ភ្នំពេញ ៖ ស្រីស្រស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានហោះទៅវៀតណាម កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីដើរម៉ូដ «Vietnam fashion Show »កម្មវិធីមួយ មានឈ្មោះថា Thoi Trend Runway ,Jirene នៅថ្ងៃទី២៨ ខែកញ្ញា ដែលប្រជុំទៅដោយតារាបង្ហាញម៉ូដល្បីៗជាច្រើនប្រទេសចូលរួម ។ប៉ុន្ដែនាងនៅតែមានសម្រស់លេច ធ្លោគួរឲ្យចាប់អារម្មណ៍ ក្នុងចំណោមស្រីស្អាតៗមកពីបណ្ដាប្រទេសផ្សេងៗ។

អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅពេជ្រ វត្តីសារ៉ាវឌ្ឍី កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ តែត្រូវបានបុរសម្នាក់លើកទូរស័ព្ទជំនួស និងនិយាយយ៉ាងខ្លីថា លោកមិនបានដឹងស៊ីជម្រៅពីកម្មវិធីដែលវត្តីសារ៉ាវឌ្ឍី ដើរម៉ូដនោះទេ តែតាមលោកដឹង ក្រោយចប់កម្មវិធី ថ្ងៃទី២៨ ខែកញ្ញា វត្តី ដើរលេងនៅវៀតណាម ២ទៅ៣ថ្ងៃ ទើបមកខ្មែរវិញ ។
ឆ្លើយតបសំណួរថា តើក្រោយពីពេជ្រ វត្តីសារ៉ាវឌ្ឍី វិលមកពីវៀតណាម នាងមានគម្រោងចូលប្រកួតកម្មវិធីប្រ លងបវរកញ្ញាថ្មីណាផ្សេងទៀតទេ ក្រោយពីបរាជ័យកម្មវិធី Miss Universe Cambodia 2025 ? បុរសនោះថា ទាក់ទងរឿងរ៉ាវនេះ លោកមិបានដឹងទេ ។

គួរបញ្ជាក់ថា ការទៅបង្អួតសម្រស់ របស់ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅលើទឹកដីវៀតណាម នេះ បន្ទាប់ពីនាងបានខកចិត្តខ្លាំង ព្រោះតែការប្រកួតប្រកួតវគ្គផ្ដាច់ព្រ័ត្រ (Final) កាលពីរាត្រីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នោះ បានបរាជ័យទាំងស្រុងក្នុងការគ្រងមកុដ Miss Universe Cambodia 2025 ព្រោះចាញ់បេក្ខនារី ថៃ នារីសុជាតា ហៅហ្វីយ៉ាតា និងពិន្ទុនៅក្រោមនាដការីសុខគា គីមលាង ទៀតផង ពោលគឺនាង ជាប់ត្រឹមលំដាប់រងទី២ ។ ប៉ុន្ដែការទៅធ្វើការនៅបរទេស ក្នុងវិស័យបង្ហាញម៉ូដ នេះបញ្ជាក់ថា វត្តីសារ៉ាវឌ្ឍី នៅតែមានហាងឆេង ទោះជាមិនអាចសម្រេចក្ដីសុបិនធំ លើកពានកម្មវិធីដែលមាន ប្រាសាទ ដាវីន ជាម្ចាស់កម្មវិធីមុននេះក្ដី ។

នៅលើទឹកដីវៀតណាម វត្តីសារ៉ាវឌ្ឍី បង្ហាញអារម្មណ៍រីករាយ រាំលេងតាមផ្លូវ និងជិះម៉ូតូដើរលេងជាដើម ពោលគឺហាក់ដូចជាបំភ្លេចអស់រឿងរបូតមកុដ ព្រោះនាងក៏ព្រមទទួលយកលទ្ធផលនោះហើយដែរ ។

សូមរំលឹកថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាអតីតម្ចាស់មកុដ Miss Grand Cambodia 2022 និង5th Runner Up MGI 2022 តែកាលពីថ្ងៃទី៣ ខែកក្កដា នាងថា មកុដ 5Th Runner Up MGI 2022 នាងបានបោះចោលក្នុងធុងសំរាមទៅហើយ ក្រោយពេលថៃ បង្សង្គ្រាមឈ្លានពានកម្ពុជា ។ ជាតារាបង្ហាញម៉ូដ និងសម្ដែងដ៏លេចធ្លោ ពេជ្រ វត្តីសារ៉ាវឌ្ឍី អាយុ២៧ឆ្នាំ ត្រូវបាន Fan ចាត់ទុកថា នាងបានទាំងព្រម ពោលគឺសម្រស់ កម្ពស់ រាងស្វែល និងចេះនិយាយភាសាអង់គ្លេស បានយ៉ាងល្អ។ ហេតុនេះហើយពួកគេជឿថា នាងនៅតែអាចឈ្នះមកុដក្នុងកម្ម វិធីផ្សេងទៀត ដើម្បីប៉ះប៉ូវផ្លូវចិត្តមកវិញ ក្នុងពេលឆាប់ៗនេះមិនខាន បន្ទាប់ពីទៅសប្បាយនៅវៀតណាម អស់ដៃមក។ ប៉ុន្ដែក្រមុំមកពីខេត្តព្រះសីហនុ រូបនេះ តាំងពីប្រឡូកក្នុងអាជីពសិល្បៈ៣ឆ្នាំមក នាងមិនធ្លាប់បង្ហាញគូស្នេហ៍ ជាសាធារណៈឡើយ ដែលចំណុចនេះហើយ ធ្វើឲ្យប្រុសៗកាន់តែជ្រួលជ្រើម លង់សម្រស់នាង ពិសេសពេលស្រីស្អាតលេងឈុតប៊ីគីនី ម្ដងៗនោះ គឺពិតជាបះសក់ច្រូងគ្រប់គ្នាតែម្ដង ៕
