Thursday, October 9, 2025
Homeព័ត៌មានជាតិអ្នកនយោបាយខ្មែរថា ១៨ឆ្នាំទៀត កម្ពុជាអាចទិញយន្តហោះបំបាំងកាយ B-2 spirit

អ្នកនយោបាយខ្មែរថា ១៨ឆ្នាំទៀត កម្ពុជាអាចទិញយន្តហោះបំបាំងកាយ B-2 spirit

ភ្នំពេញ ៖ អ្នកនយោបាយខ្មែរ មកពីគណបក្សខ្មែរតែមួយ និងជាប្រធានប្រតិភូឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី លោកបណ្ឌិត គុជ លី បានលើកឡើងថា ១៨ឆ្នាំទៀត កម្ពុជា អាចទិញយន្តហោះបំបាំងកាយ B-2 spirit របស់សហរដ្ឋអាមេរិក ដើម្បីការពារខ្លួន ពីការឈ្លានពានរបស់ប្រទេសជិតខាង។

លោកបណ្ឌិត គុជ លី បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “យើងគាំទ្រទិញផលិតផលខ្មែរ ដើម្បីជួយសេដ្ឋកិច្ចជាតិរបស់យើង ឲ្យរីកចម្រើនខ្លាំង។ ១៨ឆ្នាំ ខាងមុខទៀត ខ្មែរធ្វើបាន! ខ្មែរអាចទិញ B-2 spirit ដើម្បីការពារខ្លួន» ។ ភូមិសាស្រ្តនយោបាយរបស់មហាអំណាចអាមេរិក ចាប់ផ្តើមប្តូរយុទ្ធសាស្រ្តទូតរបស់ខ្លួន នៅស្រុកចោរសៀម។ គ្មានហេតុផលណាមួយដែល USA បិទទូតរបស់ខ្លួន ដោយសារអត់ថវិកានោះទេ បើសិនពួកសៀម នៅតែបន្តរំលោភបទឈប់បាញ់ និងចិញ្ចឹមចិត្តឈ្លានពានទឹកដីខ្មែរបន្តទៀត គឺសង្គ្រាមភូមិសាស្រ្តរវាង usa&china ក្នុងសរមភូមិសង្គ្រាមព្រំដែនខ្មែរ-សៀម ចៀសមិនផុត“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត គុជ លី បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ថា “តាមពិតទៅ ខ្ញុំសរសេរក្នុងហ្វេសប៊ុក នេះ ចង់ឌឺដងឲ្យថៃ ទេ ប៉ុន្តែខ្ញុំព្យាយាមសាកល្បងគំនិតផ្ទាល់ខ្លួន ព្រោះអាហ្នឹងវាពាក់ព័ន្ធទៅនឹងនយោបាយអន្តរជាតិ ប៉ុន្តែដោយសារក្នុងនាមខ្ញុំជាអ្នកនយោបាយម្នាក់ ព្យាយាមពន្យល់ពីការយល់ដឹងអំពីភូមិសាស្រ្តនយោបាយ ដែលបានកើតឡើង គឺពាក់ព័ន្ធនឹងបញ្ហាសង្រ្គាម យើងចាត់ទុកថា សង្រ្គាមឈ្លានពានរវាងប្រទេសសៀម មកលើកម្ពុជា គឺផ្ដើមឡើងពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ គឺបានបាញ់សម្លាប់កងទ័ពយើងម្នាក់ សួន រ៉ោន ។ អាហ្នឹងគឺជាចំណុចចាប់ផ្ដើម ។ បន្ទាប់មក នៅថ្ងៃទី២៤ កក្កដា រហូតដល់ថ្ងៃទី២៨ កក្កដា គឺជាសង្រ្គាមឈ្លានពានមួយដ៏កាចសាហាវដែលមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០០៨ ដែលយើងធ្វើ MOU ជាមួយនឹងសៀម មក ។ យើងសូមប្រៀបធៀបបន្តិច