ខេត្តក្រចេះ ៖ ស្ថានភាពជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គខេត្តក្រចេះ គិតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានបង្កផលប៉ះពាល់ដល់ផ្ទះសម្បែង ៣៤២៨ខ្នង ជម្លៀសប្រជាជន ៤០០គ្រួសារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានរងការវាយប្រហារពីជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គ។

លោក គង់ គឹមនី អភិបាលរង និងជាប្រធានលេខាធិការដ្ឋាន គ.គ.ម.ខ ឱ្យដឹងថា កម្ពស់ទឹកទន្លេមេគង្គ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ កម្ពស់ទឹក ហក់ឡើង ២១,៦២ម៉ែត្រ ខណៈកម្ពស់ទឹកប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ ។ ការជន់ឡើងនៃកម្រិតទឹកខាងលើ បានបង្កផលប៉ះពាល់ និងខូចខាត ចំនួន៣៩ឃុំ ស្មើនឹង១៧៤ ភូមិ ក្នុងក្រុងស្រុកទាំង៧ នៃខេត្តក្រចេះ។ ប្រជាពលរដ្ឋរងផលប៉ះពាល់ ចំនួន ១០៥៣២គ្រួសារ ស្មើ ៤១ ២៣៦ នាក់ ស្ត្រី ២១ ១១០នាក់។ ជម្លៀសប្រជាជន ៤០០គ្រួសារ ស្មើ ១ ៦៤១នាក់ ស្ត្រី៨៦៦នាក់។ ប៉ះពាល់ផ្ទះសម្បែង ៣៤២៨ខ្នង សាលារៀន ៣០កន្លែង មណ្ឌលសុខភាព ២កន្លែង វិហារសាសនា ៧កន្លែង និងអគាររដ្ឋបាល ៥ កន្លែង។
ពាក់ព័ន្ធវិស័យកសិកម្ម បានប៉ះពាល់ស្រូវសន្ទូង។ ពង្រោះសរុប ៣៦៧៧ហិកតារ។ ប៉ះពាល់ដំណាំរួមផ្សំសរុប ៦១១ហិកតារ។ ហេដ្ឋារចនាសម្ព័ន្ធ លិចផ្លូវបេតុង (ជនបទ) ១០០២ម៉ែត្រ។ លិចផ្លូវក្រួសក្រហម ដីសប្រវែង ១៦៦ ២៤១ម៉ែត្រ ។ លិចស្ពានបាឡេត៍ ១២កន្លែង។ ប៉ះពាល់អណ្តូងស្នប់ ៧០១កន្លែង។ អណ្តូងជីក ៤កន្លែង។ បង្គន់អនាម័យ ១៣៩៣កន្លែង។

លោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.គ.ម.ខ បានដឹកនាំកិច្ចប្រជុំបន្ទាន់របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីពិនិត្យផែនការត្រៀមបម្រុងគ្រោះមហន្តរាយដោយទឹក ជំនន់ និងជំនន់ទឹកភ្លៀង និងបានដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរស្រុក ឃុំ ចុះពិនិត្យស្ថានភាពលិចលង់ និងការរស់នៅរបស់ប្រជាពលរដ្ឋ នៅភូមិផ្តើម និងភូមិតាងួន ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ លោកវ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ប្រគល់ជូនដល់គ្រួសារងាយរងគ្រោះ ចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារកងទ័ពជួរមុខ នៅក្រុងក្រចេះ សរុបចំនួន ១០៤គ្រួសារ ក្នុងពេលទឹកជំនន់។

ដោយឡែក នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ លោកវ៉ា ថន បានដឹកនាំក្រុមលេខាធិការដ្ឋាន គ.គ.ម.ខ ចូលរួមអមដំណើរលោកបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលបង្កផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ស្ថិតនៅសង្កាត់អូរឫស្សី ក្រុងក្រចេះ និងឃុំបុសលាវ ស្រុកចិត្របុរី ដែលមានស្រូវ ជាច្រើនហិកតារ ខូចខាតដោយសារទឹកជំនន់ រយៈពេលកន្លងមក៕