Wednesday, October 8, 2025
Homeព័ត៌មានជាតិក្រុមសម រង្ស៊ី បង្ហើបពីសមាសភាពក្បាលម៉ាស៊ីនរដ្ឋាភិបាលឯករាជ្យ ២៣តុលា

ក្រុមសម រង្ស៊ី បង្ហើបពីសមាសភាពក្បាលម៉ាស៊ីនរដ្ឋាភិបាលឯករាជ្យ ២៣តុលា

ភ្នំពេញ ៖ ក្រុមលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ បានបង្ហើបពីសមាសភាពក្បាលម៉ាស៊ីនរដ្ឋាភិបាលឯករាជ្យ ២៣តុលា ដែលនឹងបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥  ខាងមុខនេះ មានចំនួន ៨រូប  និងមានលោក សម រង្ស៉ី ជាមេដឹកនាំ ។

លោក ផន ផាន់ណា សមាជិកក្រុមជំនួយការប្រតិបត្តិនិងព័ត៌មាន នៃក្រុមប្រឹក្សាជាតិតស៊ូ ដែលបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក បានបង្ហោះរូបសមាសភាពក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល ២៣តុលា នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ភ្ជាប់ជាមួយសំណេរថា “មកស្គាល់សមាសភាពក្បាលម៉ាស៊ីនរដ្ឋាភិបាល ២៣តុលា ដែលនឹងបង្កើតឡើងនៅថ្ងៃទី២៣ តុលា ឆ្នាំ២០២៥  ខាងមុខ ៖ ១. លោកប្រធាន សម រង្ស៊ី ២. ឯកឧត្តម ឡុង រី ៣. ឯកឧត្តម អ៊ុំ សំអាន ៤. លោក គឹម សុខ ៥. លោក ឆាំ ឆានី ៦. លោក រី គា ៧. អ្នកស្រី គីមហ៊ុន ទិត្យ ៨. លោក អ៊ូ សាមឌី“ ។

បន្ថែមសំណេរតាមបណ្ដាញសង្កម ខាងលើនេះ លោកផន ផាន់ណា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ថា សមាសភាពទាំង៨រូបខាងលើនេះ ពិតជាមានសមត្ថភាព និងសក្ដានុពលក្នុងការដឹកនាំរដ្ឋាភិបាល ២៣តុលា ។

លោកផន ផាន់ណា បានមានប្រសាសន៍ថា ” ការរៀបចំក្បាលម៉ាស៊ីនរបស់រដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣តុលា ហ្នឹង គឺធ្វើនៅថ្ងៃទី២៣ ជួបជុំក្រុមការងារ ហើយនិងក្បាលម៉ាស៊ីន ហើយនិងធ្វើធំនៅថ្ងៃទី២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ ហើយសមាសភាពនីមួយៗនៃក្បាលម៉ាស៊ីនរបស់រដ្ឋាភិបាលឯករាជ្យ ២៣តុលា សុទ្ធតែជាអ្នកមានជំនាញ មានបទពិសោធន៍ ហើយជំនាញនីមួយៗ គឺចំទៅនឹងស្ថាប័នដែលខ្លួនគ្រប់គ្រង ហើយក៏សុទ្ធតែជាមនុស្សដែលមានសក្ដានុពលធ្វើកិច្ចការងារកន្លងមក ហើយពួកខ្ញុំដែលជាសកម្មជន គិតថា ពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកាន់កាប់ និងដឹកនាំស្ថាប័ននីមួយៗ ” ។

ជាមួយគ្នានេះដែរ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានបង្ហោះវីដេអូនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ស្ដីពីការអបអរក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលឯករាជ្យ ២៣តុលា ទាំង៨រូប ដែលមានដូចខាងក្រោម ៖

១. លោក សម រង្ស៊ី ប្រធានក្រុមប្រឹក្សាជាតិតស៊ូ ដឹកនាំស្ថាប័ន សេដ្ឋកិច្ច ហិរញ្ញវត្ថុ ប្រឆាំងអំពើពុករលួយ និងជួយពលរដ្ឋក្រីក្រ

២. លោកគឹម សុខ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ ដឹកនាំស្ថាប័ន យុទ្ធសាស្រ្ត និងរៀបចំប្រទេស

៣. លោកឆាំ ឆានី ប្រធានក្រុមជំនួយការប្រតិបត្តិនិងព័ត៌មាន ដឹកនាំស្ថាប័ន ព័ត៌មាន និងទំនាក់ទំនងសាធារណៈ 

៤. លោកស្រី ទិត្យ គឹមហ៊ុន អគ្គលេខាធិការក្រុមប្រឹក្សាជាតិតស៊ូ ដឹកនាំស្ថាប័ន ការបរទេស និងអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស 

៥. លោក រី គា ដឹកនាំស្ថាប័ន អប់រំ បណ្ដុះបណ្ដាលធនធានមនុស្ស និងការងារ 

៦. លោកឡុង រី ដឹកនាំស្ថាប័ន សន្តិសុខជាតិ និងសុវត្ថិភាពប្រជាពលរដ្ឋ 

៧. លោកអ៊ុំ សំអាន ដឹកនាំស្ថាប័ន អធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍

៨. លោកអ៊ូ សាមឌី ដឹកនាំស្ថាប័ន ប្រជាធិបតេយ្យ យុត្តិធម៌សង្គម និងសិទ្ធិមនុស្ស ។

ថ្លែងប្រាប់ “នគរធំ” នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ លោកអ៊ុំ សំអាន បានបញ្ជាក់ថា ក្នុងនាមជាក្បាលម៉ាស៊ីន ១រូប ក្នុងចំណោមក្បាលម៉ាស៊ីន ទាំង៨រូប នៃរដ្ឋាភិបាលឯករាជ្យ ២៣តុលា ដូចខាងលើនេះ លោកមានការពេញចិត្តចូលរួមដឹកនាំរដ្ឋាភិបាលស្រមោលនេះ ដើម្បីការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការពារផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ ហើយក្នុងនាមលោកទទួលបន្ទុកកិច្ចការព្រំដែន លោកនឹងរៀបចំពាក្យបណ្ដឹង ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពីបញ្ហាព្រំដែនជាមួយថៃ ក្នុងពេលឆាប់ៗខាងមុខ ។

លោក អ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! មានការពេញចិត្តដើម្បីចូលរួមដឹកនាំរដ្ឋាភិបាល ២៣តុលា នេះ ដើម្បីការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការពារផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ ហើយក្នុងនាមខ្ញុំ ទទួលបន្ទុកកិច្ចការព្រំដែនហ្នឹង គឺយើងនឹងរៀបចំពាក្យបណ្ដឹង ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពីបញ្ហាព្រំដែនជាមួយថៃ ក្នុងពេលឆាប់ៗខាងមុខ ហើយបញ្ហាព្រំដែនជាមួយវៀតណាម អាហ្នឹងយើងនឹងពិភាក្សាគ្នាទៀតថា យើងធ្វើនៅពេលបន្ទាប់ទៀត ឬក៏នៅពេលដែលយើងកាន់រដ្ឋាភិបាលស្របច្បាប់ នៅប្រទេសកម្ពុជា តែម្ដង ។ អាហ្នឹងយើងអាចទាមទារយកកោះត្រល់ កោះក្រចកសេះ ដែនសមុទ្រខ្មែរយើង ចំនួន ១០ ០០០គីឡូម៉ែត្រការ៉េ ដែលជាតំបន់ទឹកប្រវត្តិសាស្រ្ត ជាមួយវៀតណាម ហើយដែនសមុទ្រខ្មែរយើង ៣០ ០០០គីឡូម៉ែត្រការ៉េ ដែលវៀតណាម កំពុងគ្រប់គ្រងហ្នឹង ហើយយើងនឹងឲ្យលុបចោលសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ដែលយកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ សម័យវៀតណាម ត្រួតត្រាហ្នឹង ហើយយើងសើរើការបោះបង្គោលព្រំដែនជាមួយវៀតណាម ឡើងវិញ ។ អាហ្នឹងនៅពេលអនាគតខាងមុខទេ ពេលយើងកាន់រដ្ឋាភិបាលស្របច្បាប់នៅប្រទេសកម្ពុជា តែម្ដង មិនមែនជារដ្ឋាភិបាលស្រមោល ដូចសព្វថ្ងៃទេ ។ រដ្ឋាភិបាលស្រមោល យើងគិតតែរឿងបញ្ហាព្រំដែនជាមួយថៃ សិន ហើយអាចនឹងរៀបចំពាក្យបណ្ដឹងទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីជួយដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ហើយប្ដឹងទៅ ICJ ហ្នឹង ក៏ពាក់ព័ន្ធព្រំដែនជាមួយថៃ ផងដែរ“ ។