ព្រោះអាហ្នឹងវាពាក់ព័ន្ធនឹងភូមិសាស្រ្តនយោបាយ ។ អ៊ីចឹងហើយ យើងមើលឃើញថា ឆ្នាំ២០០៨ សង្រ្គាមហ្នឹង ខ្ញុំក៏បានចូលរួមសង្កេតឃើញថា មានការប្រើប្រាស់សម្ភារៈនិងអាវុធទំនើបអីផ្សេងៗ គឺស្រុកសៀម អត់ទាន់មានអាវុធក្នុងការប្រើប្រាស់ទេ ។ អ៊ីចឹងហើយ បានយើងមើលឃើញថា ចំពោះ F16 នៃការប្រើប្រាស់ក្នុងសង្រ្គាមឆ្នាំ២០២៥ ពីថ្ងៃទី២៤ ដែលចាប់ផ្ដើមមកនេះ សៀម គឺបានទិញយន្តហោះចម្បាំង Gripen របស់ប្រទេសស៊ុយអែត ហ្នឹង គឺចន្លោះពីឆ្នាំ២០២៥ នេះ បើព័ត៌មានខ្ញុំមិនច្រឡំ ។ អ៊ីចឹងយើងមើលឃើញថា សៀម វាទើបធ្វើទំនើបកម្មសព្វាវុធ ហើយនិងអាវុធវាផ្សេងៗ នៅក្នុងប្រទេសវា គឺវាមិនមែនមានន័យថា វាត្រៀមខ្លួនដើម្បីធ្វើសង្រ្គាមជាមួយកម្ពុជា ទេ ព្រោះយើងមើលឃើញថា ស្រុកសៀម នេះ វាមានជម្លោះព្រំដែនជុំវិញទាំងអស់ គឺទាំងប្រទេសកម្ពុជា ប្រទេសលាវ ភូមា ហើយនិងប្រទេសម៉ាឡេស៊ី ។ អ៊ីចឹងហើយ គឺត្រៀមលក្ខណៈដើម្បីធ្វើសង្រ្គាមឈ្លានពានមកលើទឹកដីប្រទេសគេ ហើយយើងងាកមកប្រទេសកម្ពុជា របស់យើងវិញ យើងឃើញថា សង្រ្គាមរយៈពេល ៥ថ្ងៃ ពីថ្ងៃ២៤ កក្កដា រហូតដល់យើងចរចាបទឈប់បាញ់ សៀម នៅតែរំលោភបំពានបទឈប់បាញ់មកលើប្រទេសកម្ពុជា“ ។

លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្តថា “អ៊ីចឹងសំណេររបស់ខ្ញុំ ខ្ញុំចង់ប្រៀបធៀបទៅឲ្យយុវជនជំនាន់ក្រោយ ឬក៏ឪពុកម្ដាយជំនាន់ក្រោយ សូមឲ្យពិនិត្យគិតដល់យុវជន មានន័យថា កើតង៉ា ពីឥឡូវទៅ ឆ្នាំ២០២៥ ទៅ បាន ១៨ឆ្នាំទៅ គឺយុវជនមានលក្ខណៈគ្រប់គ្រាន់ក្នុងការការពារជាតិមាតុភូមិ និងទឹកដី ។ យើងប្រៀបធៀបពី ២០០៨ រហូតដល់ ២០២៥ វា១៧ឆ្នាំ អ៊ីចឹងវាដូចជា ១៨ឆ្នាំអ៊ីចឹង យុវជនកំពុងពេញវ័យ គឺចាប់ផ្ដើមធ្វើសង្រ្គាម អាយុហ្នឹង ។ អ៊ីចឹងហើយ សង្រ្គាមភូមិសាស្រ្តនយោបាយនេះ វាកើតឡើងចន្លោះពី១០ឆ្នាំ ទៅ១៥ឆ្នាំ ២០ឆ្នាំ ។ មានន័យថា ចាប់ពី១០ឆ្នាំឡើងមក គឺអាចមានសង្រ្គាមភូមិសាស្រ្តនយោបាយ ហើយយើងក្រឡេកមើលទៅសិក្សាភូមិសាស្រ្តនយោបាយ ១០ឆ្នាំឡើងទៅលើ គឺត្រូវតែមានសង្រ្គាមរវាងប្រទេសនីមួយៗ នៅលើពិភពលោកតែម្ដង ។ អ៊ីចឹងហើយ ត្រលប់មកវិញ អ្វីដែលខ្ញុំសរសេរពាក់ព័ន្ធទៅនឹង B-2spirit យន្តហោះបំបាំងកាយចុងក្រោយទំនើបកម្មរបស់អាគាំងនេះ គឺជាយន្តហោះមួយលឿនមែនទែន ស្ដាប់សំឡេងនៅឯណេះ គឺខ្លួនទៅដល់ឯណោះហើយ ។ អ៊ីចឹងហើយ យើងចង់ធ្វើការប្រៀបប្រៀបធៀបថា ប្រទេសសៀម កំពុងតែមានបញ្ហាភូមិសាស្រ្តនយោបាយ នៅពេលដែលចិន បានធ្វើសមយុទ្ធយោធារបស់ខ្លួន នៅថ្ងៃទី១៥ កញ្ញា ថ្មីៗនេះ គឺធ្វើឲ្យប្រទេសអាគាំងហ្នឹង ចាប់ផ្ដើមមានការពិចារណាទៅលើដៃគូ ។ មានន័យថា ជាមិត្ត ឬក៏ជាដៃគូ ឬក៏គេហៅថាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អាគាំង ជាមួយនឹងប្រទេសថៃ តាំងពីយើងបង្កើតសេអាតូ មុនដំបូងបំផុត គឺអាមេរិក ជាអ្នកផ្ដើមគំនិតហ្នឹងតែម្ដង រហូតដល់អាស៊ាន សព្វថ្ងៃ“ ។

លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្តទៀតថា “យ៉ាងណាមិញ នៅពេលដែលភូមិសាស្រ្តចាប់ផ្ដើមងាក ឃើញថា ប្រទេសចិន មកធ្វើសមយុទ្ធ មានន័យថា សមយុទ្ធបង្កប់ន័យពីយុទ្ធសាស្រ្តនៃការធ្វើសង្រ្គាម បង្ហាញអំពីការប្រើប្រាស់សព្វាវុធ បង្ហាញអំពីទំនើបកម្មអាវុធផ្សេងៗ ជាពិសេសគឺអាចនាំចូលផ្សេងៗទៀតដោយស្របច្បាប់ ។ អ៊ីចឹងហើយ វាគ្មានរឿងអីចម្លែកសម្រាប់នៅលើពិភពលោក ដែលគេធ្វើកម្មវិធីសមយុទ្ធនៅប្រទេសនេះ នៅប្រទេសនោះ គឺជាសមយុទ្ធដើម្បីបង្រៀនយុទ្ធសាស្រ្តធ្វើសង្រ្គាម ។ អ៊ីចឹងហើយ អាមេរិក កំពុងតែព្រួយបារម្ភថា បាត់ចិនហ្នឹង គឺបានលូកដៃកកូរកកាយផ្ទៃក្នុង ក្នុងតំបន់ភូមិសាស្រ្តនយោបាយរបស់ខ្លួន ដែលយកប្រទេសថៃ ធ្វើជាទីតាំងដៃគូយូរហើយ ។ អ៊ីចឹងបារម្ភតែថៃហ្នឹង បោះបង់ចោល ហើយយកចិន ធ្វើដៃគូ ។ តាមពិតទៅ ការកត់សម្គាល់ ឬក៏វិភាគរបស់ខ្ញុំ នៃភូមិសាស្រ្តនយោបាយរវាងប្រទេសកម្ពុជា និងថៃ ខ្ញុំមើលឃើញថា ថៃ ជាមួយនិងចិន គេហៅថា មិត្តគ្រួសារ (family friendship) មានន័យថា គេអាចគិតគូរឲ្យល្អហ្មត់ចត់ ដែលយើងឃើញថា ដើមកំណើតថៃ ហ្នឹងក៏ជនជាតិតៃ ខាងត្បូងចិន ហ្នឹង ដែលជាភាគរយច្រើន គឺជនជាតិចិន មករស់នៅ កុលសម្ព័ន្ធតៃ វាអាចក្លាយជាថៃ ។ អ៊ីចឹងហើយ វាមានដើមកំណើតឈាមជ័រជាចិន ច្រើន ខុសពីខ្មែររបស់យើង ហើយថៃ វាលួចតែវប្បធម៌ខ្មែរ របស់យើង ទៅប្រើប្រាស់ទាំងស្រុងទេ ប៉ុន្តែឈាមជ័រ គឺចិន ។ អ៊ីចឹងហើយ ការសង្កេតរបស់ខ្ញុំ ជាលក្ខណៈភូមិសាស្រ្តហ្នឹងហើយ បានចិន មានចេតនាប្រើពាក្យរំលេចដើម្បីបង្ហាញពីការឈឺចាប់របស់អាគាំង គឺថា family friendship ។ អ៊ីចឹងហើយ មិត្តភាពជាលក្ខណៈគ្រួសារនេះ ក៏បង្ហាញថា ចិន មានសាច់ឈាមនេះជាងអាគាំង ។ អ៊ីចឹងអាហ្នឹងគឺជាការបញ្ឆោត បញ្ចើចបញ្ចើ ដើម្បីឲ្យអាគាំងខឹង ។ អ៊ីចឹងហើយ ត្រលប់មកវិញ យើងមើលឃើញថា ស្ថានទូតអាគាំង នៅលើពិភពលោក រួមទាំងប្រទេសថៃ ដែរ បានប្រកាសបិទ ក្ស័យធនក្នុងសេវាទិដ្ឋាការ ឬក៏សេវាផ្សេងៗ មិនមានថវិកាសម្រាប់ផ្គត់ផ្គង់ បម្រើហ្នឹង វាស្ទើរតែទូទៅទាំងស្រុងនៅក្នុងប្រទេសថៃ និងបណ្ដាប្រទេសផ្សេងៗ គឺត្បៀតចំពោះថវិកា ។ អ៊ីចឹងការតឹងរ៉ឹងចំពោះថវិកានេះ គឺជាចិត្តសាស្រ្តមួយ ដើម្បីគាបសង្កត់ប្រទេសសៀម ថាកុំឲ្យឆ្វេចឆ្វាច កុំឲ្យងាកទៅរកសម្ព័ន្ធមិត្តជាមួយនឹងប្រទេសចិនឲ្យសោះ“ ។

លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្ថែមថា “អ៊ីចឹងហើយ បានសហរដ្ឋអាមេរិកបន្ថែមការផលិត B-2spirit ហ្នឹង កាន់តែច្រើនឡើង ។ អ៊ីចឹងខ្ញុំចង់ប្រៀបធៀបថា នៅក្នុងប្រទេសកម្ពុជា របស់យើងហ្នឹង ដែលយើងធ្លាប់តែជាមិត្តដែកថែប ហើយមិត្តដែកថែបរបស់យើងនេះ គឺជាមិត្តចិន ប៉ុន្តែចុងក្រោយ មិត្តចិន បានបង្ហាញទង្វើហាក់ដូចជាមិនសមរម្យមួយទាល់តែសោះ នៅក្នុងការទៅចូលរួមគាំទ្រជាមួយនឹងពួកចោរសៀម ដែលកំពុងតែវ៉ៃយើង គឺធ្វើទំនើបកម្មសព្វាវុធតែម្ដង។ ប៉ុន្តែនេះជាភូមិសាស្រ្តនយោបាយ វាជារឿងប្រទេសមហាអំណាច គេគិតតែពីរឿងប្រយោជន៍ផ្ទាល់ខ្លួនរបស់គេ អាហ្នឹងយើងនិយាយក្នុងរូបភាពប្រទេសកម្ពុជា។ ប៉ុន្តែចំពោះចិន គេអត់គិតដូចខ្ញុំនិយាយនោះទេ ព្រោះគេគិតតែពីរឿងប្រយោជន៍ បើប្រទេសណាទិញសព្វាវុធ កម្មង់សព្វាវុធទាំងឡាយណា ចិន គេលក់ឲ្យទៅ ចំណេញសម្រាប់ប្រទេសគេតែប៉ុណ្ណឹង ។ អ៊ីចឹងហើយ ដូចប្រទេសកម្ពុជា ខ្ញុំបានប្រៀបធៀបថា ១៨ឆ្នាំ ទៅមុខទៀត បើកម្ពុជា រួមទាំងឪពុកម្ដាយ និងគ្រួសារ មានការយកចិត្តទុកដាក់ចំពោះប្រទេសជាតិ ជាពិសេសវិស័យកងទ័ព វិស័យយោធាហ្នឹង គឺពង្រឹងទៅ យើងអាចថា ១៨ឆ្នាំទៀត យើងអាចសន្សំទិញកាំភ្លើងបានហើយ ។ មិនត្រឹមតែប៉ុណ្ណឹង ឲ្យតែអាគាំង បានលក់ B-2spirit ឲ្យហ្នឹង ក៏យើងមានលទ្ធភាពក្នុងការទិញដែរ ពីព្រោះសព្វថ្ងៃហ្នឹង ឲ្យតែប្រទេសសម្ព័ន្ធភាពជាមួយនឹងប្រទេសណាក៏ដោយ គឺមហាអំណាច ក៏គេអាចចរចានិងលក់អាវុធឲ្យដែរ គឺយើងធ្លាប់ទិញសម្ភារៈជាមួយចិន សព្វាវុធជាមួយចិន ។ អ៊ីចឹងហើយ ក្នុងការប្រកួតភូមិសាស្រ្តនយោបាយជាមួយចិន និងអាមេរិក ក្នុងប្រទេសកម្ពុជា នេះ ខ្ញុំគិតថា វាពិតជាមាន ពីព្រោះចិន កន្លងមក ធ្លាប់ធ្វើសមយុទ្ធជាមួយប្រទេសកម្ពុជា ។ ដល់អ៊ីចឹងហើយ នៅពេលចិន ធ្វើសមយុទ្ធជាមួយថៃ អាមេរិក ចាប់ផ្ដើមមានការសង្ស័យ ហើយបន្ទាប់ពីសង្ស័យ គឺសន្និដ្ឋានយកថា ចិន ហ្នឹងកំពុងជ្រៀតជ្រែកលើភូមិសាស្រ្តនយោបាយ“ ។

លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្ថែមថា “អ៊ីចឹងឆ្លៀតឱកាសហ្នឹង អាមេរិក ចាប់ផ្ដើមដើរតួនាទីដ៏សំខាន់មួយ ការកត់សម្គាល់របស់ខ្ញុំឃើញថា ទៅទីណាក៏ដោយ លោកដូណាល់ ត្រាំ បាននិយាយពីប្រទេសកម្ពុជា និងប្រទេសសៀម ដែលបានបាញ់គ្នា ហើយបាននិយាយអំពីសៀម នៅតែរំលោភបទឈប់បាញ់ ។ អ៊ីចឹងហើយ យើងស្ដាប់ភាសាអន្តរជាតិ ចិន មិនដែលបាននិយាយអំពីកម្ពុជា ថា ថៃ រំលោភពីការឈប់បាញ់ទេ អ្វីក៏អត់និយាយដែរ ឬមួយខ្ញុំចន្លោះប្រហោង ខ្ញុំមិនដឹងទេ តែចំពោះប្រធានាធិបតីត្រាំ គឺទៅណាក៏ដោយ គឺនិយាយរហូត ។ រហូតដល់ប្រជុំអង្គការសហប្រជាជាតិ ចុងក្រោយ ក៏និយាយអំពីខ្មែរដែរ ថាថៃ នៅតែបន្តរំលោភការឈប់បាញ់ អ៊ីចឹងគាត់អំពាវនាវឲ្យគោរពបទឈប់បាញ់ ។ អ៊ីចឹងបង្ហាញឲ្យឃើញថា ភូមិសាស្រ្តនយោបាយនេះ គឺមានន័យថា សៀម ក៏មិនសូវជាទុកចិត្តសហរដ្ឋអាមេរិក ប៉ុន្មានដែរ ។ អ៊ីចឹងហើយ បានយើងមើលឃើញថា ភូមិសាស្រ្តនយោបាយសហរដ្ឋអាមេរិក មិនមែនចង់បានប្រទេសកម្ពុជា ធ្វើជាភូមិសាស្រ្តនយោបាយទេ ក៏ប៉ុន្តែសហរដ្ឋអាមេរិក គឺចង់បង្ហាញអំពីជំហរនៅលើពិភពលោកនេះ គឺនៅក្នុងតំបន់អាស៊ាន ថាកុំឲ្យប្រទេសចិន ពង្រីកនូវភូមិសាស្រ្តនយោបាយរបស់ខ្លួន នៅទីតាំងរបស់ខ្លួន គឺនៅប្រទេសថៃ តែម្ដង ពីព្រោះនៅប្រទេសកម្ពុជា របស់យើង បើសិនជាយើងយោងទៅតាមចិត្តសាស្រ្តនិងនយោបាយឈ្នះ-ឈ្នះ របស់តេជោ ហើយតទៀតនយោបាយចម្រុះពណ៌របស់សម្ដេចតេជោ ខ្ញុំមើលឃើញថា ជំហររបស់កម្ពុជា គឺប្រើនយោបាយចម្រុះពណ៌ មិនប្រកាន់នយោបាយទៅលើអ្នកណាទេ បើយើងប្រៀបធៀបទៅនឹងរដ្ឋធម្មនុញ្ញរបស់យើង មាត្រា៥៣ គឺបានចែងយ៉ាងច្បាស់ហើយ ប្រទេសកម្ពុជា មិនចូលបក្សសម្ព័ន្ធ គឺអព្យាក្រឹត ។ អ៊ីចឹងហើយ ក៏ជារដ្ឋធម្មនុញ្ញមួយ ដែលចងជើងឲ្យប្រទេសកម្ពុជា មិនអាចធ្វើសង្រ្គាមជាមួយនឹងដៃគូបានឡើយ គឺធ្វើសង្រ្គាមជើង១ ។ ដូច្នេះយើងឃើញថា សង្រ្គាមរយៈពេល៥ថ្ងៃនេះ ២៤ ដល់២៨ កក្កដា ឆ្នាំ២០២៥ ក៏យើងបាញ់គ្នាជាមួយសៀម ហ្នឹងគឺមានន័យថា យើងបាញ់សង្រ្គាមជើង១ ហើយ ព្រោះថា ដោយសាររដ្ឋធម្មនុញ្ញរបស់យើង បានចងជើងយើង មិនអាចមានសម្ព័ន្ធភាពណាមកជួយបានឯណា ។ បើនៅសហរដ្ឋអាមេរិក គេមានសម្ព័ន្ធភាពដ៏ធំ គឺណាតូ ។ វាមិនខុសពីប្រទេសរុស្ស៊ី ទេ គឺសង្រ្គាមជើង១ ។ អ៊ីចឹងកម្ពុជា យើងមានរដ្ឋធម្មនុញ្ញ មាត្រា៥៣ហ្នឹង គឺចងជើងយើងតែម្ដង ។ អ៊ីចឹងលក្ខណៈភូមិសាស្រ្តនយោបាយហ្នឹងហើយ ដែលធ្វើឲ្យប្រទេសកម្ពុជា កាន់តែរួមចង្អៀតឡើង ទៅថ្ងៃអនាគត បើសិនជារាជរដ្ឋាភិបាល មិនពង្រឹងខ្លួនឯងទេ គឺពង្រឹងវិស័យយោធា ឲ្យរឹងមាំទៅថ្ងៃអនាគតទេ គឺប្រទេសសៀម ធ្វើបច្ចុប្បន្នភាព ហើយនិងទំនើបកម្មសព្វាវុធ នឹងអាចទំនើបជាងកម្ពុជា ១០០ដង។ ហ្នឹងហើយជាការមានប្រៀបក្នុងការធ្វើសង្រ្គាម ។ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ យើងមើលឃើញថា សង្រ្គាមកម្ពុជា ហើយនិងថៃ នេះ វាចូលដល់សង្រ្គាមលក្ខណៈរ៉ាំរ៉ៃភូមិសាស្រ្តនយោបាយ ដោយសារជ្រៀតជ្រែកពីប្រទេសមហាអំណាច ព្រោះប្រទេសមហាអំណាច សហរដ្ឋអាមេរិក ធ្លាប់ចោទថា ប្រទេសកម្ពុជា មានការលាក់បាំងនូវភូមិសាស្រ្តនយោបាយ នៅតំបន់កោះកុង តារាសាគរ របស់យើង គឺជាកន្លែងកងទ័ពរបស់ចិន មកជាមូលដ្ឋានតែម្ដង ។ អ៊ីចឹងហើយ វាធ្វើឲ្យមានការលំបាកសម្រាប់ប្រទេសកម្ពុជា ក្នុងការតបតជាមួយនឹងប្រទេសសៀម“ ។

លោកបណ្ឌិត គុជ លី បានមានប្រសាសន៍បន្ថែមទៀតថា “អ៊ីចឹងត្រលប់មកវិញ វារាងវែងឆ្ងាយចាកពីអាយុ១៨ឆ្នាំ ១៨ឆ្នាំទៅខាងមុខ ដែលខ្ញុំថា ឲ្យប្រជាពលរដ្ឋខ្មែរ ត្រៀមខ្លួនទិញសម្ភារៈអាគាំង ដើម្បីការពារខ្លួន គេហៅថា B-2spirit ហ្នឹង សម្រាប់ទៅថ្ងៃអនាគត ក៏ប៉ុន្តែរឿងនេះ វាពាក់ព័ន្ធនឹងភូមិសាស្រ្តនយោបាយ គឺខ្ញុំធ្វើអត្ថាធិប្បាយរាងវែងបន្តិច ។ ប៉ុន្តែសរុបមកវិញ យើងឃើញថា ភូមិសាស្រ្តនយោបាយសម្រាប់កម្ពុជា បច្ចុប្បន្ន កម្ពុជា នៅឈរបានល្អផ្នែកការទូត យើងមើលឃើញការអត់ធ្មត់របស់កម្ពុជា គឺជាភាពចាស់ទុំមួយក្នុងការទូត ។ សូម្បីខ្ញុំ ក៏មានការកោតសរសើរដែរ ចំពោះឯកឧត្ដមប្រាក់ សុខុន ជារដ្ឋមន្រ្តីក្រសួងការបរទេស ថ្លែងការណ៍នៅអង្គការសហប្រជាជាតិ មិនបាននិយាយអំពីឈ្មោះថៃ នៅក្នុងអង្គការសហប្រជាជាតិទេ តែលោកបានមានប្រសាសន៍ថា ប្រទេសជិតខាង កំពុងតែឈ្លានពាន ហើយមិនគោរពនូវការឈប់បាញ់ ។ អ៊ីចឹងលក្ខណៈភាសាការទូតនេះ ធ្វើឲ្យអ្នកស្ដាប់នៅក្នុងអង្គសន្និបាតអង្គការសហប្រជាជាតិហ្នឹង គឺគេយល់ឃើញថា កាលណាយើងមិនប្រើឈ្មោះប្រទេស ក ខ គ ឃ ង ទៅនិយាយចំប្រទេសសៀម ដែលឈ្លានពានមកប្រទេសកម្ពុជា នេះគេហៅថា ការទូតអន្តរជាតិកម្រិតខ្ពស់បំផុត ដែលយើងចេះប្រើប្រាស់ ធ្វើឲ្យគេយល់ឃើញថា យើងជាប្រទេសតូច មានសមត្ថភាពគ្រប់គ្រាន់ ហើយប្រទេសកម្ពុជា ពោរពេញទៅដោយធនធានមនុស្ស បើយើងប្រៀបធៀបទៅនឹងថៃ វា៧០លាននាក់ កម្ពុជា តែ១៧លានាក់ យើងចេះអត់ធ្មត់ យើងប្រើពាក្យសម្ដីឲ្យបានពីរោះ ។ អ៊ីចឹងពិភពលោក គេនឹងស្គាល់តាមពាក្យ Don’t Thai to me ហើយយើងនឹងឃើញថា បច្ចប្បន្នភាពថៃ ប្រជាជនក៏ដោយ ថ្នាក់ដឹកនាំក៏ដោយ យើងឃើញថា គ្មានថ្នាក់ដឹកនាំមួយណាល្អទេ ឡើងប្ដូរនាយករដ្ឋមន្រ្តី មួយណាមក ក៏នាយករដ្ឋមន្រ្តី ក្លាយទៅជាសង្គមតិរច្ឆាន ។ អ៊ីចឹងផ្សារភ្ជាប់បន្តិចហ្នឹងដែរ ក៏សូមថ្កោលទោសចំពោះរូបវីដេអូមួយ នៅថ្ងៃនេះ (៦តុលា) គឺសម្ដេចតេជោ ហ៊ុន សែន បានបង្ហោះ យើងមើលឃើញថា នេះគឺជាទង្វើអសីលធម៌ខ្លាំងណាស់ ប៉ូលិសម្នាក់ ដែលបានយករូបសម្ដេចតេជោ ហ៊ុន សែន ទៅដាក់សម្រាប់ធ្វើជាកម្សាន្ត បាញ់ស៊ីបលេង វាបង្ហាញថា ប្រទេសមួយហ្នឹង ជាសង្គមតិរច្ឆាន ជាប្រទេសតិរច្ឆាន កាន់តែខ្លាំង បង្ហាញនូវទង្វើអសីលធម៌នៅពិភពលោក ក្លាយជាប្រទេសស៊ីវិល័យ ប៉ុន្តែចុងក្រោយ គឺគ្មានសមត្ថភាពនៅក្នុងការដឹកនាំប្រទេស រួមទាំងប្រជាជនខ្លួនឯង ។ អ៊ីចឹងសរុបមកវិញ ខ្ញុំយល់ឃើញថា ប្រទេសកម្ពុជា រាជរដ្ឋាភិបាល ត្រូវតែពង្រឹងវិស័យកងទ័ពហ្នឹងឲ្យបានរឹងជាទីបំផុត បើខ្លួនឯងមិនខ្លាំងទេ គ្មានប្រទេសណាជួយទេ ។ អ៊ីចឹងខ្លាំងទី១ គឺធ្វើម៉េច ឲ្យប្រជាពលរដ្ឋរបស់យើងមានសមត្ថភាពក្នុងការបណ្ដុះបណ្ដាល ជាពិសេសគឺសាកលវិទ្យាល័យក្រសួងការពារជាតិហ្នឹង គួរបើកចំហឲ្យនិស្សិតចូលរៀនឲ្យបានច្រើន ហើយនិងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ យុវជន ចូលរៀននៅក្នុងសាកលវិទ្យាល័យការពារជាតិនេះ ហើយសូមឲ្យអនុវត្តកាតព្វកិច្ចយោធា ដែលរាជរដ្ឋាភិបាល សម្ដេចបវរធិបតី បានប្រកាសថាអនុវត្តឆ្នាំក្រោយ ។ អនុវត្តកាតព្វកិច្ចយោធាហ្នឹង ក៏ជាការចាំបាច់ ហើយលើកទឹកចិត្តដល់និស្សិត បញ្ញវន្ត ចូលរួមក្នុងវិស័យការពារជាតិនេះ គឺជាកត្តាចាំបាច់បំផុត លើសការឧបត្ថម្ភលើអ្វីផ្សេង ឲ្យតែមានការលើកទឹកចិត្ត មានន័យថា វិស័យយោធា កាន់តែរឹងមាំ ហើយយើងអាចប្រកួតប្រជែង ១៨ឆ្នាំក្រោយ មកជាមួយនឹងប្រទេសជិតខាង មិនត្រឹមតែសៀម ទេ យើងឃើញថា អាខាងកើត អាខាងជើង ក៏ដោយ គឺសុទ្ធតែមានបំណងឈ្លានពានទឹកដីប្រទេសកម្ពុជា ទាំងអស់“ ។

