ប្រទេសបារាំង ៖ សួស វីសា បានចេញមុខសុំទោសមហាជន ជាសាធារណៈ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នូវរឿងដែលនាងបាននាំស្វាមីនិងកូនស្រី រួមទាំងឪពុកម្ដាយនាងនិងឪក្មេក ចូលញ៉ាំអាហារ នៅហាងភីហ្សា (Pizza Company) ក្នុងព្រលានយន្ដហោះអន្ដរជាតិតេជោ ដែលត្រូវបានទស្សនិកជនរិះគន់ស្រោចលើនាងថា ជាគំរូមិនល្អ ព្រោះតាំងពីផ្ទុះសង្រ្គាមនៅព្រំដែន បង្កឡើងដោយទាហានសៀម ឈ្លានពានទឹកដីកម្ពុជា មក ពលរដ្ឋខ្មែរជាច្រើន បានធ្វើពហិការទំនិញសៀម តែរូបនាងជាតារាល្បី បែរជាទៅគាំទ្រហាងសៀម ទៅវិញ ដែលនេះជាការបំបាក់ទឹកចិត្តអ្នកគាំទ្រនាង។

សួស វីសា ថ្លែងថា «នាងខ្ញុំនិងក្រុមគ្រួសារទាំងអស់ សុំទោសជាសាធារណៈ ជូនទៅដល់លោកតា លោក យាយ អ៊ំពូមីងទាំងអស់ គ្រប់ជាន់ថ្នាក់ គាត់មិនពេញចិត្តនិងសប្បាយចិត្ត ចំពោះរឿងដែលក្រុមគ្រួសារខ្ញុំបាននាំគ្នាទៅញ៉ាំភីហ្សា នៅព្រលានយន្ដហោះ នៅថ្ងៃទី៦ ខែតុលា ពេលដែលធ្វើដំណើរមកប្រទេសបារាំង។ ខ្ញុំនិងក្រុមគ្រួសារ សូមលើកម្រាមដៃ១០ ដើម្បីសុំទោសដល់បងប្អូនទាំងអស់គ្នាតែម្ដង ព្រោះកាលដែលខ្ញុំចូលទៅញ៉ាំនៅហាងនោះ មិនមែនសំដៅដល់ហាងសៀម ទេ ហើយពេលហ្នុង យើងមានវ៉ាលិសដល់ទៅ ១៥វ៉ាលិស គឺប្ដីខ្ញុំ អ្នករ៉ាប់ជួយអូសគ្នាជាមួយប៉ាក្មេក ។ ពេលទៅដល់ព្រលាន មានបងប្អូនច្រើនសឹងតែពេញទាំងអស់ អ៊ីចឹងខ្ញុំអារម្មណ៍ពេលហ្នឹងសម្លឹងមើលឲ្យតែឃើញកៅអីទំនេរ គឺទៅអង្គុយហើយដើម្បីឲ្យពួកគាត់បានហូប បានញ៉ាំ»។

សួស វីសា បន្តថា «ខ្ញុំពិតជាសូមទោសចំពោះកំហុសអចេតនាមួយនេះ ហើយនាងខ្ញុំ និងក្រុមគ្រួសារ ក៏សន្យាថា មិនឲ្យមានកំហុសបែបនេះជាលើកទីពីរទេ ព្រោះថាការខុសលើកទីមួយនេះ បងប្អូននឹងយោគយល់អធ្យាស្រ័យ ហើយក៏សូមចិត្តបងប្អូនមួយចំនួនតូច ដែលគាត់បានខម្មិនពាក្យអាក្រក់មកកាន់ក្រុមគ្រួសារខ្ញុំ ដែលកំពុងតែធ្វើដំណើរមកឆ្ងាយ សូមយោគយល់ដល់កូនក្មេង មនុស្សចាស់ទាំងអស់គ្នាផង ព្រោះថាជាដំណើរដល់ប្រទេសបារាំង ហើយខ្ញុំក៏មិនដែលគិតថា ខ្ញុំនិងក្រុមគ្រួសារ មកដល់បារាំង ត្រូវចេញមុខសូមទោសប្រជាពល រដ្ឋខ្មែរ អ៊ីចឹងទេ ខ្ញុំអត់ធ្លាប់សង្ឃឹមអ៊ីចឹងទេ។ ខ្ញុំសង្ឃឹមថា ដំណើរកម្សាន្ដជាមួយក្រុមគ្រួសារខ្ញុំ ចេញមកសប្បា យរីករាយ ជួបជុំគ្នាប្រកបទៅដោយសុភមង្គលនិងស្នាមញញឹម តែបែរជាជួបជុំគ្នាលើកទីមួយក្នុងជីវិត សុំទោសបងប្អូនទៅវិញ ។ ប៉ុន្ដែអត់បញ្ហាទេ គឺដោយសាតែយើងធ្វើខុស ទទួលកំហុស គឺជារឿងល្អបំផុត ។ អ៊ីចឹងបើគ្រួសារខ្ញុំធ្វើខុសត្រង់កន្លែងណា ខ្ញុំសូមអធ្យាស្រ័យពីសំណាក់បងប្អូន ពូមីង យោគយល់ផង ព្រោះថាតាំងពីដើមមក ខ្ញុំនិងគ្រួសារ អត់ដែលចេះបង្កើតសាច់រឿង ដើម្បីបំពុលសង្គម ឬប្រឡូកប្រឡាក់ឲ្យបងប្អូនស្អប់ខ្ពើមអី អត់មានទេ» ។

