Wednesday, October 1, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះ៣នាក់ ចងការលុយខុសច្បាប់

វ៉ៃខ្នោះ៣នាក់ ចងការលុយខុសច្បាប់

ខេត្តកណ្តាល ៖ ជនសង្ស័យ ៣នាក់ ដែលក្នុងនោះមានជនជាតិវៀតណាម ២នាក់ និងជនជាតិខ្មែរ ១នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចុះស្រាវជ្រាវឃាត់ខ្លួន  បន្ទាប់ពីក្រុមជនសង្ស័យធ្វើ សកម្មភាពដើរចងការប្រាក់ (លុយរាប់) ដោយយកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋ ជាការបញ្ចាំ។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះរ៉ន ឆរី ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរមេផ្ទះ។ ទី២-ឈ្មោះង៉ យ៉ាំងធីង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកបកប្រែ និងទី៣-ឈ្មោះ DO THE HIEN ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិវៀតណាម។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា ក្រុមជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពដើរចងការប្រាក់ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយប្រជាការពារ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប បានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ភ្លាមៗ រួចក៏នាំមកធ្វើ ការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានយកលុយមកចងការប្រាក់ ដោយតម្រូវឱ្យប្រជាពលរដ្ឋ យកឯកសារដើម ដូចជាសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណប័ណ្ណ ជាការបញ្ចាំ ទើបអាចខ្ចីបាន។ ពួកគេបានកំណត់ថា សម្រាប់ការខ្ចីប្រាក់ ១លានរៀល គឺត្រូវបង់ក្នុងរយៈពេល ៤២ថ្ងៃ ក្នុងមួយថ្ងៃ ត្រូវបង់ទាំងការទាំងដើម ចំនួន ៣ម៉ឺនរៀល និងបង់កម្រៃជើងសារ ចំនួន ១១ម៉ឺនរៀល។

តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលបានខ្ចីប្រាក់ បានបញ្ជាក់ថា ជនសង្ស័យ តម្រូវឱ្យពួកគេបង់កម្រៃជើងសារ ចំនួន ១០ម៉ឺនរៀល ឡើងទៅ និងបង់ត្រឡប់សងតាមរយៈ QR Code របស់គណនី ABA CB ដែលមានឈ្មោះ DO THE NIEN។ ក្រុមជនសង្ស័យនេះ បានធ្វើសកម្មភាពចងការប្រាក់ឱ្យប្រជាពលរដ្ឋ ចំនួន១០នាក់ នៅក្នុងស្រុកកណ្តាលស្ទឹង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។

ចំពោះវត្ថុតាងដែលដកហូតបាន រួមមាន សៀវភៅស្នាក់នៅ ចំនួន៤ច្បាប់។ សៀវភៅគ្រួសារ ១ច្បាប់។ អត្តសញ្ញាណប័ណ្ណ ១សន្លឹក។ ឯកសារកិច្ចសន្យា ៩ច្បាប់ ដែលបានសរសេររួច។ ប្រដាប់កៀប១។ ប្រាក់ ចំនួន ៤លានរៀល និង ១៥០០ដុល្លារ។ លិខិតឆ្លងដែន និងឯកសារផ្សេងៗទៀតមួយចំនួន រួមទាំងម៉ូតូ ២គ្រឿង និងទូរស័ព្ទ ចំនួន៤គ្រឿង។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕

RELATED ARTICLES