Thursday, October 9, 2025
Homeព័ត៌មានជាតិរឿងព្រំដែនកម្ពុជា-ថៃ មេបក្សជំនាន់ថ្មីថា មិនអាចចរចាទ្វេភាគី ក្រៅពីប្ដឹងទៅ UNSC-ICJ

រឿងព្រំដែនកម្ពុជា-ថៃ មេបក្សជំនាន់ថ្មីថា មិនអាចចរចាទ្វេភាគី ក្រៅពីប្ដឹងទៅ UNSC-ICJ

ភ្នំពេញ ៖ មេបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានលើកឡើងថា រឿងជម្លោះព្រំដែនកម្ពុជា-ថៃ មកដល់ពេលនេះ មិនអាចនិយាយចរចាទ្វេភាគីបានទេ ក្រៅពីប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ព្រោះសៀម (ថៃ) មិនត្រឹមតែរំលោភបទឈប់បាញ់ដែលផ្ដួចផ្ដើមឡើងដោយប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ប៉ុណ្ណោះទេ ថែមទាំងមានបំណងលុបចោលអនុស្សរណៈឆ្នាំ២០០០ (MOU ២០០០) ទៀតផង ។

លោក មាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “រឿងព្រំដែនគោក និងទឹក ជាមួយសៀម មិនអាចនិយាយគ្នាបានតទៅទៀតទេ កម្រិតត្រឹមទ្វេភាគី ក្រៅពីដាក់ទៅភាគី UN & UNSC (ICJ) ខណៈសៀម នឹងមានបំណងលុបចោលនូវអនុស្សរណៈ MOU ឆ្នាំ២០០០“ ។

បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ថា កម្ពុជា នៅតែចង់បានមិត្តភាពប្រទេសជិតខាង សហប្រតិបត្តិការ សន្តិភាព ស្ថិរភាពតាមតំបន់ព្រំដែន ប៉ុន្តែពេលនេះ ជម្រើសល្អបំផុត កម្ពុជា លែងអាចនិយាយទ្វេភាគីបានហើយ វាដល់ពេលដែលយើងអត់ធ្មត់លែងបានហើយ គឺវាជាពេលដែលត្រូវការភាគីទី៣ ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តុលាការយុត្តិធម៌អន្តរជាតិ ក៏ដូចជាប្រទេសមហាអំណាច ដើម្បីដោះស្រាយនូវជម្លោះរ៉ាំរ៉ៃជាមួយប្រទេសថៃ ដែលរហូតដល់ថៃ ប្រកាន់ពូជសាសន៍ រើសអើង មើលងាយកម្ពុជា ជាប្រទេសទន់ខ្សោយ ដែលខ្លួនចង់រំលោភបំពានថ្ងៃណាមួយក៏បាន ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំចង់បញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ជាង ២ខែ មកនេះ យើងនិយាយតែក្រោយពីសង្រ្គាម ៥ថ្ងៃ ដែលឈ្លានពានដោយកងទ័ពសៀមជ្រុលនិយម នៅថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥  ហើយមានបទឈប់បាញ់គ្នា ដែលអន្តរាគមន៍ដោយប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក ហើយមានប្រធានវិលជុំ គឺប្រទេសម៉ាឡេស៊ី ដឹកនាំដោយនាយករដ្ឋមន្រ្តី អាន់វ៉ា អ៊ីប្រាហ៊ីម គឺថាយើងឃើញថា មានការឲ្យមានបទឈប់បាញ់គ្នា រំលងអធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឃើញមាន ១៣ចំណុច ដើម្បីឲ្យអនុវត្តបទឈប់បាញ់គ្នា ឲ្យមានប្រសិទ្ធភាព កុំឲ្យមានរំលោភបំពានគ្នា ។ អ៊ីចឹងហើយយើងឃើញថា ទោះបីមានការចរចា JBC ឬក៏ការចរចា GBC ការចរចាផ្នែកណា ដែលកន្លងមកឃើញមានពីរបីដំណាក់កាលហើយ មិនថាដំណាក់កាលថ្នាក់ជាតិ ដំណាក់កាលថ្នាក់ភូមិភាគ ។ ភូមិភាគ យើងឃើញថា នៅតំបន់ប៉ែកខាងភូមិភាគ៥ មានខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ហើយភូមិភាគ៤ មានខេត្តឧត្ដរមានជ័យ ព្រះវិហារ អីជាដើមហ្នឹង ។ អ៊ីចឹងយើងឃើញថា ថៃ តែងតែរំលោភនូវបទឈប់បាញ់គ្នា បញ្ហាបាញ់ចម្ពាមកៅស៊ូ បញ្ហាបាញ់ផ្សែងពុល ឬក៏រាយលួសបន្លា កង់ឡានអីហ្នឹង ចូលមករំលោភអធិបតេយ្យកម្ពុជា ទាក់ទងទៅនឹងផ្ទះប្រជាពលរដ្ឋ ឬក៏ចម្ការអំពៅអីហ្នឹង នៅតំបន់ភូមិជោគជ័យ ភូមិព្រៃចាន់ នៃឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងតំបន់ច្រកតាថាវ ខេត្តព្រះវិហារ ជាដើម សុទ្ធតែមានការរំលោភបំពានពីសំណាក់ភាគីថៃ រហូតដល់ប្រើកាំភ្លើងបាញ់ រំលោភបទឈប់បាញ់ហ្នឹង ធ្លាក់មកដីខ្មែរ នៅខេត្តព្រះវិហារ តំបន់អានសេះ អីជាដើមហ្នឹង“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “ អ៊ីចឹងយើងឃើញថា វាគ្មានប្រសិទ្ធភាព ខណៈដែលគេបានបិទច្រកព្រំដែន មុននឹងមានសង្រ្គាមកើតឡើង ហើយនិងល្មើសមកបាញ់កងទ័ពអី ដល់ទឹកដីខ្មែរ ។ អ៊ីចឹងទាំងអស់ហ្នឹងហើយ ដែលថៃ បានប្រើនូវសិទ្ធិឯកតោភាគី ។ អ៊ីចឹងការចរចាបែបណា យើងឃើញថា គ្មានប្រសិទ្ធភាព គ្មានការឲ្យតម្លៃ ឬក៏ស្ដាប់នូវឱសានវាទ ឬក៏សន្ធិសញ្ញា ឬក៏បទបញ្ជា ឬក៏បញ្ជាពីប្រធានាធិបតីសហរដ្ឋអាមេរិក ឡើយ គឺថា ថៃ នៅតែផ្គើន នៅតែគឃ្លើន បំពានមកលើកម្ពុជា ។ អ៊ីចឹងខ្ញុំថា ការជជែកជាទ្វេភាគីនេះ គឺកម្ពុជា អស់ការអត់ធ្មត់ ហើយបន្តការអត់ធ្មត់ មិនចង់ឲ្យមានការប្រតិកម្មណាឲ្យមានការកើតសង្រ្គាមឡើងវិញ ។ អ៊ីចឹងខ្ញុំថា កម្ពុជា ប្រហែលឬក៏អាចដាក់ពាក្យបណ្ដឹងទៅអង្គការសហប្រជាជាតិ ឬក៏តុលាការយុត្តិធម៌ទីក្រុងឡាអេ ហើយឬក៏យ៉ាងណា សុទ្ធតែយើងធ្វើការប៉ាន់ស្មាន សន្និដ្ឋានដឹងច្បាស់នៅឡើយ។ ប៉ុន្តែសម្រាប់ខ្ញុំ មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ខ្ញុំចង់ឃើញរដ្ឋាភិបាល បង្ហាញគោលជំហរទៅនឹងឆន្ទៈការពារនូវអធិបតេយ្យ ឯករាជ្យភាព បូរណភាពទឹកដី អព្យាក្រឹតនៃប្រទេសមួយ ហើយចង់ឃើញអតីតប្រទេសហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ នោះ ដែលសៀម ខ្លួនឯងនោះ ធានានឹងការពារមិនអាចរដ្ឋបរទេសណារំលោភបំពានបាន នៅក្នុងមាត្រា៥ ចំណុចទី៤ នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលយើងអនុវត្ត រហូតដល់កម្ពុជា ក្លាយទៅជាប្រទេសសេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ នៃរាជានិយម ឲ្យមានការបោះឆ្នោត ឆ្នាំ១៩៩៣ រហូតមកដល់ឥឡូវ ៧អាណត្តិហើយ ។ អ៊ីចឹងក្នុងនាមជារដ្ឋាភិបាល យើងត្រូវប្រើវិធីសាស្រ្តបែបណា ក្នុងនយោបាយការទូត នយោបាយការបរទេស ហើយប្រើច្បាប់អន្តរជាតិ ព្រោះវាអស់ការអត់ធ្មត់ វាមានតែការមើលងាយមើលថោក ញាំញីយ៉ាងគឃើ្លន ផ្គើនទៅនឹងកម្ពុជា ពីសំណាក់ខាងប្រទេសសៀម ដែលតែងតែអួតអាងថា ខ្លួនមានអំណាចផ្នែកយោធា មានសេដ្ឋកិច្ចរឹងមាំ ហើយកម្ពុជា ជាប្រទេសទន់ខ្សោយសេដ្ឋកិច្ច ប្រទេសតូច ។ អ៊ីចឹងគឺថា វារំលោភទៅនឹងអធិបតេយ្យ គ្មានប្រទេសតូច ប្រទេសធំ ប្រទេសមហាអំណាច ឬប្រទេសក្រីក្រណា ប្រទេសអន់ថយណាមួយ ដែលជាសមាជិកអង្គការសហប្រជាជាតិ ហើយត្រូវបានមើលងាយ មើលថោកគ្នានោះទេ គឺតម្លៃច្បាប់ ស្មើមុខស្មើមាត់គ្នា“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងខ្ញុំថា មានមធ្យោបាយ នយោបាយការទូត ហើយការទូតទៀត យើងធ្វើយ៉ាងម៉េចឡបប៊ី បញ្ចុះបញ្ចូលឲ្យអន្តរជាតិ ពិសេសស្ថាប័នអង្គការសហប្រជាជាតិ ដែលជាការឃ្លាំមើលផ្នែកសេនាធិការនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏ដូចជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ ១៩០៧ ជាមួយនឹងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ខ្ញុំថាទាំងអស់ហ្នឹងហើយ ដែលជាច្បាប់រឹងមាំក្នុងការរកដំណោះស្រាយ ហើយយើងមើលឃើញថា ប្រទេសសៀម កំពុងតែបង្កើតនូវអរិភាព ផ្ទុយពីអ្វីដែលកម្ពុជា គ្រាន់តែធានាចង់បានសន្តិភាព ចង់ការពារនូវអធិបតេយ្យរបស់ខ្លួន ដែលមានការរំលោភបំពានពីសំណាក់បរទេសឈ្លានពាន យើងថាជាសត្រូវឈ្លានពានក៏ថាបាន ព្រោះអាហ្នឹងមកមើលងាយមើលថោក រំលោភបំពានអធិបតេយ្យយើងហើយ ។ អ៊ីចឹងខ្ញុំថា ជម្រើសល្អបំផុត គឺថាយើងលែងនិយាយទ្វេភាគីហ្នឹងហើយ វាដល់ពេលដែលយើងធ្វើការអត់ធ្មត់លែងបាន ប៉ុន្តែយើងនៅតែចង់បានមិត្តភាពប្រទេសជិតខាង សហប្រតិបត្តិការ សន្តិភាព ស្ថិរភាពតាមតំបន់ព្រំដែនអីអ៊ីចឹងទៅ តែពេលនេះ គឺថាវាជាពេលដែលត្រូវភាគីទី៣ ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តុលាការយុត្តិធម៌អន្តរជាតិ ក៏ដូចជាប្រទេសមហាអំណាចណា ដើម្បីដោះស្រាយនូវជម្លោះរ៉ាំរ៉ៃ ជម្លោះរហូតដល់ប្រកាន់ពូជសាសន៍ រើសអើង មើលងាយកម្ពុជា ជាប្រទេសទន់ខ្សោយ ប្រទេសមួយដែលខ្លួននឹងអាចរំលោភបំពានថ្ងៃណាមួយក៏បាន គឺថាកម្ពុជាក៏ជាពលរដ្ឋដែលមានមនសិការជាតិ ឧត្ដមគតិ ស៊ូស្លាប់ដើម្បីការពារអធិបតេយ្យរបស់ខ្លួន“ ៕ កុលបុត្រ

RELATED ARTICLES