Monday, October 6, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជួញគ្រឿងញៀន ១០គីឡូ ជាប់ខ្នោះ៦

ជួញគ្រឿងញៀន ១០គីឡូ ជាប់ខ្នោះ៦

ខេត្តបាត់ដំបងៈ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ ចាម បង្ក្រាបបានករណីជួញដូរគ្រឿងញៀន ឆ្លងខេត្ត ទ្រង់ទ្រាយធំ ដោយចាប់ខ្លួនជនសង្ស័យ សរុបចំនួន៦នាក់ និងដោយរឹបអូសបានគ្រឿងញៀន ប្រភេទម៉ាទឹកកកសរុប ជិត១០គីឡូក្រាម។

ប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនឆ្លងខេត្តនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យដំបូងចំនួន២នាក់ រួម មាន ទី១-ឈ្មោះចន សុថេង និងទី២-ឈ្មោះឃីម សុគង់ ព្រមទាំងដកហូតបានគ្រឿងញៀនមួយចំនួនទៀត។ បន្ទាប់ពីធ្វើការសាកសួរឈ្មោះចន សុថេង បានសារភាព ថា ខ្លួនបានទិញគ្រឿងញៀនពី ឈ្មោះម៉ី ដា ដែលរស់នៅក្នុងក្រុងបាត់ដំបងដែរ។ ភ្លាមៗនោះ កម្លាំងជំនាញបានបន្តទៅឃាត់ខ្លួន ឈ្មោះម៉ី ដា និង បក្ខពួកបាន២នាក់ទៀត នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដោយរឹបអូសបានគ្រឿងញៀនចំនួន៧កញ្ចប់ ទម្ងន់ ៤១១,៨៩ក្រាម។

មន្ត្រីជំនាញ បានបន្តថា ដោយបន្តការស៊ើបអង្កេត ឈ្មោះម៉ី ដា បានសារភាពថា ខ្លួនបានទិញគ្រឿងញៀនពី ឈ្មោះវង្ស ចាន់ណា ដែល រស់នៅខេត្តកំពង់ចាម។ ក្រោមការសម្របសម្រួលនីតិវិធីពីលោព្រះរាជអាជ្ញា កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានពង្រីកប្រតិបត្តិការទៅ ខេត្តកំពង់ចាម ហើយសហការជាមួយកម្លាំងនៅទីនោះដើម្បីបន្តការងារ។

រហូតដល់វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ កម្លាំងចម្រុះបានធ្វើការចាប់ខ្លួន ឈ្មោះវង្ស ចាន់ណា នៅស្រុកបាធាយ ខេត្តកំពង់ចាម។ ក្រោយមក នៅម៉ោង៤ៈ៣០នាទី រសៀលថ្ងៃដដែល កម្លាំងបានបន្តឆែកឆេរលំនៅឋានរបស់ជនសង្ស័យ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយបានរកឃើញគ្រឿង ញៀន ប្រភេទម៉ាទឹកកក ចំនួន ៩កញ្ចប់ធំ ដែលត្រូវបានកប់ក្នុងធុងស័ង្កសីក្នុងបរិវេណផ្ទះ។ គ្រឿងញៀនដែលដកហូតបាន មានទម្ងន់សរុប ៩៥៦៥,៦៧ក្រាម (៩គីឡូ ៥៦៥,៦៧ក្រាម)។

ជាលទ្ធផលនៃប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៦នាក់ (ស្រី១) និងរឹបអូសបាន គ្រឿងញៀនប្រភេទម៉ាទឹកកក មានទម្ងន់សរុប  ៩៩៩៥,២២ក្រាម (៩គីឡូ ៩៩៥,២២ ក្រាម)។

ជនសង្ស័យទាំង៦នាក់ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES