Saturday, October 4, 2025
Homeតារាខ្មែរអ៊ីវ៉ា ចង់រៀបការ

អ៊ីវ៉ា ចង់រៀបការ

ភ្នំពេញ ៖ តារាចម្រៀង ឃីន ស្រីនាថ ហៅអ៊ីវ៉ា  នៅថ្ងៃ២ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញអារម្មណ៍ចង់រៀបការ ក្រោយនាងឃើញគូស្នេហ៍មួយគូ ក្រាបផ្ទឹម មានចាស់ទុំទាំងសងខាងនិងភ្ញៀវជាច្រើនសាទរ។ ស្រីនាថ សរ សេរថា «ជាតិនេះមានវាសនាចឹងឬអត់ណ៎?»។Fan ជាច្រើន ជំរុញឲ្យស្រីនាថ រៀបការនៅចុងឆ្នាំ២០២៥ ក្រោយឃើញនាងចង់រៀបអាពាហ៍ ពិពាហ៍ នាពេលនេះ ដែលដំណឹងនេះ អ្នករីករាយជាងគេ គឺលោកវ៉ាវ ឪពុករបស់អ៊ីវ៉ា ។

ការវាចារបសស់អ៊ីវ៉ា បែបនេះ ជាសញ្ញាមួយប្រាប់ទៅគូស្នេហ៍របស់នាង លោកលី សេងហួរ ថៅកែក្លឹបបាល់ទាត់សៀមរាប យូណាធីត ថាដល់វេនពួកគេត្រូវធ្វើដូចគូស្នេហ៍ខាងលើហើយ ។ ប៉ុន្ដែគ្រប់គ្នាដឹងថា លោកសេងហួរ ចាំតែសម្របខ្លួនតាមស្រីនាថ ប៉ុណ្ណោះ ពោលគឺនាងព្រមរៀបការនៅពេលណា ក្រុមគ្រួសារលោកនឹងរៀបចំភ្លាម ខណៈដែលលោកអ៊ូ ចន្ថា ហៅវ៉ាវ ឪពុករបស់អ៊ីវ៉ា ជំរុញឲ្យកូនស្រី រៀបការតាំងពី៥ឆ្នាំមុន (២០២០) តែនាងថា ចង់រៀបការនៅអាយុ៣០ឆ្នាំ ពោលគឺនៅឆ្នាំ២០២៤ តែបែជាប្ដូរចិត្តលែងចង់ធ្វើកូនក្រមុំមែនទែននោះទៅវិញ ដែលបញ្ហាសំខាន់បំផុត មានតែរឿងម្យាងប៉ុណ្ណោះ នោះគឺនាងខ្លាចរៀបការប្ដីហើយ អាជីពចម្រៀងធ្លាក់កូដ ហៅលែងឮ ទើបបានជាស្ទាក់ស្ទើចិត្តដល់ពេលនេះ។ ការពន្យារពេលរៀបការ ៥ឆ្នាំ របស់អ៊ីវ៉ា នេះ នាំឲ្យលោកវ៉ាវ ខកចិត្តម្ដងហើយម្ដងទៀត ស្របពេលដែលលោកចង់ឲ្យតែកូនស្រីការប្ដីឆាប់ៗ នឹងអាលបានកូន ប្រសារ៉ាប់រងការងារជំនួសលោក នោះគឺដឹកនាំទៅច្រៀងសម្ដែងតាមបណ្ដាខេត្តទាំងឡាយ ដែលតួនាទីនេះ លោកបាននឿយហត់ រយៈពេលជាង១០ឆ្នាំទៅហើយ ។

