Saturday, October 4, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្រុមកាប់ប្លន់ម៉ូតូ វ៉ៃខ្នោះ៤នាក់

បង្ក្រាបក្រុមកាប់ប្លន់ម៉ូតូ វ៉ៃខ្នោះ៤នាក់

ខេត្តកណ្តាល ៖ ជនសង្ស័យ ១ក្រុម តែងធ្វើសកម្មភាពជិះម៉ូតូ តាមផ្លូវស្ងាត់ រកឱកាសដេញកាប់ប្លន់ម៉ូតូប្រជា ពលរដ្ឋដែលធ្វើដំណើរនៅពេលយប់ ត្រូវអស់លក្ខណ៍ ខណៈកំពុងធ្វើសកម្មភាពកាប់ប្លន់ម៉ូតូជនរងគ្រោះ ត្រូវកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញ ចុះអន្តរាគមន៍ ចាប់វាយខ្នោះបានចំនួន៤នាក់ នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យកាប់ប្លន់ម៉ូតូនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះចេង សីហា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង។ ទី២-ឈ្មោះថន ពិសិដ្ឋ ហៅព្រះ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង (ធ្លាប់ជាប់ពន្ធ នាគាររយៈពេល២ឆ្នាំ ក្នុងករណីគ្រឿងញៀន)។ ទី៣-ឈ្មោះយ៉ាន វិបុល ហៅក្រហម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល៣ឆ្នាំក្នុងករណី លួចមានស្ថានទម្ងន់ទោស កាប់ប្លន់) និងទី៤-ឈ្មោះស៊្រិន បូរ៉ាន់ ហៅអាក្របី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិលេខ១ ឃុំពោធិ៍បាន ស្រុកកោះធំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេ នីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ សហការ ជាមួយនគរបាលស្រុកស្អាង ស្រាវជ្រាវឈានដល់ការបង្ក្រាបឃាត់ខ្លួន ជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ យកមកធ្វើការសាកសួរ។

យោងតាមការសាកសួរ ក្រុមជនសង្ស័យបានសារភាពថា ពួកគេតែងនាំគ្នាជិះម៉ូតូ ២-៣គ្រឿង តាមតំបន់ស្ងាត់ៗយប់ជ្រៅ បើឃើញនរណាអាចជាឱកាស គឺក្រុមពួកគេនឹងដេញកាប់ប្លន់ម៉ូតូ  និងទូរស័ព្ទតែម្តង។ ជាក់ស្តែងនៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅភូមិព្រែកខ្សេវ សង្កាត់រកា ខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពួកគេបានធ្វើសកម្មភាពម្តងទៀត តែភ្លាមៗនោះ ត្រូវនគរបាលជំនាញ ដឹកនាំកម្លាំងចេញអន្តរាគន៍ឃាត់ខ្លួនជាបន្តបន្ទាប់តែម្តង។

ជនសង្ស័យទាំង៤នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES