Monday, October 6, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចុះរុះឃ្លាំងផលិតគ្រឿងញៀន ឆេះផ្អើល

ចុះរុះឃ្លាំងផលិតគ្រឿងញៀន ឆេះផ្អើល

ខេត្តស្វាយរៀង ៖ ស្ថាប័នតុលាការ បានឱ្យក្រុមជាង ចុះរុះរើឃ្លាំងនិងសម្ភារៈផលិតគ្រឿងញៀន មួយកន្លែង ដែលសមត្ថកិច្ចបានបង្ក្រាបនិងចាប់ខ្លួនក្រុមឧក្រិដ្ឋជន យកទៅផ្តន្ទាទោស នាពេលកន្លងមក ស្រាប់តែខ្ទាតផ្កាភ្លើង បង្កឱ្យមានការឆាបឆេះឃ្លាំងខាងលើ យ៉ាងសន្ធោសន្ធៅ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ទឹកអស់ ៦រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

ករណីអគ្គិភ័យ ឆេះឃ្លាំងនិងសម្ភារផលិតគ្រឿងញៀននេះ បានកើតឡើងនៅវេលាម៉ោង ៤និង ៥៨នាទីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានថា មានករណីឆេះឃ្លាំងដាក់សម្ភារៈមួយកន្លែង ក្រុមពន្លត់អគ្គិភ័យ នៃកងរាជអាវុធហត្ថ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង សហការជាមួយកម្លាំងនគរបាលខេត្ត បានចុះអន្តរាគមន៍ពន្លត់អគ្គិភ័យឆាប ឆេះឃ្លាំងមួយកន្លែង ស្ថិតនៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយប្រើ ប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ក្នុងនោះ រថយន្តកងរាជអាវុធហត្ថខេត្តស្វាយរៀង ចំនួន២គ្រឿង រថ យន្ត របស់នគរបាលខេត្ត ចំនួន២គ្រឿង និងរថយន្តអធិការដ្ឋាន១គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន ៦រថយន្ត ។

នៅក្នុងហេតុការណ៍អគ្គិភ័យនេះ បានបណ្តាលឱ្យខូចខាតសំភារៈមួយចំនួន ចំណែកមូលហេតុ ដោយសារ ក្រុមការងារជាង ធ្វើការរុះរើសម្ភារៈ (គ្រឿងចក្រផលិតគ្រឿងញៀន) ដោយមានការធ្វេសប្រហែស បណ្តាលឱ្យមានអណ្តាតភ្លើងឆាបឆេះតែម្តង។

សូមរំលឹកថា កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញបានចុះស្រាវ ជ្រាវនិងបង្ក្រាបទីតាំងលួចលាក់កែច្នៃគ្រឿងញៀន ចំនួន១ទីតាំង នៅចំណុចផ្លូវបេតុង (ផែអូរស្មាច់) ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យ ចំនួន១១នាក់ ជាជនជាតិចិន ១០នាក់ ខ្មែរ ១នាក់ ហើយបានរឹបអូសវត្ថុតាង រួមមាន ១-ល្បាយកេតាមីនបាស ទម្ងន់៦៧៩គីឡូក្រាម។ ២-សារធាតុគីមី ទម្ងន់១២ ៥០៤គីឡូក្រាម (១២តោន ៥០៤គីឡូក្រាម)។ ៣-ឧបករណ៍សម្ភារៈសម្រាប់បម្រើឱ្យ ការ លួចលាក់កែច្នៃគ្រឿងញៀនមួយចំនួនទៀត។

គួរបញ្ជាក់ថា ការចុះពិនិត្យនិងបង្ក្រាបខាងលើ គឺមានវត្តមានរបស់លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀន អញ្ជើញចូលរួមអមដំណើរលោកស្រីឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិ បុណ្យរិទ្ធិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេ នីយ៍ទោ ឃឹម តារាសម្បត្តិ ប្រធាននាយកដ្ឋានអនុវត្តច្បាប់ លោកដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង អមសាលា ដំបូងខេត្ត ក្រុមការងារអង្គការ UNODC និងតំណាងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះពិនិត្យទីតាំងឃ្លាំងផ្ទុកសារធាតុគីមីផ្សំ ដែលជាវត្ថុតាងពាក់ព័ន្ធក្នុងករណីផលិតកែច្នៃសារធាតុ ញៀនខុស ច្បាប់ នៅចំណុចផ្លូវបេតុង ស្ថិតក្នុង ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ជុំវិញបញ្ហាបង្ក្រាបទីតាំងឃ្លាំងផ្ទុកសារធាតុគីមីផ្សំ ដែលជាវត្ថុតាងពាក់ព័ន្ធក្នុងករណីផលិតកែច្នៃសារធាតុញៀនខុសច្បាប់ សមត្ថកិច្ច បានចាប់ឃាត់ខ្លួនជនសង្ស័យ ១១នាក់ (ចិន ១០នាក់ ខ្មែរ ១នាក់) បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ៕

RELATED ARTICLES