Sunday, November 24, 2024
Homeនយោបាយសម្តេច ស ខេង ទម្លាយ​រឿង​ “ដូរ​មេឃុំ​មិន​បម្រើ​បក្ស ដាក់​មេឃុំ​ប​ម្រើ​បក្ស”

សម្តេច ស ខេង ទម្លាយ​រឿង​ “ដូរ​មេឃុំ​មិន​បម្រើ​បក្ស ដាក់​មេឃុំ​ប​ម្រើ​បក្ស”

សម្តេចស ខេង ទម្លាយ​រឿង​បក្សប្រឆាំង “ដូរ​មេឃុំ​មិន​បម្រើ​បក្ស ដាក់​មេឃុំ​ប​ម្រើ​បក្ស”

ខេត្តកំពង់ស្ពឺ  អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចឧបនាយករដ្ឋមន្ត្រីស ខេង បានទម្លាយ ថា គណបក្សសង្គ្រោះជាតិ ដែលជាគណបក្ស ប្រឆាំង ដែលមុននេះបានដាក់ចេញគោលនយោបាយ ជាពាក្យស្លោក ដូរមេឃុំបម្រើបក្ស ដាក់ មេឃុំបម្រើរាស្ត្រនោះ បែរជាធ្វើសកម្មភាព ផ្ទុយពីពាក្យស្លោកខាងលើ ដោយបានសម្រេច ដកមេឃុំមិនបម្រើបក្ស អស់មួយគំនរ ពោលគឺដូរមេឃុំមិនបម្រើបក្សដាក់មេឃុំបម្រើបក្ស

សម្តេច ស ខេង បានថ្លែងលើកឡើងបែប នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញចូល រួមជាអធិបតីក្នុងពិធីបើកការរដ្ឋានសាងសង់ផ្លូវ ជាតិលេខ៥១ ប្រវែង៣៧,៩៥គ.ម ស្ថិតក្នុង ភូមិថ្មគោល ឃុំសម្បូរ ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។

សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង បាន បញ្ជាក់ពាក់ព័ន្ធនឹងបរិបទនយោបាយថា ក្នុង ឋានៈជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សម្តេចបាន ដឹងច្បាស់ថា គណបក្សសង្គ្រោះជាតិ បានដក មេឃុំមួយគំនរចេញពីបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតឃុំសង្កាត់ ដោយសារតែមេឃុំ ទាំងនោះ មិនបម្រើបក្ស ឬមិនស្មោះត្រង់នឹង បក្សដោយដាក់បេក្ខភាពមេឃុំដែលស្មោះត្រង់ បម្រេបិក្ស ដែលសកម្មភាពនេះ គឺផ្ទុយទាំងស្រុង ទៅនឹងពាក្យស្លោកនយោបាយរបស់គណបក្សប្រឆាំងនេះ ដែលថា ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រនោះ។

ក្នុងន័យនេះ សម្តេចស ខេង ទទួលស្គាល់ ថា រាល់មេឃុំ ឬចៅសង្កាត់ ត្រូវតែធ្វើការងារ បម្រើបក្ស តែទន្ទឹមនឹងនោះ ការធ្វើការបម្រើ បក្ស មេឃុំដែលជាប់ឆ្នោត ក៏មានបន្ទាត់នយោបាយក្នុងការបម្រើប្រយោជន៍សាធារណៈ និង ប្រយោជន៍ប្រជាពលរដ្ឋផងដែរ ដូចជាការសាងសង់ទីអារាម ផ្លូវ សាលារៀន និងសមិទ្ធផល ផ្សេងៗទៀតជាដើម ដែលសមិទ្ធផលទាំងនោះ សុទ្ធតែបានបម្រើប្រយោជន៍សាធារណជនមិន ប្រកាន់និន្នាការបក្សនយោបាយណាមួយនោះ ឡើយ។ ដូច្នេះ សម្តេចចាត់ទុកថា ពាក្យស្លោក ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ជាពាក្យស្លោក នយោបាយមួយមានចេតនាញុះញង់ ធ្វើឱ្យមាន ការបែកបាក់ ដែលត្រូវតែមានការកែសម្រួល ពាក្យស្លោកនេះចេញ និងជ្រើសពាក្យណាសមរម្យ ហើយក្រសួងមហាផ្ទៃ នឹងពិចារណាទៅ លើពាក្យស្លោកនេះ ពេលបញ្ជូនទៅដល់។

