ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ ជាជនជាតិថៃ ចំនួន២នាក់ បានប្រើប្រាស់កាំភ្លើងខ្លី ១ដើម បាញ់បោះសេរី ៤គ្រាប់ យ៉ាងអនាធិបតេយ្យ កណ្តាលក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយក្រុមល្បាតព្រំដែន ចុះអន្តរាគមន៍ចាប់វាយខ្នោះភ្លាមៗទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីបាញ់បោះសេរី បង្កឡើងដោយជនជាតិថៃ នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង៤១នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចដីវាលមុខបុរីស្តារហ្គោល ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះផាចារាក់ ខៅផូ (PATCHARA KHAOPHO) ភេទប្រុស អាយុ២៧ឆ្នាំ ជាជនជាតិថៃ (ជាម្ចាស់អាវុធ) និងទី២-ឈ្មោះឡាំភុម រ៉ាត់តាណាក់កែវមន្នី (RAMPUM RATTANAKAEWMANEE) ភេទប្រុស អាយុ២២ឆ្នាំ ជាជនជាតិថៃ។ ជនសង្ស័យទាំង២នាក់ ស្នាក់នៅម្តុំវត្តជាយដែនស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង ១២និង៤១នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយក្រុមល្បាតព្រំដែន ចុះល្បាតតាមព្រំដែនក្នុងភូមិសាស្ត្រក្រុង ប៉ោយប៉ែត ដល់ចំណុចដីវាលមុខបុរីស្តារហ្គោល ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធដោយខុសច្បាប់ ប្រព្រឹត្តដោយជនសង្ស័យ ចំនួន២នាក់ ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាជនជាតិថៃ ចំនួន២នាក់ (១-ឈ្មោះផាចារាក់ ខៅផូ PATCHARA KHAOPHO ២-ឈ្មោះឡាំភុម រ៉ាត់តាណាក់កែវមន្នី RAMPUM RATTANAKAEWMANEE) ព្រមទាំងដកហូតវត្ថុតាង រួមមាន អាវុធខ្លីម៉ាក ស៊ិចសាយអឺ (SIG SAUER) ពណ៌ខ្មៅ លេខតួ 66A986594 ចំនួន១ដើម បង់ចំនួន១ គ្រាប់ចំនួន១០គ្រាប់ និងសំបកគ្រាប់បាញ់រួចចំនួន៤គ្រាប់។ ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបាននាំខ្លួនមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿង តាមនីតិវិធី៕
