ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង បានបើកយុទ្ធនាការធ្វើអនាម័យសម្អាតបរិស្ថាន នៅតាមដងផ្លូវ ទីសាធារណៈ នៅតាមបណ្តាក្រុងស្រុកទាំង១៣ ទូទាំងខេត្តព្រៃវែង ដោយមានការចូល រួមពីសំណាក់អាជ្ញាធរ មន្ត្រីរាជការកងកម្លាំងទាំង ៣ប្រភេទ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបប្រមាណ២ ៥០០នាក់។

លោកសួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងថា យុទ្ធនាការសម្អាតអនាម័យបរិស្ថាននេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋ អំពីបញ្ហាបរិស្ថាន និងលើកទឹកចិត្តឱ្យពួកគាត់ចូលរួមថែរក្សាអនាម័យបរិស្ថាន វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ទាំងនៅគេហដ្ឋាន និងសហគមន៍ ។
លោកអភិបាលខេត្ត បន្តថា សំរាមនិងសំណល់ប្លាស្ទិក គឺជាបញ្ហាដ៏ធ្ងន់ធ្ងរ ដោយសារតែការកើនឡើង នៃការប្រើប្រាស់ផលិតផលប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ កាកសំណល់សំរាម និងថង់ប្លាស្ទិក មិនត្រឹមតែប៉ះ ពាល់ដល់សោភណភាពទីក្រុងប៉ុណ្ណោះទេ តែថែមទាំង បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិផងដែរ។
លោកអភិបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឈប់បោះសំរាមចោលតាមដងផ្លូវ ហើយសូមឱ្យចូល រួមសាមគ្គីគ្នាសម្អាតបរិស្ថាន និងថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីខេត្តព្រៃវែង មានសោភណភាព ពោរពេញទៅដោយពណ៌បែតង និងគ្មានសំរាមនៅតាមទីសាធារណៈ ។

លោកអភិបាលខេត្ត បញ្ជាក់ថា យុទ្ធនាការសម្អាតអនាម័យបរិស្ថាននេះ គឺធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ជារៀង រាល់សប្តាហ៍ ដោយធ្វើការសម្អាតនៅតាមទីសាធារណៈ អង្គភាពស្ថាប័នរដ្ឋ នៅគ្រប់ក្រុងស្រុកទាំង១៣ នៃខេត្តព្រៃវែង ធ្វើយ៉ាងណាដើម្បីឱ្យខេត្តព្រៃវែង ក្លាយជាខេត្ត ដែលមិនមានសំរាម ជាខេត្តមានសោភណភាព អនាម័យល្អស្អាត គួរជាទីចាប់អារម្មណ៍នៃភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ៕