ដោយឡែកស្វាមីសួស វីសា លោកប៊ុនថុល ប៊ុនថង ហៅថមមី បាននិយាយបន្ថែមពីលើការបកស្រាយរបស់ភរិយាថា «ជាដំបូង សូមទទួលកំហុស បើមានការខុសឆ្គង រឿងចូលហាងភីហ្សា របស់ពួកអាសៀម ខុស ហើយក៏មិនបានពិនិត្យសួរនាំ មុននឹងចូល ឲ្យច្បាស់ ព្រោះពួកខ្ញុំចូលហ្នឹង គឺនៅព្រលានយន្តហោះថ្មីយើងទេ ហើយស្របពេលមានកូនៗ មានក្មួយរញ៉េរញៃ នាំគ្នាឃ្លាន ចង់ហូប មកជូនដំណើរពួកយើង មកកាន់បារាំង នេះ បើពួកខ្ញុំបានដឹងពិតមែន ក៏មិននាំក្រុមគ្រួសារចូលដែរ សូមជម្រាបជូនមហាជនឲ្យបានដឹង និងជួយពិ ចារណាលើចំណុចនេះផង តែហេតុអ្វីមានហាងសៀម លក់នៅព្រលានខ្មែរអ៊ីចឹង ? បើកុំមាននៅព្រលានខ្មែរ ល្អ ដូច្នេះទើបពួកខ្ញុំអ្នកចូល បានដឹងហើយ និងមិនចូល ព្រោះខ្លាចអចេតនា មិនបានគិតគ្រប់ជ្រុងជ្រោយ។ មួយវិញទៀត មានកូនខ្មែរច្រើនដែលពួកគាត់ក៏មិនបានដឹងរឿងនេះ និងចូលច្រើនដូចគ្នា ! សង្ឃឹមថា ក្រោយ ពេលពួកខ្ញុំត្រូវបានគេនាំគ្នារិះគន់ច្រើនរឿងនេះ ជាសារក្រើនរំលឹកដល់កូនខ្មែរ ឈប់ចូលពិសាហាងនេះ ដែលមានលក់នៅព្រលានយន្តហោះថ្មី ខ្មែរយើង ហាងនេះ មានលក់នៅជាន់ទី១ ក្នុងព្រលានយន្តហោះថ្មីតែម្តង មាន ការយល់ច្រឡំច្រើន ជាពិសេសអ្នកដំណើរចូលបន្តទៀត ព្រោះខណៈកំពុងទៅធ្វើដំណើរ គឺពិតជាមិនបានគិត បានគ្រប់ជ្រុងជ្រោយទេ ដោយសារត្រូវប្រយ័ត្នរឿងហោះហើរច្រើនជាង។ សង្ឃឹមអ្នកគ្រប់គ្នាយល់ពីរឿងនេះ និងសូមអធ្យាស្រ័យ និងសូមឲ្យបងប្អូនបានជួយប្រាប់ផងថា តើហាងណាផ្សេងៗទៀតដែលជារបស់សៀម មកកាន់យើងខ្ញុំផង បើដឹង មិនចូលទេ មិនថាគេ មិនថាយើង ព្រោះកន្លងមក ខ្ញុំជាអ្នកពហិការណាស់រឿងផលិត ផលសៀមនេះ។ ដូច្នេះសូមបងប្អូនជួយប្រាប់ផងណានិងជឿថា រឿងនេះ ជាមេរៀនសម្រាប់រំលឹកដល់កូនខ្មែរគ្រប់គ្នា»។

ទាក់ទងរឿងគេរិះគន់សួស វីសា រឿងញ៉ាំអាហារនៅហាងថៃ នេះដែរ លោក ថមមី បានលើកទឹកចិត្តភរិយា ឲ្យរឹងមាំឡើង ព្រោះនៅសរសៃខ្ចីផង ខណៈវីសា បង្ហាញអារម្មណ៍ខូចចិត្ត ដោយសាតែថ្លោះធ្លោយរឿងនេះ ទើបលោក ថមមី ចាត់ទុកថា នេះជាកំហុសអចេតនា ហើយលោកថែមទាំងសុំទោសប្រពន្ធ រឿងនេះដោយ សាតែលោកមិនបានពិនិត្យហាងនោះឲ្យច្បាស់លាស់ ទើបមានរឿងបែបនេះកើតឡើងលើក្រុមគ្រួសារលោក។ ជាមួយគ្នានេះដែរលោក ថមមី ថាលោកមានមោទនភាពដែលបានបំពេញបំណងភរិយា តាមរយៈការនាំក្រុមគ្រួសារទាំងសងខាង ទៅដើរលេងនៅប្រទេសបារាំង តាមការសន្យា ដែលពេលនេះលោកធ្វើបានហើយ ។

គួរបញ្ជាក់ថា សួស វីសា និងលោក ថមមី ចាប់ដៃគ្នា ជាងជិត៦ឆ្នាំ មានកូនពីរនាក់(ប្រុស១ ស្រី១) ដែលសព្វថ្ងៃប្ដីប្រពន្ធតារា ១គូនេះ បានបន្ធូរដៃក្នុងអាជីពសិល្បៈដូចគ្នា ដើម្បីពង្រឹងអាជីវកម្ម Online ។ វីសា និងប្ដី បានទៅដើរលេងនៅបរទេស ជាញឹកញាប់ តាំងពីក្រោយរៀបការហើយភ្លាមៗ ប៉ុន្ដែការនាំក្រុមគ្រួសារទាំងសងខាង ទៅដើរលេងនៅប៉ែកអឺរ៉ុប ជាលើកទីមួយរបស់ពួកគេ ដែលឡើងយន្ដហោះកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ហើយក៏ជួបរឿងត្រូវគេរិះគន់ភ្លូកទឹកភ្លូកដីបែបនេះទៅវិញ៕