គួរបញ្ជាក់ថា យន្តហោះ B-2 Spirit គឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុនធ្ងន់ របស់អាមេរិក ដែលប្រើប្រាស់បច្ចេកវិទ្យាបំបាំងកាយ ដែលអាចសង្កេតបានទាប ដើម្បីជ្រាបចូលទៅក្នុងប្រព័ន្ធការពារប្រឆាំងយន្តហោះដ៏ទំនើប។ វាត្រូវបានគេសំដៅជាញឹកញាប់ថាជាអ្នកបំផ្ទុះគ្រាប់បែកបំបាំងកាយ ។ B-2 ត្រូវបានរចនាឡើងដោយ Northrop (ក្រោយមក Northrop Grumman ) ជាអ្នកម៉ៅការសំខាន់ ដោយមាន Boeing , Hughes និង Vought ជាអ្នកម៉ៅការបន្តសំខាន់ ។ វាត្រូវបានផលិតពីឆ្នាំ១៩៨៨ ដល់ឆ្នាំ២០០០។ ការផលិតយន្តហោះនេះនីមួយៗ មានតម្លៃជាមធ្យម ៧៣៧លានដុល្លារអាមេរិក ខណៈដែលការចំណាយលើលទ្ធកម្មសរុប (រួមទាំងការផលិតគ្រឿងបន្លាស់ បរិក្ខារ ការជួសជុលឡើងវិញ និងការគាំទ្រផ្នែកទន់) ជាមធ្យម ៩២៦លានដុល្លារ (១.១ពាន់លានដុល្លារ) ក្នុងមួយគ្រឿង។  ដើមទុនដ៏ច្រើនសន្ធឹកសន្ធាប់ និងថ្លៃដើមប្រតិបត្តិការរបស់គម្រោងនេះ បានធ្វើឱ្យវាមានភាពចម្រូងចម្រាសនៅក្នុងសភាសហរដ្ឋអាមេរិក សូម្បីតែមុនពេលបញ្ចប់សង្រ្គាមត្រជាក់ បានកាត់បន្ថយយ៉ាងខ្លាំងនូវបំណងប្រាថ្នាចង់បានយន្តហោះបំបាំងកាយដែលត្រូវបានរចនាឡើង ដើម្បីវាយប្រហារយ៉ាងជ្រៅនៅក្នុងទឹកដីសូវៀត ។ ហេតុដូច្នេះហើយ នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ សមាជិកសភាអាមេរិក បានកាត់បន្ថយការទិញយន្តហោះទម្លាក់គ្រាប់បែកដែលបានគ្រោងទុក ចំនួន ១៣២គ្រឿង មកត្រឹម ២១គ្រឿង។

B-2 អាចបំពេញបេសកកម្មវាយប្រហារនៅរយៈកម្ពស់រហូតដល់ 50 000 feet (15 000 m) វាអាចហោះហើរបានច្រើនជាង 10 000 nautical miles (19 000 km) ជាមួយនឹងការចាក់សាំងនៅកណ្តាលអាកាស។ វាបានដាក់ឲ្យបម្រើការ ក្នុងឆ្នាំ១៩៩៧ ជាយន្តហោះទី២ ដែលត្រូវបានរចនាឡើងដោយបច្ចេកវិទ្យាបំបាំងកាយទំនើប បន្ទាប់ពីយន្តហោះវាយប្រហារ Lockheed F-117 Nighthawk ។ ជាយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-2 ត្រូវបានប្រើប្រាស់ជាលើកដំបូង ក្នុងការប្រយុទ្ធដើម្បីទម្លាក់គ្រាប់បែកធម្មតា និងមិនមែននុយក្លេអ៊ែរ នៅក្នុងសង្គ្រាមកូសូវ៉ូ ក្នុងឆ្នាំ១៩៩៩ ។ ក្រោយមក វាត្រូវបានប្រើនៅក្នុងប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន លីប៊ី យេម៉ែន និងអ៊ីរ៉ង់ ៕ កុលបុត្រ

RELATED ARTICLES