លោក គឹម សុខ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ ដែលទទួលបន្ទុកដឹកនាំស្ថាប័ន យុទ្ធសាស្រ្ត និងរៀបចំប្រទេស នៃរដ្ឋាភិបាលឯករាជ្យ ២៣តុលា បានបញ្ជាក់តាមបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “បើមិនរំលាយគណបក្សសង្គ្រោះជាតិ CNRP ខែវិច្ឆិកា ឆ្នាំ២០១៧ នោះច្បាស់ណាស់ថា ចាប់ពីឆ្នាំ២០១៨ មកពេលនេះ លោក សម រង្ស៊ី គឺជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញ ។ លទ្ធផលបោះឆ្នោតឃុំ/សង្កាត់ ខែមិថុនា ឆ្នាំ២០១៧ ជាភស្ដុតាងបញ្ជាក់ការពិត ។ ដូច្នេះពេលនេះ ពុំមានអ្វីខុសទាស់ឡើយ ដែលលោក សម រង្ស៊ី ដឹកនាំបង្កើតរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ។ មូលដ្ឋានគ្រឹះ គឺថាលោក សម រង្ស៊ី គ្រាន់តែទៅកាន់តំណែងតួនាទីរបស់គាត់ ដែលប្រជាពលរដ្ឋខ្មែរ ភាគច្រើនធ្លាប់បានផ្ដល់ទំនុកចិត្តគាំទ្រគាត់ ខណៈពួករបបផ្ដាច់ការខុសច្បាប់នៅភ្នំពេញ បិទផ្លូវគាត់ មិនឲ្យទៅប្រកួតប្រជែង ។ ទោះខ្ញុំនឹងក្លាយជាសមាជិកម្នាក់ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ដែលដឹកនាំដោយលោក សម រង្ស៊ី ឬក៏ខ្ញុំពុំមានវត្តមានក្នុងរចនាសម្ព័ន្ធដឹកនាំ ឬក៏ខ្ញុំមិនពាក់ព័ន្ធអ្វីសោះក៏ដោយ ក៏ខ្ញុំនៅតែប្រកាន់ជំហរអះអាងដូចខាងលើនេះ ។ មូលហេតុអ្វី ? គឺព្រោះនេះជាការពិត“ ។

ក្នុងនាមក្បាលម៉ាស៊ីនដឹកនាំស្ថាប័នសេដ្ឋកិច្ច ហិរញ្ញវត្ថុ ប្រឆាំងអំពើពុករលួយ និងជួយពលរដ្ឋក្រីក្រ លោកសម រង្ស៊ី បានប្រកាសតាមបណ្ដាញសង្គមដែរថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស អាចដោះស្រាយបញ្ហាបូរណភាពទឹកដី និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ហើយថា រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា គឺជាជម្រើសថ្មីមួយ សម្រាប់ប្រជាជនខ្មែរ ដែលចង់បានការផ្លាស់ប្តូរ ៕ កុលបុត្រ

RELATED ARTICLES