 សូមបញ្ជាក់ថា អ៊ីវ៉ា បានសាងស្នេហ៍យ៉ាងសម្ងាត់ ជាមួយលោក លី សេងហួរ ដល់ទៅ៧ឆ្នាំ ទើបហ៊ានកៀកកើយគ្នាជាសាធារណៈ នៅឆ្នាំ២០២៣ បន្ទាប់ពីមានដំណឹងថា ពួកគេបានភ្ជាប់ពាក្យជាមួយគ្នា ឆ្នាំ២០២២ ។ ទោះជាស្រីនាថ-សេងហួរ មិនទាន់ក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់មែន ប៉ុន្ដែអ្នកទាំងពីរ បានដាក់ទុនរកស៊ីរួមគ្នា លក់អ៊ឺវ៉ាន់តាម Online ហើយទិញរថយន្ដ ដាក់ឈ្មោះស្លាកលេខរួមគ្នា ជាដើម ដែលបញ្ជាក់ថា ពួកគេចិត្ត១ ថ្លើម១ ទៅហើយ ។ បើតាមសញ្ញាអ៊ីវ៉ា ស្រាប់តែចង់ធ្វើកូនក្រមុំ នាពេលនេះ គេជឿថា លោកសេងហួរ នឹងអាចធ្វើឲ្យនាងរីករាយនៅចុងឆ្នាំ២០២៥ ជាមិនខាន ប្រសិនបើស្រីនាថ លែងប្ដូរចិត្ត ខណៈដែលលោកវ៉ាវ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា លោកគ្មានការបារម្ភថា ខ្លាចកូនស្រីមានប្ដីទៅលែងមានអ្នកគាំទ្រទេ ព្រោះអ្នកសិល្បៈ មហាជនឲ្យតម្លៃទៅលើសម្ថភាព ។

 ក្រៅពីអ៊ីវ៉ា តារាដែលបង្ហាញគូស្នេហ៍ជាសាធារណៈ ប៉ុន្ដែមិនទាន់កំណត់ថ្ងៃរៀបការច្បាស់លាស់ មានដូចជា អ្នកនាងយុគ ចិន្ដា, ប៉ាច គីមមួយ, ពេជ្រ សោភា និងម៉ានីកា ជាដើម ។ ចំពោះស្រីនាថ ត្រូវបានគូស្នេហ៍ពេញចិត្តខ្លាំង តាំងពីទឹកដមសំឡេង និងអត្តចរិត ហើយអនាគតឪពុកម្ដាយក្មេកស្រីនាថ ដែលជាអ្នកជំនួញធំ នៅក្រុងសៀមរាប នោះ ពួកគាត់នឹងអាចរុញនាងធ្វើជំនួញ ច្រើនជាងផ្ដោតលើអាជីពសិល្បៈ នៅពេលដែលតារាសាន់ដេ រូបនេះក្លាយទៅជាកូនប្រសាពួកគាត់ នាពេលខាងមុខនេះ។ ប៉ុន្ដែតាមព័ត៌មានថា លោកសេងហួរ មិនចេះប្រចណ្ឌអ៊ីវ៉ា ផ្ដេសផ្ដាសទេ ព្រោះស្រីនាថ ធ្លាប់នាំលោកថតMV បទ«ម្ដេចយកប្រពន្ធ ចោលអូន?» ដើម្បីឲ្យលោកស្គាល់កាន់តែច្បាស់ពីអាជីពនាង ហេតុនេះគេជឿថា ថៅកែក្លឹបបាល់ទាត់ រូបនេះ នឹងឲ្យអ៊ីវ៉ា ច្រៀងរាំធម្មតា បន្ទាប់ពីពួកគេរៀបការ។

 អ្នកជំនាញសិល្បៈ លើកឡើងថា អ៊ីវ៉ា បើចង់ប្រជែងទីផ្សារចម្រៀង តទៅទៀត នាងអាចរកលេសនៅចំពោះ មុខឪពុក ពន្យារពេលរៀបការ នៅចុងឆ្នាំ២០២៥ នេះម្ដងទៀត ព្រោះការបញ្ចេញមុខគូស្នេហ៍ជាចំហ នៅ២ឆ្នាំ ចុងក្រោយនេះនាងចង់ទប់ស្កាត់ប្រុសតាមញ៉ែ ច្រើនជាងបង្អួតភាពផ្អែមល្ហែមស្នេហ៍ ពិសេសគឺលោក «ប» ថៅកែក្លឹបមួយ នៅសៀមរាប ដែលតាមស្នេហ៍និងហួងហែងនាងជាច្រើនឆ្នាំនោះ លោកទើបតែព្រមដកខ្លួនថយ នៅពេលដែលស្រីនាថ បង្ហាញមុខអនាគតប្ដី កាលាពីឆ្នាំ២០២៣ ៕

RELATED ARTICLES