សម្តេច ស ខេង បានមានប្រសាសន៍ថា បញ្ហា អ៊ីចេះ គាត់ គណបក្សសង្គ្រោះជាតិ គាត់ ថាអ៊ីចឹង គាត់ថា ដកមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ ដល់គាត់យ៉ាងម៉េច? មេឃុំណា ជំទប់ណាដែលគាត់ចាត់ទុកថា ក្បត់គាត់ មិន ស្មោះត្រង់នឹងបក្ស គាត់ៗដកមួយគំនរហ្នឹង។ ខ្ញុំរដ្ឋមន្ត្រីមហាផ្ទៃ ខ្ញុំដឹង ព្រោះអ្នកធ្វើរឿងហ្នឹង គាត់ដកមួយគំនរ។ ចុះអាហ្នឹងម៉េចដែរ? ចង់ និយាយថា បក្សដទៃ មិនឱ្យមេឃុំដែលជាសមាជិកបក្សបម្រើបក្សគេទេ តែគាត់មេឃុំមិនបម្រើ បក្ស គាត់ដក

ការថ្លែងចំអករបស់សម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ខាងលើនេះ បានធ្វើ ឡើងក្រោយពេលដែលគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ទាមទារឱ្យគណបក្ស សង្គ្រោះជាតិ កែតម្រូវជាបន្ទាន់នូវពាក្យស្លោក នយោបាយ ដូរមេឃុំបម្រើបក្ស ដាក់មេឃុំ បម្រើរាស្ត្របើពុំនោះទេ គណបក្សនឹងប្រើ សិទ្ធិប្តឹងទៅតុលាការ ចាត់ការតាមច្បាប់។ បន្ទាប់ មកទៀត ចៅសង្កាត់នៅក្នុងរាជធានីភ្នំពេញ និងមេឃុំនៅតាមខេត្តមួយចំនួន នៃគណបក្ស ប្រជាជនកម្ពុជា ក៏បានចេញត្តិថ្កោលទោសគណបក្សប្រឆាំង ទាក់ទងនឹងពាក្យ មេឃុំបម្រើ បក្ស ព្រោះធ្វើឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែង របស់មេឃុំ ឬចៅសង្កាត់ ដែលប្រជាពលរដ្ឋ បានបោះឆ្នោតឱ្យ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានគូសបញ្ជាក់បន្ថែមលើ ការថ្លែងរបស់សម្តេច ស ខេង ខាងលើនេះ នេះថា ជាការពិតជាក់ស្តែង គណបក្សប្រឆាំង បានអនុវត្តដកមេឃុំមិនបម្រើបក្ស ដាក់មេឃុំ បម្រើបក្ស។ ដូច្នេះគណបក្សប្រជាជនកម្ពុជា នៅតែទាមទារឱ្យគណបក្សសង្គ្រោះជាតិ ដូរ ពាក្យស្លោក ដូរមេឃុំបម្រើបក្ស ដាក់មេឃុំ បម្រើរាស្ត្រនោះ។

