡាញ) នៅចំណុចផ្ទះមួយកន្លែង ស្ថិតនៅភូមិក្តីកណ្តាល សង្កាត់សារិកាកែវ ក្រុង​អរិយក្សត្រ ខេត្តកណ្តាល ដោយឃាត់ខ្លួនបានចំនួន ១នាក់ ឈ្មោះនី ស៊ីណា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះនី ស៊ីណា បានឆ្លើយបំភ្លឺថា  នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៣​រសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ខ្លួនបានជិះម៉ូតូ ចេញពីផ្ទះ ស្ថិតនៅភូមិតាស្គរ សង្កាត់សារិកាកែវ ឆ្ពោះទៅផ្ទះដែលមានតារាងបោះប៊ូល ១កន្លែង ស្ថិតនៅភូមិក្តីកណ្តាល សង្កាត់សារិកាកែវ គោលបំណងទៅមើលគេលេងបោះប៊ូល។ ពេលទៅដល់ ខ្លួនឃើញមានមនុស្សច្រើននាក់ណាស់ ឈរលេងនៅទីនោះ មួយសន្ទុះក្រោយមក ដោយមានសភាពអ៊ូអរ ខ្លួនក៏ដើរទៅក្រោយផ្ទះនោះ បម្រុងបត់ជើងតូច ស្រាប់តែមានមនុស្សស្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ បានផ្ញើកាបូបក្រណាត់ពណ៌ខ្មៅលាយពណ៌ស ចំនួន១ តែខ្លួនមិនដឹងថា មានអ្វីនៅក្នុងនោះទេ ដោយប្រាប់ថា ផ្ញើមួយភ្លែត ហើយក៏ដើរចេញទៅក្រៅបាត់ បន្ទាប់មក ខ្លួនបានយកកាបូបក្រណាត់នោះ ទៅទុកនៅលើប៉ាវអ៊ីឫស្សី នៅក្បែរតារាងលេងបោះប៊ូល តែមិនឃើញមនុស្សស្រីនោះត្រឡប់មកយកកាបូប​ក្រណាត់នោះវិញទេ ហើយខ្លួនបន្តឈរមើលគេលេងបោះប៊ូល រហូតដល់វេលាម៉ោង ៤និង៣០នាទី ទើបកម្លាំងចម្រុះបានចុះមកដល់ ធ្វើការឃាត់ខ្លួនតែម្តង។ ចំណែកប្រជាពលរដ្ឋដែលមកលេងបោះប៊ូលផ្សេងទៀត គឺបានរត់គេចខ្លួនទៅបាត់អស់។

ដោយឡែក យោងតាមសាក្សី ឈ្មោះមឿន ណាយប៉ុន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ បានបំភ្លឺជូនសមត្ថកិច្ចថា នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ខ្លួនបានជិះម៉ូតូ ចេញពីផ្ទះ បំណងទៅមើលគេលេងបោះប៊ូល នៅផ្ទះដែលមានតារាងបោះប៊ូល មួយកន្លែង ស្ថិតនៅភូមិក្តីកណ្តាល សង្កាត់សារិកាកែវ ពេលទៅដល់ ខ្លួនបានឃើញឈ្មោះនី ស៊ីណា ហៅស៊ីណេ កំពុងឈរមើលគេលេងបោះប៊ូល ក្រោយមក ខ្លួនក៏ដើរទៅនិយាយសួរនាំបន្តិច ក៏ប្រញាប់ត្រឡប់មកផ្ទះវិញ។ ឈ្មោះមឿន ណាយប៉ុន បានបញ្ជាក់ទៀតថា ខ្លួនមិនដែលឃើញឈ្មោះ នី ស៊ីណា ហៅស៊ីណេ លេងល្បែងជន់មាន់ តាមអនឡាញ ឬកាន់ម៉ាស៊ីនភ្នាល់ស៊ីសងល្បែងជល់មាន់ តាមអនឡាញទេ។

ជុំវិញករណីនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកជនសង្ស័យ ដើម្បីនាំយកមកចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES