ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រី វ័យ១៣ឆ្នាំ ម្នាក់ នៅចំណុចផ្ទះរបស់ក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយបានរត់គេចមកសម្ងំលាក់ខ្លួននៅក្នុងភូមិសាស្ត្រក្រុងកំពង់សោម ខេត្តព្រះសីហុន ទីបំផុតត្រូវបានកម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវឃាត់ខ្លួនបាន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ។

ជនសង្ស័យដែលត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះយ៉ុន វណ្ណៈ ហៅណាក់ អាយុ៥២ឆ្នាំ មុខរបរទិញមាន់ទា មានលំនៅ ផ្សាររន្ទះបាញ់ ស្ថិតក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ស.ល.ន អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
គួររំលឹកថា កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ មានករណីរំលោភសេពសន្ថវៈមួយ បានកើតឡើង នៅចំណុចភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយក្មេងស្រី វ័យ១៣ឆ្នាំម្នាក់ កំពុងនៅចាំផ្ទះតែម្នាក់ឯង ស្រាប់តែត្រូវបានបុរសម្នាក់ ជាថៅកែមាន់ទា បានធ្វើសកម្មភាពចាប់រំលោភទាំងកំ រោល លុះគាប់ជួនត្រូវម្តាយក្មេងស្រីរងគ្រោះ មកទាន់ ធ្វើឱ្យជនសង្ស័យភ័យ លើកខោរត់គេចខ្លួនបាត់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ក្មេងស្រីរងគ្រោះ កំពុងនៅចាំផ្ទះ តែម្នាក់ឯង ខណៈឪពុកម្តាយបានចេញទៅស្រែចម្ការអស់។ លុះមកដល់វេលាម៉ោង ៨និង៣០ នាទីព្រឹក ថ្ងៃដដែល លេចមុខជនសង្ស័យឈ្មោះយ៉ុន វណ្ណៈ ហៅណាក់ បានចូលមកដល់ផ្ទះក្មេងស្រីរងគ្រោះ ដោយឃើញឱកាសស្ងាត់ល្អ ជនសង្ស័យបានព្យាយាមលួងលោម និងចាប់រំលោភក្មេងស្រីរងគ្រោះទាំងកំរោលតែម្តង ប៉ុន្តែគាប់ជួនខណៈដែលកំពុងធ្វើសកម្មភាពនោះ មានសាច់ញាតិបងប្អូនក្មេងស្រីរងគ្រោះ បានមកទាន់ ក៏ធ្វើឱ្យជនសង្ស័យភ័យ លើកខោរត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។
ក្រោយកើតេហតុ ក្មេងស្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារប្រញាប់នាំទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរ បាលស្រុកបាភ្នំ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារក្មេងស្រី រងគ្រោះភ្លាម កម្លាំងសមត្ថកិច្ច បានចុះស្រាវជ្រាវដល់ទីតាំងកើតហេតុ និងតាមរកជនសង្ស័យ ដើម្បីនាំយកមកសាកសួរ តែជនសង្ស័យបានរត់គេចខ្លួនចេញពីមូលដ្ឋានបាត់ទៅហើយ។
រហូតមកដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចជំនាញ បានសហការស្រាវជ្រាវជាមួយនឹងកម្លាំងជំនាញអាវុធហត្ថខេត្តព្រះសីហនុ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបាន ខណៈដែលជននេះកំពុងលាក់ខ្លួននៅក្នុងភូមិសាស្ត្រក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ជនសង្ស័យខាងលើ ត្រូវបានមន្ត្រីជំនាញអាវុធហត្ថខេត្តព្រះសីហនុ ប្រគល់ឲ្យសមត្ថកិច្ចជំនាញខេត្តព្រៃវែង ដើម្បីចាត់ការបន្តតាមនីតិវិធី៕