លោកសុខ ឥសាន មានប្រសាសន៍ថា អាហ្នឹងហើយ ដែលគណបក្សប្រជាជនកម្ពុជា យល់ថា គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិហ្នឹង វាមានបញ្ហារើសអើងដល់តួនាទីរបស់ មេឃុំ ចៅសង្កាត់ហ្នឹងឯង។ អ៊ីចឹងទេ វាប៉ះប្រទះ មកលើគាត់ផ្ទាល់ហើយ វាមានបញ្ហាអ៊ីចឹង។ អ៊ីចឹងបានគណបក្សប្រជាជនកម្ពុជា ថា មិនគួរ យកគោលនយោបាយជាពាក្យស្លោកហ្នឹង មក ដាក់ទេ។ ឥឡូវនេះ ឃើញមានការប្រែប្រួល មួយចំនួនហើយ ពីម្សិលមិញ ហើយថ្ងៃនេះ គឺ ឯកឧត្តមកឹម សុខា ក្នុងនាមជាប្រធានគណបក្ស បានណែនាំដល់សហការីគាត់ ឱ្យឈប់ប្រើពាក្យ ហ្នឹង ហើយខ្ញុំមិនដឹងថា ការឈប់ប្រើពាក្យហ្នឹង វាមានរយៈពេលប៉ុន្មានជាកំណត់ទេ មិនទាន់ ដឹងច្បាស់ទេ ប៉ុន្តែគ្រាន់តែមានការណែនាំ កាល គាត់ទៅកំពត ទៅអីហ្នឹង គាត់ណែនាំថា ឈប់ ប្រើពាក្យហ្នឹង។ អ៊ីចឹងបានគាត់យល់ឃើញ គោលនយោបាយជាពាក្យស្លោករបស់គាត់ហ្នឹង វាមានចំណុចអវិជ្ជមានដូចដែលយើងបានទាមទារគាត់ហ្នឹងហើយ។ ចំពោះការមានប្រសាសន៍ របស់សម្តេចក្រឡាហោម អាហ្នឹងវាជាការពិត ជាក់ស្តែង ហើយយើងមានមួល បង្កាច់អីអាហ្នឹង យើងមើលឃើញថា ទោះតែមេឃុំគាត់ហ្នឹង បើអ្នកណាមិនបម្រើបក្សគាត់ ហ្នឹង គាត់ដក ចេញដែរ អាហ្នឹងវាអ៊ីចឹង

ជាការកត់សម្គាល់ផងដែរ កាលពីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ ក៏បានរៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយអាទិភាព៥ចំណុច ដល់បេក្ខជនក្រុមប្រឹក្សា សង្កាត់ របស់គណបក្ស មកពី១០៥សង្កាត់ នៃ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកកឹម សុខា ប្រធានគណបក្ស។

ថ្លែងនៅក្នុងវេទិកានោះ លោកកឹម សុខា បានលើកឡើងនូវចំណុចជាច្រើន។ ក្នុងនោះ ជា ទស្សនៈរបស់លោក ក្នុងនាមជាអ្នកដឹកនាំលោក ចង់ឱ្យខ្មែរយើងនាំគ្នាគិត និងកសាងអនាគត កាលមួយដ៏ប្រសើរ ជាជាងការអួត ឬការបន្តុះបង្អាប់គ្នា គាស់កកាយរឿងអតីតកាល។ ដូច្នេះ លោកយល់ឃើញថា ចំពោះមនុស្សជំនាន់នេះ ទោះបីអ្នកនយោបាយខំបង្ហាញពីគុណសម្បត្តិ ពីអតីតកាលយ៉ាងណាក៏ដោយ ក៏ពួកគេនៅ តែចង់ដឹងថា តើបច្ចុប្បន្ន និងទៅអនាគត អ្នកនយោបាយ ឬអ្នកដឹកនាំនោះ ធ្វើអ្វី ធ្វើយ៉ាង ណា ដើម្បីអនាគតពួកគេ និងអនាគតប្រទេស ជាតិរបស់គេ។ នេះជាការប្រកួតគោលនយោបាយ។ ជាការកត់សម្គាល់ តាមវេទិកាទាំងនោះ មិនឃើញមានការលើកយកពាក្យស្លោកដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រនោះទេ…៕ កុលបុត្រ

RELATED ARTICLES